(ភ្នំពេញ)៖ សិក្ខាសាលាផ្សព្វផ្សាយពីការជួញដូរលើវិស័យ «ឧបករណ៍និស្សន្ទ» តាមបណ្ដាខេត្តដែលរៀបចំដោយ គណៈកម្មការមូលបត្រកម្ពុជា និងក្រុមហ៊ុនខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង បានសបញ្ជាក់អំពីការអភិវឌ្ឍន៍ឥតឈប់ឈរ លើវិស័យនេះកាន់តែខ្លាំងខ្លានៅប្រទេសកម្ពុជា។

សិក្ខាសាលាតាមបណ្ដាខេត្តចំនួន៥នេះ របស់គណៈកម្មការមូលបត្រកម្ពុជា និងក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង បានបញ្ចប់ដោយជោគជ័យដោយមានការចូលរួមពី សិក្ខាកាមរាប់រយនាក់ និងបានរៀបចំឡើងក្នុងខេត្តចំនួន៥រួមមាន៖ ខេត្តព្រះសីហនុ, ខេត្តកំពង់ចាម, ខេត្តសៀមរាប, ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។

សិក្ខាសាលានេះមានការចូលរួមពីលោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា, លោក សៀង ធីរិទ្ធ អគ្គនាយករងនៃ គណៈកម្មការមូលបត្រកម្ពុជា, លោក សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា, លោកស្រី ឆាយ លក្ខិណា អគ្គនាយិកាក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង, លោកស្រី Jen Tran និងលោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង, លោកស្រី Monisa Yang អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង និងមន្ត្រីជាន់ខ្ពស់មកពី សភាពាណិជ្ជកម្ម ព្រមទាំងស្ថាប័នរដ្ឋ និងឯកជនជាច្រើនផងដែរ។

សិក្ខាសាលាតាមបណ្ដាខេត្តប្រចាំឆ្នាំ២០១៨នេះ ជាព្រឹត្តិការណ៍សំខាន់ និងដំបូងគេបង្អស់របស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា ដែលប្រព្រឹត្តទៅនៅតាមបណ្តាខេត្ត និងជាគំនិតផ្តួចផ្តើមល្អមួយ ក្នុងការបន្តផ្សព្វផ្សាយអំពីទីផ្សារឧបករណ៍និស្សន្ទ លើគ្រប់ទិដ្ឋភាពទាំងអស់ដោយបន្ថែមតម្លៃដ៏ធំធេង លើភាពទូលំទូលាយនៃ ការយល់ដឹងពីទីផ្សារមួយនេះ និងបង្កើតវេទិកាសម្រាប់អភិវឌ្ឍធនធានមនុស្ស សកម្មភាពហិរញ្ញវត្ថុ និងស្ថានភាពសេដ្ឋកិច្ច។

លោក ស៊ូ សុជាតិ​ បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ ការជួញដូរឧបករណ៍និស្សន្ទនៅគ្រប់ផ្នែកទាំងអស់ នៃប្រទេសកម្ពុជា និងជួយសម្រួលដល់ការរីកចម្រើននៃ ទីផ្សារស្របច្បាប់។ ដើម្បីការពារវិនិយោគិនគណៈកម្មការមូលបត្រកម្ពុជា កំពុងខិតខំធ្វើឱ្យពួកគេស្គាល់ក្រុមហ៊ុនឈ្មួញជើងសារ ដែលចុះបញ្ជីត្រឹមត្រូវ និងលើកទឹកចិត្តក្រុមហ៊ុនទាំងនោះ ឱ្យបន្តអនុវត្តវិធីសាស្ត្រគ្រប់គ្រងហានិភ័យ និងគោលនយោបាយការពារវិនិយោគិន។

លោក សុខ ដារ៉ា បានឲ្យដឹងថា រយៈពេល៣ឆ្នាំកន្លងមកនេះទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា បានរីកចម្រើនគួរឱ្យកត់សម្គាល់គឺ ទាក់ទងនឹងបរិមាណជួញដូរ, ចំនួនតួអង្គក្នុងទីផ្សារ និងបទប្បញ្ញត្តិ។

លោកបន្ដថា «រាល់ការវិនិយោគតែងមានហានិភ័យ ហើយកាលណាហានិភ័យកាន់តែខ្ពស់ ការតបស្នងនឹងកាន់តែច្រើន។ ការធ្វើពិពិធកម្មលើការវិនិយោគជា យុទ្ធសាស្រ្តសំខាន់ក្នុងការកាត់បន្ថយហានិភ័យ»

លោក Lawrence Kook ឲ្យដឹងថា «ក្រុមហ៊ុនរួមទាំងខ្ញុំពិតជាមានសេចក្តីរីករាយ ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ទាក់ទងនឹងវិស័យឧបករណ៍និស្សន្ទ ដល់អ្នកចូលរួមនៅក្នុងសិក្ខាសាលាតាមបណ្ដាខេត្តនេះ មិនថាពួកគេស្ថិតនៅទីណា, កន្លែងណានោះទេ វិនិយោគិនកម្ពុជាសមនឹងទទួលបានការអប់រំ ពីការវិនិយោគក៏ដូចជាបង្ហាញ និងការគាំទ្រក្នុងការចាប់យកឱកាសវិនិយោគឱ្យបានប្រសើរ»

លោកបន្ដថា «សិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់ ហើយខ្ញុំសូមថ្លែងអំណរគុណ ដល់គណៈកម្មការមូលបត្រកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ។ ដូចដែលខ្ញុំធ្លាប់បាននិយាយថា ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា មានសក្តានុពលដ៏អស្ចារ្យ ហើយខ្ញុំរីករាយដែលបានជំរុញឱ្យ ក្រុមហ៊ុនឈ្មួញជើងសាអន្តរជាតិ ទទួលបានអាជ្ញាបណ្ណនៅប្រទេសកម្ពុជានេះ»

សូមជម្រាបថា ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង បានចូលរួមសិក្ខាសាលាជាមួយនឹងគណៈកម្មការមូលបត្រកម្ពុជា គ្រប់គោលដៅទាំងអស់ ក្នុងនោះក្រុមហ៊ុនបានបង្កើតនូវព្រឹត្តិការណ៍ផ្សេងៗទាក់ទងនឹងចំណេះដឹង ដែលត្រូវបានចូលរួមដោយអ្នកជំនាញហិរញ្ញវត្ថុជាតិ និងអន្តរជាតិ ដើម្បីផ្តល់ការអប់រំដល់សាធារណជនកម្ពុជាថែមទៀត។

បន្ថែមពីនេះក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង ក៏មានវត្តមាននៅលើឆាកអន្តរជាតិផងដែរ ជាក់ស្តែងក្រុមហ៊ុន បានចូលរួមក្នុងពិព័រណ៍អន្ដរជាតិនៅប្រទេសសៃប្រឺស (Cyprus) កាលពីដើមឆ្នាំនេះកន្លងទៅ ហើយក្រុមហ៊ុនបន្ដមានវត្តមានរបស់ខ្លួន ក្នុងកិច្ចប្រជុំកំពូលទីក្រុងឡុងប្រចាំឆ្នាំ២០១៨ (2018 London Summit) នៅប្រទេសអង់គ្លេសកាលពីខែមុនផងដែរ៕

 

 

សិក្ខាសាលារបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា ក្នុងខេត្តបន្ទាយមានជ័យ

សិក្ខាសាលារបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា ក្នុងខេត្តបាត់ដំបង

សិក្ខាសាលារបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា ក្នុងខេត្តកំពង់ចាម

សិក្ខាសាលារបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា ក្នុងខេត្តព្រះសីហនុ

សិក្ខាសាលារបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា ក្នុងខេត្តសៀមរាប