(ភ្នំពេញ)៖ ពលរដ្ឋខ្មែរជាងមួយសែននាក់បាននាំគ្នាសម្រុកចូលទៅបណ្តាល័យជាតិក្នុងរយៈពេលបីថ្ងៃនៅឯពិធីរតាំងពិព័ណ៌សៀវភៅនាចុងសប្តាហ៍នេះ។
លោកស្រី ខ្លូត វិបុលឡា ប្រធានបណ្ណាល័យជាតិកម្ពុជាបានថ្លែងថា ឆ្នាំនេះផ្អើលអ្នកអានសៀវភៅស្ទើរទូទាំងប្រទេសដោយសារតែនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន ដែលលោកបានផ្តល់អំណោយមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត នោះគឺសៀវភៅជូនដល់អ្នកចូលចិត្តអានទាំងអស់មកពីគ្រប់ខេត្តក្រុងក្នុងរយៈពេលបីថ្ងៃទី៧-៩ ខែធ្នូ ឆ្នាំ២០១៨។
លោកស្រីបន្តថា «រៀងរាល់ឆ្នាំបើទោះជាចំនួនអ្នកចូលរួមមានការកើនឡើង តែមិនផ្ទុះដូចឆ្នាំនេះឡើយ ហើយសន្ទុះនេះបានធ្វើឱ្យយើងមានក្តីសង្ឃឹមណាស់ថាផ្នត់គំនិតរបស់ពលរដ្ឋយើង ជាពិសេសយុវជនចាប់ផ្តើមបែរមករកការអានហើយ។ ខ្ញុំសូមថ្លែងអំណរគុណខ្លាំងណាស់ដល់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យក្តីស្រម័យនិងការចង់បានរបស់មនុស្សរាប់សែន រាប់លាននាក់ឱ្យក្លាយជាការពិត»។
លោកស្រី ក៏បានថ្លែងអំណរគុណដល់និស្សិតស្ម័គ្រចិត្តជាង២០០នាក់ដែលបានជួយឱ្យការតាំងពិព័ណ៍ឆ្នាំនេះប្រព្រឹត្តទៅដោយរលូននិងជោគជ័យ។
សៀវភៅចំនួន៨ម៉ឺនក្បាលដែលជាអំណោយរបស់សម្តេច ហ៊ុន សែន មានបីចំណងជើង៖ សៀវភៅស្រីហិតោបទេស សៀវភៅក្រមង៉ុយ និងសៀវភៅ អ៊ូ ចុង ដែលត្រូវបានរៀបចំចែកចាយដោយសហភាពសហព័ន្ធយុវជនកម្ពុជា។
ក្មួយស្រី ស្រ៉ឺ ជែនីហ្វឺ ម្ចាស់តូបលក់សៀវភៅលេខ៣៦ បាននិយាថា ឆ្នាំនេះ ក្មួយលក់សៀវភៅបានច្រើនជាងឆ្នាំណាៗទាំងអស់ឬអាចនិយាយមួយបែបថាគុណបីដងធៀបនឹងឆ្នាំមុន។
ក្មួយស្រីបានបន្តថា «តាមខ្ញុំយល់ អ្នកចូលរួមច្រើនណែនណាន់តាន់តាប់នៅឆ្នាំនេះ ដោយសារគេចាប់អារម្មណ៍ខ្លាំងទៅលើសៀវភៅដែលចែកជូនដោយសម្តេច ហ៊ុន សែន ព្រោះសៀវភៅទាំងអស់សុទ្ទតែល្អៗ ជួយដល់ការអប់រំទាំងផ្លូវកាយនិងផ្លូវចិត្ត និងជាពិសេសសីលធម៌និងធម៌ដែលនាំទៅដល់សេចក្តីសុខ»។
ក្នុងរយៈពេលបីថ្ងៃនេះ មានអ្នកចូលរួមសរុបជាង១៣ម៉ឺននាក់។ ឆ្នាំទៅមានអ្នកចូលរួមតែ៥ម៉ឺន១ពាន់នាក់ប៉ុណ្ណោះ៕