(ភ្នំពេញ)៖ កីឡាករម៉ូតូទឹក សាលី អ៊ូមើត ម្ចាស់មេដាយមាសកីឡាអាស៊ី Asian Games 2018 បានធ្វើឲ្យកក្រើកឆាកអន្ដរជាតិជាថ្មីទៀតហើយ ដោយនៅរសៀលថ្ងៃទី០៩ ខែធ្នូនេះ អ៊ូមើត ដណ្ដើមបានជើងឯក ក្នុងព្រឹត្តិការណ៍ King Cup-Jet Ski World Cup 2018 នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ។ នេះយោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ។
ប្រភពខាងលើ បានបញ្ជាក់ថា ការដណ្ដើមបានជើងឯក ដើម្បីលើកទន់ជាតិខ្មែរ លើឆាកអន្ដរជាតិនេះ សាលី អ៊ូមើត ធ្វើសម្រេចលើវិញ្ញាសា Ski Modifier ដូចកាលខ្លួន ដណ្ដើមបានមេដាយមាស Asian games 2018 នៅឥណ្ឌូនេស៊ីដែរ ។ តែអ្វីដែលពិសេស គឺ អ៊ូមើត បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួត ៤ជុំជាប់ៗគ្នា ដើម្បីក្លាយជាជើងឯកប្រចាំព្រឹត្តិការណ៍កម្រិតពិភពលោកនេះតែម្ដង ។
លើសពីនេះ កីឡាករ ម៉ីន មូសស្ដាន ដែលជាប្អូនជីដូនមួយរបស់ សាលី អ៊ូមើត និងទើបដណ្ដើមបានចំណាត់ថ្នាក់លេខ៣ ក្នុងវិញ្ញាសា Amateur Ski limited កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូកន្លងទៅ ក៏ដណ្ដើមបានចំណាត់ថ្នាក់លេខ៣ ក្នុងវិញ្ញាសា Ski Modifier ផងដែរ ក្នុងចំណោមកីឡាករជើងខ្លាំងៗចំនួន ១២នាក់ ដែលបានចូលរួមលើវិញ្ញាសាស្គីឈរនេះ៕