(ឥណ្ឌូនេស៊ី)៖ ជាការបើកទំព័រថ្មី លើកិច្ចសហការលើកកំពស់ធនធានមនុស្សដល់ប្រទេសសមាជិក ICMA, សមាគមបញ្ញវន្តមុស្លីមឥណ្ឌូណេស៊ី (ICMI) ទទួលបានការជ្រោមជ្រែងពី ក្រុុង Lampung កោះស៊ូម៉ាត្រា នឹងបើកទូលាយផ្តល់អាហារូបករណ៍ជាច្រើនកន្លែង ដល់ប្រទេសជាសមាជិក ICMA រួមមានកម្ពុជា និងប្រទេសចំនួន១០ផ្សេងទៀត ក្នុងអាស៊ីអាគ្នេយ៍ សម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សានៅទីក្រុងកោះនេះ ដែលមានសាកលវិទ្យាល័យរដ្ឋ៨ និងឯកជនសរុបដល់ទៅ១១៦។
នេះបើយោងតាមការបញ្ជាក់របស់ លោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលទទួលបន្ទុកកិច្ចការអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្ស នៃសហភាពបញ្ញវ័ន្តមុស្លិមកម្ពុជា កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨។
លោកបន្តថា «យើងនឹងបន្តការទំនាក់ទំនងលម្អិតបន្ថែមទៀត ជាមួយ ICMI ដើម្បីទទួលបានកូតាអាហារូបករណ៍ ក្នុងចំនួនណាមួយច្បាស់លាស់ និងជំនាញអទិភាពដែលតម្រូវការចាំបាច់សម្រាប់កម្ពុជាក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេស»។
ជាមួយគ្នានេះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងការកោតសរសើរដល់ភាគីម្ចាស់ផ្ទះ ICMI ចំពោះការផ្តួចផ្តើមឲ្យកកើតចេញជារូបរាង ICMA សំដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តុំបញ្ញវ័ន្តក្នុងប្រទេសអាស៊ីអាគ្នេយ៍ ឆ្ពោះទៅរកការអភិវឌ្ឍន៍ចំណេះដឹង ជំនាញ ជាពិសេសផ្តល់ឱកាសដល់ប្រទេសសមាជិក បានទាញយកផលប្រយោជន៍ទ្រទ្រង់វិស័យផ្សេងៗ ដែលចាំបាច់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។
តបទៅនឹងការបើកទំព័រថ្មី លើករណីផ្តល់អាហាររូបករណ៍ពីរដ្ឋាភិបាល ក្រុង Lampung មកកាន់ប្រទេសសមាជិកICMA លោកទេសរដ្ឋមន្ត្រី អូស្មាន់ ហាស្សាន់ បានថ្លែងអំណរគុណ និងស្នើផ្តល់អទិភាពដល់ភាគីកម្ពុជា ឲ្យបានទទួលកាន់តែច្រើនកាន់តែប្រសើរ ខណៈវិស័យអប់រំ គឺជាវិស័យចាំបាច់ ក្នុងចំណោមវិស័យអទិភាពនានា ដែលរាជរដ្ឋាភិបាលកម្ពុជាបានកំពុងយកចិត្តទុកដាក់បំផុត៕