(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីរាជការមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងក្រុមយុវជនជាច្រើនរូប ចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតកម្លាំងពលកម្ម នៅភូមិគូលែនជើង ឃុំគូលែន ស្រុកគូលែន ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានថ្លែងអរគុណមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង៣ ដែលបានរួមចំណែកជាមួយអាជ្ញាធរខេត្ត ចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋនៅពេលនេះ ដែលជាហេតុធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ បានកាត់បន្ថយការចំណាយថវិកាមួយផ្នែក ក្នុងការជួលកម្លាំងពលកម្មផងដែរ។
លោក អ៊ុន ចាន់ដា បានបន្តទៀតថា ឆ្នាំនេះផ្ទៃដីស្រែរបស់បងប្អូនប្រជាពលរដ្ឋចំនួន ៩០,០០០ហិកតា កើនជាងឆ្នាំមុន ហើយទិន្និផលស្រូវ ក៏កើនជាងឆ្នាំមុនដែរ។ ការកើនឡើងនូវផ្ទៃដីស្រែរបស់ប្រជាពលរដ្ឋនេះ គឺផ្អែកទៅលើការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការកសាងប្រពន្ធ័ធារាសាស្ត្រ និងផ្លូវគមនាគមន៍។
ជាមួយគ្នានោះ លោក អ៊ុន ចាន់ដា ក៏ថ្លែងកោតសរសើរដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ដែលបានយកចិត្តទុកដាក់ខ្ពស់ ជួយប្រជាកសិករ ចុះផ្ទាល់ជាមួយប្រជាកសិករ ចងក្រងបង្កើតជាសហគម និងរកទីផ្សារជូនប្រជាកសិករថែមទៀតផង។ ដោយឡែកនៅក្នុងរដូវប្រាំងនេះ លោកអភិបាលខេត្ត អ៊ុន ចាន់ដា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវធ្វើការប្រុងប្រយ័ត្នខ្ពស់ ចំពោះហានិភយ័ផ្សេងៗ ដែលកើតឡើងជាយថាហេតុ ដូចជាគ្រោះរាំងស្ងួត និងអគ្គិភ័យ។
លោកបានបញ្ជាក់ទៀតថា ជាពិសេសត្រូវចេះថែរក្សាប្រភពទឹក ដើម្បីស្រោចស្រពដំណាំ និងការប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗ ហើយលោកសង្កត់ធ្ងន់ថា បើកន្លែងណាមួយត្រូវការសង្រ្គោះបន្ទាន់ ពេលជួបភាពរាំងស្ងួត បងប្អូនប្រជាពលរដ្ឋត្រូវរាយការណ៍ ជូនអាជ្ញាធរភូមិ ឃុំ ស្រុកឲ្យបានលឿន ដើម្បីខេត្តចុះជួយអន្តរាគមន៍ បានទាន់ពេលវេលា។
ដោយឡែកលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានឲ្យដឹងថា ឆ្នាំនេះមានក្រុមហ៊ុនចំនួន៤ បានចុះកិច្ចសន្យាទិញស្រូវសរីរាង្គ ពីបងប្អូនប្រជាពលរដ្ឋមានចំនួន ២៧,០០០តោន មានការកើនឡើងបើប្រៀបធៀបឆ្នាំ២០១៧។ តម្លៃស្រូវឆ្នាំនេះ ក៏មានការកើនឡើងដែរ ដែលស្រូវល្អតម្លៃ ១,៥២០រៀល ទៅតម្លៃ ១,៥៨០រៀល ចំណែកស្រូវធម្មតាតម្លៃ ១,១០០រៀល ទៅ១២០០រៀលផងដែរ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានបន្តទៀតថា គិតត្រឹមថ្ងៃនេះ ក្រុមហ៊ុនទិញស្រូវតាមកិច្ចសន្យា ទើបតែប្រមូលទិញបានត្រឹម៣០%ប៉ុណ្ណោះ៕