(បាត់ដំបង)៖ អ្នកបើកម៉ូតូ៣នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីពួកគេព្យាយាមបើកម៉ូតូជែងរថយន្ត ជាអកុសលពេលបានទៅប៉ះនឹងចង្កូតម៉ូតូដទៃ បណ្តាលឲ្យដួល និងខ្ទាតចូលក្រោមរថយន្ត។
មន្ត្រីនគរបាលទទួលផ្នែកចរាចរណ៍បានឲ្យដឹងថា នៅយប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិគោកពន្លៃ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនរងគ្រោះបានបើកម៉ូតូ១គ្រឿងម៉ាក Dream125 បើកក្នុងល្បឿនលឿន។ ពេលដល់ចំណុចកើតហេតុ បានបើកជែងរថយន្ត១គ្រឿង ម៉ាកហ្វុយសូ មកពីទិសប៉ៃលិន ក្នុងទិសដៅច្រាស់ទិសគ្នា ហើយរ៉េចង្កូតទៅប៉ះដៃចង្កូតម៉ូតូ១គ្រឿងទៀតម៉ាកឃ្លីក ខ្ទាតបោកចូលក្រោមរថយន្ត បណ្តាលឲ្យស្លាប់៣នាក់ភ្លាមៗតែម្តង។
បន្រភពបន្តថា អ្នកបើកបររថយន្តគេមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ព្រោះក្រោយកើតហេតុបានរត់គេចខ្លួនបាត់។ ដោយឡែកឯមធ្យោបាយទាំង៣គ្រឿង ត្រូវសមត្ថកិច្ចអូសយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ខេត្ត រង់ចាំដោះស្រាយតាមច្បាប់ជាក្រោយ។ ចំពោះអ្នកស្លាប់ទាំង ៣នាក់ ត្រូវបានសមត្ថកិច្ចទាក់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕