(ត្បូងឃ្មុំ)៖ ក្នុងពិធីសំណេះសំណាល និងពិសារបាយសាមគ្គី ជាមួយលោកគ្រូ-អ្នកគ្រូ ជាមន្ត្រីការិយាល័យអប់រំ លោកនាយក នាយករង វិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សាទូទាំងក្រុងសួង លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា លោកគ្រូ-អ្នកគ្រូ គឺជាវីរជនបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់អភិវឌ្ឍន៍សង្គមជាតិទាំងមូល និងជាឪពុកម្តាយទី២ របស់សិស្សានុសិស្សគ្រប់ៗគ្នា។
ពិធីសំណេះសំណាលនេះ បានធ្វើឡើងបន្ទាប់ពីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាក្រុង ឆ្នាំសិក្សា២០១៧-២០១៨ និងលើកទិសដៅការងារបន្ត ឆ្នាំសិក្សា២០១៨-២០១៩ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង នារសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨។
លោក ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់ថា ធនធានមនុស្សពិតជាមានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍សង្គមជាតិ ហើយអ្នកដែលដើរតួលើការងារបណ្តុះបណ្តាលធនធានមនុស្ស គឺលោកគ្រូ អ្នកគ្រូ ដែលជាអាណាព្យាបាលទី២នេះហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកពួកគាត់ គឺជាវីរជនបណ្តុះបណ្តាលធនធានមនុស្សសម្រាប់អភិវឌ្ឍន៍សង្គមជាតិទាំងមូល។
លោកអភិបាលខេត្តដែលទើបចូលកាន់តំណែងកាលពីខែមុនរូបនេះ បានបន្តថា «ជាទូទៅលោកគ្រូ អ្នកគ្រូទាំងអស់ពិតជាបានខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការបង្ហាត់បង្រៀនដល់សិស្ស ដោយធ្វើយ៉ាងណាឲ្យពួកគេទទួលបានចំណេះដឹង ចំណេះធ្វើគ្រប់គ្នា។ ក្នុងនោះមួយចំនួនធំ ត្រូវបានទៅបន្តការសិក្សានៅក្រៅប្រទេស ដើម្បីក្រេបយកចំណេះដឹង មកអភិវឌ្ឍន៍ជីវភាពគ្រួសារ និងសង្គមជាតិទាំងមូល»។
ឆ្លៀតក្នុងឱកាសនោះ អភិបាលខេត្តត្បូងឃ្មុំ ក៏បានស្នើដល់អ្នកគ្រូ លោកគ្រូទាំងអស់ មេត្តាយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងឡើងថែមទៀត ធ្វើយ៉ាងណាបណ្តុះបណ្តាលយុវជនជំនាន់ក្រោយឲ្យកាន់តែមានចំណេះដឹង និងចំណេះធ្វើប្រសើរពីមួយជំនាន់ ទៅមួយជំនាន់ ដែលជាដើមទុនធនធានមនុស្សរុញច្រានខឿនសេដ្ឋកិច្ច និងការអភិវឌ្ឍកម្ពុជាកាន់តែរីកចម្រើន។
លោកបន្ដទៀតថា លោកគ្រូ-អ្នកគ្រូ ត្រូវពន្យល់ណែនាំសិស្សានុសិស្សទាំងអស់ ឲ្យរស់នៅមានអនាម័យ ព្រោះថាសព្វថ្ងៃនេះ បញ្ហាបរិស្ថាន គឺជាបញ្ហាមួយចាំបាច់សម្រាប់មនុស្សគ្រប់ដែលត្រូវយកចិត្តទុកដាក់បំផុត។ ជាពិសេសប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ រួមគ្នាចូលរួមសំអាតបរិស្ថានទូទាំងខេត្បូងឃ្មុំ ក៏ដូចជាទូទាំងក្រុងសួង ដើម្បីសុខភាព សោភ័ណភាព និងប្តេជ្ញាឈានឆ្ពោះទៅចាប់យកផ្ការំដួល ២ ឬ ៣ទង ក្នុងការប្រលងប្រណាំងទីក្រុងស្អាត៕