(ប៉ៃលិន)៖ លោក ហែម ឫទ្ធី អភិបាលរងខេត្តប៉ៃលិន បានស្នើឲ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងគ្រប់ភាគីពាក់ព័ន្ធនៅក្នុងខេត្តប៉ៃលិន រួមគ្នាបំផុសគំនិត និងពន្យល់ណែនាំប្រជាពលរដ្ឋអំពីផលលំបាកកើតឡើងដោយសារជំងឺអេដស៍ និងឲ្យពួកគេចេះការពារ ទប់ស្កាត់ និងត្រូវចេះប្រើស្រោមអនាម័យពេលមានដៃគូខាងក្រៅ ដើម្បីជៀសវាងការចម្លងជំងឺអេដស៍។
ការស្នើយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលលោក ហែម ឫទ្ធី អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០១៨ ក្រោមប្រធានបទ «យើងប្តេជ្ញារួមគ្នា បញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥» ដែលរៀបចំធ្វើឡើងនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨។
ក្នុងពិធីនេះមានការចូលរួមពីលោកវេជ្ជបណ្ឌិត តែង គន្ធី អគ្គលេខាធិការអាជ្ញាជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ប្រធាន-អនុប្រធានមន្ទីរជំវិញខេត្ត អភិបាលរងក្រុង-ស្រុក លោក-លោកស្រី តំណាងឲ្យអង្គការគ្រប់ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋជាច្រើននាក់។
លោក ហែម ឫទ្ធី បានលើកឡើងថា «ដើម្បីចូលរួមអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សូមថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបំផុសគំនិត និងពន្យល់ណែនាំអំពីជំងឺអេដស៍ ឲ្យចេះការពារ ទប់ស្កាត់ និងត្រូវចេះប្រើស្រោមអនាម័យ១០០% ដើម្បីជៀសវាងការចម្លងជំងឺអេដស៍ ហើយបញ្ចប់បញ្ហាអេដស៍ នៅឆ្នាំ២០១៥»។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា សព្វថ្ងៃនេះ ស្ថានភាពរីករាលដាលនៃមេរោគអេដស៍នៅក្នុងប្រទេសកម្ពុជា មានការថយចុះបានឈានដល់ដំណាក់កាលមួយ គឺអត្រាប្រេវ៉ាឡង់នៃមេរោគអេដស៍ ក្នុងចំណោមប្រជាជនពេញវ័យចាប់ពីអាយុ ១៥ឆ្នាំ ទៅ ៤៥ឆ្នាំ ហើយបើតាមការអង្កេតឈាម អត្រាឆ្លងរាលដាលបានថយចុះពី២% ក្នុងឆ្នាំ១៩៩៨ មកនៅត្រឹម ០.៨% ក្នុងឆ្នាំ២០១០ និង ០.៦% ក្នុងឆ្នាំ២០១៣។
ក្នុងឱកាសនោះផងដែរ លោក ហែម ឬទ្ធី ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ សូមកុំរើសអើងអ្នកកើតជំងឺអេដស៍ ផ្ទុកមេរោគអេដស៍ ព្រោះថាជំងឺអេដស៍មិនឆ្លងតាមការមើលឃើញ ឬការរស់នៅជាមួយគ្នានោះទេ គឺវាឆ្លងតាមរយៈការរួមភេទ និងប្រើប្រាស់វត្ថុមុតស្រួច ឬសារាំងរួមគ្នាតែប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិត តែង គន្ធី អគ្គលេខាធិការអាជ្ញាជាតិប្រយុទ្ធ នឹងជំងឺអេដស៍ បានថ្លែងថា ទិវាពិភពលោកប្រយុទ្ធ និងជំងឺអេដស៍ ០១ធ្នូ ឆ្នាំ២០១៨នេះ គឺត្រូវចូលរួមទាំងអស់គ្នា ត្រូវប្តេជ្ញាចិត្តយ៉ាងមុតមាំ ចូលរួមទុបស្កាត់ និងកាត់បន្ថយការឆ្លងរីករាលដាល នៃមេរោគអេដស៍ និងជំងឺអេដស៍ ដោយឈរលើគោលការណ៍សិទ្ធិមនុស្ស និងការធ្វើឲ្យសម្រេចបាននូវការទទួលសេវាជាសាកលរបស់អង្គការសហប្រជាជាតិ។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ជំងឺអេដស៍ជាជំងឺមួយ ដែលពុំទាន់មានឱសថការពារ និងព្យាបាលឲ្យជាសះស្បើយនៅឡើយទេ។ ជំងឺនេះ បាននិងកំពុងរីករាលដាល និងបណ្តាលឲ្យមានគ្រោះថ្នាក់បំផុតសម្រាប់បុគ្គល គ្រួសារ សហគមន៍ សង្គមជាតិ ក៏ដូចជាពិភពលោកទាំងមូល ជាពិសេសផលលំបាក នៃជំងឺនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការអភិវឌ្ឍន៏ប្រទេសជាតិ តាមការរយៈការបាត់បង់នូវធនធានមនុស្ស និងសេដ្ឋកិច្ចសង្គមផងដែរ។
បើតាមរបាយការណ៍របស់ លោកគ្រូពេទ្យ អាង នាង ប្រធានមន្ទីសុខាភិបាលខេត្តប៉ៃលិន បានឲ្យដឹងថា នៅខេត្តប៉ៃលិន បើផ្អែកតាមការធ្វើតេស្តឈាម រកមេរោគអេដស៍ដោយស្ម័គ្រចិត្ត និងរក្សាការសម្ងាត់ដោយជួសឈាម ចុងម្រាមដៃបានបង្ហាញថា ត្រឹម ៣ត្រីមាស ឆ្នាំ២០១៨ ក្នុងចំណោមអ្នកដែលបានធ្វើតេស្តឈាមចំនួន ៣,៣៤៤នាក់ មានអ្នកផ្ទុកមេរោគអេដស៍ចំនួន ២០នាក់ គិតជាភាគរយស្មើនឹង ០.៦%។
ក្នុងនោះស្រ្តីមានផ្ទៃពោះ បានធ្វើតេស្តឈាម លើកទី០១ បានចំនួន ១០០% មានផ្ទុកមេរោគអេដស៍ចំនួន ០.០១% ក្នុងចំណោមទារកប្រឈម ដែលកើតពីម្តាយផ្ទុកមេរោគអេដស៍ចំនួន ១០០នាក់ និងមានសេវាព្យាបាលជំងឺឱកាសនិយម ព្រមទាំងឱសថប្រឆាំងមេរោគអេដស៍ដែលទទួលអ្នកជំងឺសកម្ម មកដល់ត្រីមាសទី៣ ឆ្នាំ២០១៨ អត្រាស្លាប់ចំនួន ១.២% និងអត្រាបោះបង់មានចំនួន ២.២% ក្នុងរយៈពេល០៩ខែ ឆ្នាំ២០១៨៕