(ភ្នំពេញ)៖ ក្រុមអ្នកគាំទ្រអតីតបក្សសង្រ្គោះជាតិអាល្លឺម៉ង់ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសមិនគាំទ្រលទ្ធផលសន្និសីទនៅអាមេរិក កាលពីថ្ងៃទី០២ ខែធ្នូ ដែលសម្រេចឱ្យ លោក សម រង្ស៉ី ជាប្រធានស្តីទីខ្មោចបក្សសង្រ្គោះជាតិ។
ក្រុមអ្នកគាំទ្រអតីតបក្សសង្រ្គោះជាតិអាល្លឺម៉ង់ បានអះអាងថា ពួកគេមានជំហរប្រកាន់ខ្ជាប់នូវស្មារតីបង្រួបបង្រួម ហើយគោរពតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ហើយចាត់ទុកថា ការតែងតាំង លោក សម រង្ស៉ី បែបនេះ ជាការធ្វើផ្ទុយពីគោលការណ៍លក្ខន្តិកៈគណបក្សសង្រ្គោះជាតិ។
សូមបញ្ជាក់ថា ប្រតិកម្មជាបន្តបន្ទាប់របស់ក្រុមអ្នកគាំទ្រលោក កឹម សុខា បានធ្វើឡើងបន្ទាប់ពី ក្រុមអ្នកគាំទ្រលោក សម រង្ស៉ី រៀបចំសន្និសីទមួយ នៅទីក្រុងអាត្លង់តា រដ្ឋចចា សហរដ្ឋអាមេរិក ដោយសម្រេចផ្តល់តំណែងប្រធានស្តីទី អតីតគណបក្សសង្រ្គោះជាតិ ឱ្យទៅ លោក សម រង្ស៉ី ខណៈដែល លោក សម រង្ស៉ី បានលាចេញពីតំណាងនានារបស់ក្រុមប្រឆាំងនេះរួចទៅហើយ។
លោក កឹម សុខា ដែលជាអតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិនោះ មិនបានគាំទ្រ និងទទួលស្គាល់សន្និសីទនេះឡើយ។ ជាមួយគ្នានេះ កូនស្រីរបស់ លោក កឹម សុខា រួមទាំងអ្នកគាំទ្រលោកជាច្រើន បានរិះគន់ចំពោះការរៀបចំសន្និសីទនៅអាត្លង់តានេះថា ជាការបំបែកបំបាកផ្ទៃក្នុងរបស់ខ្មោចគណបក្សសង្រ្គោះជាតិ ឱ្យកាន់តែធ្ងន់ធ្ងរថែមទៀត៕