(ភ្នំពេញ)៖ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងអំពីអភ័យឯកសិទ្ធិរបស់សមាជិកសភា (តំណាងរាស្រ្ត) និងសមាជិកព្រឹទ្ធសភា ដែលធានា និងការពារពីការចោទប្រកាន់ ការចាប់ ការឃាត់ និងការឃុំខ្លួន ដោយហេតុពីបានសំដែងយោបល់ ឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួន។ ក្រៅពីអភ័យឯកសិទ្ធិដែលផ្តល់ជូនសមាជិកសភា និងសមាជិកព្រឹទ្ធសភា ដូចបានរៀបរាប់ខាងលើ ក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានចែងអំពីអភ័យឯកសិទ្ធិដល់បុគ្គលដែលមិនអាចត្រូវផ្តន្ទាទោសព្រហ្មទណ្ឌផងដែរ គឺ «អភ័យឯកសិទ្ធិគ្រួសារ» ។
តើអភ័យឯកសិទ្ធិគ្រួសារជាអ្វី? ហើយបុគ្គលណាខ្លះដែលគួរទទួលបានអភ័យឯកសិទ្ធិនេះ?
កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «អភ័យឯកសិទ្ធិគ្រួសារ» មកធ្វើការបកស្រាយដូចតទៅ៖
អភ័យឯកសិទ្ធិគ្រួសារ មានចែងក្នុងមាត្រា៣៥៥ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា សំដៅទៅលើភាពមិនអាចផ្តន្ទាទោសព្រហ្មទណ្ឌបាន ចំពោះជនដែលបានប្រព្រឹត្តបទល្មើសលួច (អំពើលួចទ្រព្យសម្បត្តិ) បើជននោះលួចទ្រព្យសម្បត្តិរបស់បុព្វញាតិ ឬបច្ឆាញាតិ និងទ្រព្យសម្បត្តិរបស់សហព័ទ្ធខ្លួន។
មុននឹងឈានដល់ការស្វែងយល់នូវខ្លឹមសារនៃមាត្រាខាងលើ កម្មវិធីយើងនឹងធ្វើការបញ្ជាក់ជូនអំពីអត្ថន័យនៃពាក្យគន្លឹះមួយចំនួន ដូចជា «បុព្វញាតិ» «បច្ឆាញាតិ» និង «សហព័ទ្ធ» ជាមុនសិន។ ពាក្យថា «បុព្វញាតិ និងបច្ឆាញាតិ» ដែលមានពន្យល់ក្នុងសទ្ទានុក្រម នៃក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ បានឱ្យនិយមន័យនៃពាក្យ «បុព្វញាតិ» ថា ជាជនដែលស្ថិតក្នុងថ្នាក់ញាតិខ្ពស់ជាងខ្លួន ពោលគឺ ជីដូនជីតា ឪពុកម្តាយ មាមីង ឬ ន័យសាមញ្ញត្រូវបានហៅថា អ្នកជំនាន់មុន ។ ដោយឡែកសម្រាប់ពាក្យថា «បច្ឆាញាតិ» គឺជន ឬពួកជន ដែលកើតពីជនមួយពួកទៀត ពោលគឺ កូន ចៅ ក្មួយ ឬ ហៅថា អ្នកជំនាន់ក្រោយ។ រីឯពាក្យថា «សហព័ទ្ធ» គឺសំដៅទៅលើប្តី ឬប្រពន្ធ ឬទាំងប្តីទាំងប្រពន្ធដែលទទួលបានឋានៈជាសហព័ទ្ធនេះក្រោយពីបានចុះបញ្ជីអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមច្បាប់។
ដូច្នេះប្រសិនបើមានករណីលួចទ្រព្យសម្បតិ្តនៅក្នុងសង្គមគ្រួសារដែលប្រព្រឹត្តឡើងដោយបុព្វញាតិ ឬបច្ឆាញាតិ ក៏ដូចជាសហព័ទ្ធពិតមែន នោះមាត្រា ៣៥៥ នៃក្រមព្រហ្មទណ្ឌមានអានុភាពអនុវត្តចំពោះករណីនេះ ដែលអាចឱ្យអ្នកប្រព្រឹត្តនោះ រួចផុតពីការផ្តន្ទាទោសចំពោះបទល្មើសលួចទ្រព្យសម្បត្តិ ។
ឧទាហរណ៍៖ លោក សុក បានលួចម៉ូតូដែលជាកម្មសិទ្ធិរបស់លោក សៅ ត្រូវជាជីតារបស់ខ្លួនទៅលក់ ដើម្បីយកទៅលេងល្បែង។ ចំពោះករណីនេះ តុលាការមិនអាចផ្តន្ទាទោសលោក សុក បានឡើយ ពីព្រោះលោក សុក ត្រូវជាចៅ (បច្ឆាញាតិ) របស់លោក សៅ ដែលត្រូវបានផ្តល់អភ័យឯកសិទ្ធិតាមរយៈមាត្រា ៣៥៥ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
សរុបមក ចំពោះអំពើលួចទ្រព្យសម្បតិ្តកើតឡើងក្នុងរង្វង់គ្រួសារដែលប្រព្រឹត្តឡើងដោយបុព្វញាតិ ឬបច្ឆាញាតិ និងសហព័ទ្ធ មិនត្រូវបានផ្តន្ទាទោសតាមច្បាប់ឡើយ។ អភ័យឯកសិទ្ធិគ្រួសារនេះ មានបំណងបញ្ចៀសនូវរាល់ផលវិបាកទាំងឡាយ ដែលអាចកើតចេញពីរឿងក្តីព្រហ្មទណ្ឌនៅក្នុងរង្វង់គ្រួសារ។ គួរបញ្ជាក់ផងដែរ អភ័យឯកសិទ្ធិនេះអាចអនុវត្តបានចំពោះតែបទល្មើសលួចតែប៉ុណ្ណោះ ដោយមិនគ្របដណ្តប់លើស្ថានទម្ងន់ទោសទេ។
រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងកញ្ញា សាំង សុភាព សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាន នៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥, អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕