(ភ្នំពេញ)៖ ជនជាតិបរទេស២នាក់ ស្រវឹងស្រាបានគាស់ទ្វាររបងផ្ទះមួយកន្លែង ត្រូវបានម្ចាស់ផ្ទះចេញមកបាញ់គំរាមចំនួនបីគ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង៣ទៀបភ្លឺ ឈានចូលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ ដែលមានទីតាំងស្ថិត នៅតាមបណ្ដោយផ្លូវ៤៥៦ ផ្ទះលេខ២៧AB ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះ បានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសជនជាតិបរទេសពីរនាក់ សង្ស័យស្រវឹងស្រាបានស្រែកឡូឡា នៅតាមដងផ្លូវដោយធ្វើដំណើរ លុះមកដល់ចំណុចកើតហេតុខាងលើ បានធ្វើសកម្មភាពគាស់ទ្វាររបងផ្ទះប្រជាពលរដ្ឋ ខណៈនោះម្ចាស់ផ្ទះភ័យស្លន់ស្លោ បានទូរសព្ទ័ហៅកូនប្រុស ឲ្យចុះមកទីតាំងកើតហេតុខាងលើ ស្រាប់តែកូនប្រុសរបស់គាត់ បានបើករថយន្តមួយគ្រឿងមកដល់ ឃើញសភាពមិនស្រួលបានចូលទៅឃាត់ដែរតែមិនស្តាប់ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន តែសមត្ថកិច្ចមិនទទួលទូរសព្ទ័របស់គាត់ទើប សម្រចចិត្តដកកាំភ្លើងខ្លីបាញ់គំរាម៣គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់សមត្ថកិច្ចមូលដ្ឋាន និងកម្លាំងកងរាជអាវុធហត្ថខណ្ឌ និងមានវត្តមានលោកអធិការខណ្ឌចំការមន ចុះមកដល់កន្លែងកើតហេតុផងដែរ និងបានធ្វើការឃាត់ខ្លួន បានជនសង្ស័យម្នាក់ រួចបញ្ជូនខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលទួលទំពូង២ភ្លាមៗ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុបុរស ដែលបានបាញ់គំរាមជនជាតិបរទេសចំនួន៣គ្រាប់ខាងលើ ត្រូវបានសមត្ថកិច្ច និងធ្វើការស្រាវជ្រាយជាបន្តទៅតាមនីតិវិធីនៃច្បាប់៕