(ភ្នំពេញ)៖ រថយន្តពាក់ស្លាកលេខនគរបាល បើកដោយបុរសម្នាក់ បានបុករះម៉ូតូកង់បីចំនួនពីរគ្រឿង បណ្ដាលឲ្យម្ចាស់ម៉ូតូកង់បីម្នាក់ ស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល ឡើងនៅម៉ោងជាង១០យប់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង នៅចំណុចមុខផ្ទះលេខ៣៨៨Eo ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក Lexus RX350 ពណ៌ស ពាក់ស្លាកលេខនគរបាល 2-6636 បានធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូង ស្របទិសជាមួយនឹងម៉ូតូកង់បីទាំងពីរ លុះមកដល់ចំណុចកើតហេតុស្រាប់តែ រថយន្តខាងលើបានបុកចំម៉ូតូកង់បីមួយគ្រឿងពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1Q-4147 ពីក្រោយចំពេញមួយទំហឹងបណ្ដាលឲ្យម៉ូតូដាច់ជាពីរ រីឯម្ចាស់ម៉ូតូវិញបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយរថយន្តខាងលើមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកកង់បីឥណ្ឌាមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GM-4690 ចំពេញមួយទំហឹងបណ្ដាលឲ្យក្រឡាប់ រីឯម្ចាស់ម៉ូតូកង់បីវិញរងរបួសស្រាល។
ភ្លាមៗនោះដែរ រថយន្តបង្កខាងលើមិនបានឈប់ដោះស្រាយនោះទេ រឹតតែបន្ថែមល្បឿនបើករត់គេចយករថយន្តទៅទុក នៅក្នុងកន្លែងផ្ញើឡានមួយកន្លែង ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ១៦៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ចំណែកឯអ្នកបើកបររថយន្តបង្កវិញ បានរត់ចេញពីកន្លែងផ្ញើឡានគេចខ្លួន បាត់ស្រមោលតែម្ដង។
ប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់ម៉ូតូកង់បីដែលស្លាប់មានឈ្មោះ វាន់ ទិព មានអាយុ៥៧ឆ្នាំ ស្រុកកំណើតនៅភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ក្រោយពេលកើតហេតុរថយន្តបង្កនឹងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ ទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕