(ភ្នំពេញ)៖ ការបំបែកអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិជាពីរបំណែកគឺជាកំហុសឆ្គងដ៏ធំធេងប៉ុនមហាមេឃរបស់លោក សម រង្ស៊ី ក្នុងឆាកជីវិតរបស់ខ្លួន។ សម្រាប់អ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិ នេះគឺជាកំហុសដែលមិនអាចអត់ឱនឲ្យបានជាដាច់ខាតមិនថាជាតិនេះ ឬជាតិក្រោយឡើយ។ សម្រាប់អ្នកគាំទ្រអតីបក្សសង្គ្រោះជាតិ ក៏ដូចជាអ្នកតាមដាននយោបាយនៅកម្ពុជាដែរ លោក សម រង្ស៊ី ម្នាក់ឯងគ្មានទម្ងន់សូម្បីតែបន្តិចឡើយទៅលើរាជរដ្ឋាភិបាលដឹកនាំដោយបុរសខ្លាំងកម្ពុជាពីព្រោះមួយជិវិតរបស់ខ្លួន សម រង្ស៊ី គ្មានយុទ្ធសាស្ត្រ គ្មានភាពឈ្លាសវៃអ្វីបន្តិចសោះក្នុងការដឹកនាំបក្ស នយោបាយក្រៅតែពីការបញ្ឆេះកំហឹងប្រជាពលរដ្ឋឲ្យស្អប់រដ្ឋាភិបាល និងការប្រើសម្តីញុះញង់ ប្រឆាំងជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឲ្យគេមើលឃើញថា ខ្លួនក្លាហាន។ ប៉ុន្តែ បើមើលឲ្យជ្រៅជាងនេះ សម រង្ស៊ី ជាខ្លាក្រដាសសុទ្ធសាធ ឬហៅម្យ៉ាងទៀតថា ជាអ្នកនយោបាយគង់ហ៊ានដែលបន្លំភ្នែកគេតែប៉ុណ្ណោះ។
ដូច្នេះហើយបានជាអ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិ ផ្តល់តម្លៃខ្លាំងទៅលើការរួបរួមគ្នាជាមួយលោក កឹម សុខា ដែលគេចាត់ទុកថា ជាព្រលឹងរបស់ក្រុមប្រឆាំង។ ប៉ុន្តែគួរឲ្យសង្វេគជាពន់ពេក ព្រលឹងនេះត្រូវបានលោក សម រង្ស៊ី សម្លាប់បាត់ទៅហើយកាលពីថ្ងៃទី ២ធ្នូ ២០១៨ នៅអាត្លង់តា សហរដ្ឋអាមេរិក។
ដើម្បីបិទបាំងកំហុសរបស់ខ្លួន សម រង្ស៊ី ក្រោយដឹកនាំធ្វើបក្សប្រហាររួចមក ក៏នៅតែប្រើពាក្យថា សម រង្ស៊ី និង កឹម សុខា គឺជាមនុស្សតែមួយ។ ប៉ុន្តែតើ សម រង្ស៊ី អាចបោកអ្នកណាបានទៀត? បើគាត់បានបំបែកលោក កឹម សុខា ពីខ្លួនគាត់បាត់ទៅហើយតាមរយៈបក្សប្រហារដ៏សាហាវ និងដោយបំពានទាំងស្រុងទៅលើលក្ខន្តិកៈអតីតបក្សសង្គ្រោះជាតិ។ មានសំណួរជាច្រើនដែលគេអាច ចោទសួរអំពីគោលបំណងរបស់ លោក សម រង្ស៊ី ដែលសម្រេចចិត្តធ្វើបក្សប្រហារដណ្តើមអំណាចរួចហើយែរជាមកនិយាយថា សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ?
ចំណោទនៅត្រង់ថា ប្រសិនបើ សម រង្ស៊ី ចង់រក្សាចំណងអាពាហ៍ពិពាហ៍ដោយបង្ខំជាមួយលោក កឹម សុខា គាត់គួរតែរិះរកវិធីល្អជាងនេះតាមរយៈការពិភាក្សាគ្នាជាមួយក្រុមអ្នកគាំទ្រលោក កឹម សុខា ដើម្បីរកច្រកចេញរួមគ្នាមួយ។ ប៉ុន្តែ សម រង្ស៊ី បែរជាជ្រើសរើសយកជម្រើសដ៏អាក្រក់មើលបំផុតគឺជម្រើសបក្សប្រហារដណ្តើមអំណាចដោយបំពានទាំងស្រុង ទៅលើលក្ខន្តិកៈដែលខ្លួន បានព្រមព្រៀងជាមួយលោក កឹម សុខា។ ដល់ពេលធ្វើបក្សប្រហាររួចហើយទើប លោក សម រង្ស៊ី ចាត់ឲ្យ មួរ សុខហួរ ដែលជាមនុស្សជាប់ឈ្មោះក្នុងប្រវត្តិសាស្ត្រថា ជាអ្នកឃុបឃិតធ្វើបក្សប្រហារនេះដើរតួជាអ្នកសម្របសម្រួលជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍ នៃអតីតបក្សសង្គ្រោះជាតិដែលក្នុងនោះក៏មានគាគីអ្នកគាំទ្រលោក កឹម សុខា ដូចជាកញ្ញា កឹម មនោវិទ្យា លោក ប៉ុល ហំម និងលោក យ៉ែម ប៉ុញ្ញឬទ្ធិ ជាដើម។ ប្រសិនបើសម រង្ស៊ី ចង់សម្របសម្រួលមែន ម្តេចមិនធ្វើមុនបក្សប្រហារទៅ? នេះសបញ្ជាក់ថា អ្វីដែលលោក សម រង្ស៊ី ធ្វើនេះគឺជាយុទ្ធសាស្ត្របន្លំភ្នែកដោយខំដើរតួជាអ្នកចិត្តល្អ តែតាមពិតគាត់ជាតោកំណាចពាក់ស្បែកចៀមទេតើ។
មានវិធីច្រើនយ៉ាងណាស់ដែលភាគីទាំងពីរអាចធ្វើការជាមួយគ្នាបាន ប៉ុន្តែ សម រង្ស៊ី និងបក្ខពួកបែរជាជ្រើសយកជម្រើសបក្សប្រហារដ៏អាក្រក់មើលបំផុតទៅវិញ។ ម្យ៉ាងទៀត លោក សម រង្ស៊ី និងបក្ខពួកពិតជាបានឃើញហើយសាររបស់លោក កឹម សុខា តាមរយៈមេធាវីក្តី និងតាមរយៈហ្វេសប៊ុកផ្ទាល់របស់លោក កឹម សុខាក្តី ឬតាមរយៈកូនស្រីរបស់លោក កឹម សុខា ក្តី ដែលបដិសេធមិនទទួលស្គាល់អ្វីដែលគេហៅថា សន្និសីទពិភពលោករៀបចំដោយលោក សម រង្ស៊ី។ ប៉ុន្តែ លោក សម រង្ស៊ី បានបដិសេធចោលទាំងស្រុងសំឡេងរបស់លោក កឹម សុខា និងអ្នកគាំទ្រលោក កឹម សុខា។ តើនេះមិនមែនជាការដណ្តើមអណាចទេឬ?
ឥឡូវនេះលោក សម រង្ស៊ី បានអំណាចខ្មោច និងកៅអីខ្មោចមកអង្គុយហើយ គឺគាត់ជាមេដឹកនាំខ្មោចបក្សសង្គ្រោះជាតិ។ អ្វីដែលគាត់សង្ឃឹមគឺការប្រោសឲ្យខ្មោចដែលគាត់ បានសម្លាប់ទាំងព្រលឹងបាត់ទៅហើយនេះឲ្យរស់ឡើងវិញ? តើរស់ឡើងវិញយ៉ាងដូចម្តេចបើគាត់បានបំបែកសាកសពជាពីរបំណែក និងបានផ្តាច់ទាំងវិញ្ញាណបាត់ទៅហើយហ្នឹង? សូម្បីតែកូនក្មេងបៀមដៃក៏អាចយល់បានដែរថា លោក សម រង្ស៊ី កំពុងកុហកលើគោក។
ឥឡូវនេះ ខ្មោចបក្សសង្គ្រោះជាតិស្លាប់ទាំងវិញ្ញាណទៅហើយដោយមិនអាចរកកន្លែងចាប់ជាតិបានឡើយកុំថាឡើយអាចរស់ឡើងវិញ។ ប៉ុន្តែ បើនិយាយពីជីវិតនយោបាយរបស់លោក សម រង្ស៊ី និងលោក កឹមសុខា គឺលោក កឹម សុខា ជាអ្នកឈ្នះក្នុងល្បែងនេះ។ គឺឈ្នះដោយភាពអត់ធ្មត់របស់គាត់ដែលមិនជាប់ឈ្មោះជាអ្នកបំបែកបំបាក់ក្រុមប្រឆាំង។ ចំណែក សម រង្ស៊ី វិញគឺជាអ្នកចាញ់យ៉ាងធ្ងន់ធ្ងរបំផុត ចាញ់ហៅលែងលឺ។ សម រង្ស៊ី ជាប់ឈ្មោះជាអ្នកបំបែកក្រុមប្រឆាំង ជាអ្នកសម្លាប់ព្រលឹងរបស់ខ្មោចបក្សសង្គ្រោះជាតិ និងជាអ្នកនយោបាយដែលជួបបរាជ័យរហូតក្នុងមួយជីវិត។ នេះជាបទពិសោធន៍ប្រវត្តិសាស្ត្រដែលក្រុមអ្នកគាំទ្រលោក កឹមសុខា ត្រូវចោះត្រចៀកដើម្បីជាការចងចាំកុំឲ្យភ្លេច។
ពីពេលនេះតទៅ មានតែការចាប់ផ្តើមគណបក្សរៀងៗខ្លួនឡើងវិញទេដែលជាមធ្យោបាយល្អបំផុតសម្រាប់ការបន្តអាជីពនយោបាយទៅមុខទៀត។
ចំណងអាពាហ៍ពិពាហ៍រវាងអ្នកដែលមានសារជាតិខុសគ្នាទាំងស្រុងដូចលោក សម រង្ស៊ី និងលោក កឹម សុខា នេះមិនអាចបន្តបានយូរជាដាច់ខាត ពោលគឺទឹកនិងប្រេងពិតជាមិនអាចរលាយចូលគ្នា បានឡើយបើទោះបីជាពេលខ្លះសារធាតុរាវទាំងពីរនេះអាចបន្លំភ្នែកគេបានមួយភ្លែតថាវាអាចចុះសម្រុងគ្នាបានក៏ដោយ។ ប៉ុន្តែ នៅពេលដែលទឹកស្ងប់ ប្រាកដណាស់ថា ទឹកនៅដោយទឹក ប្រេងនៅដោយប្រេង។ អ្វីដែលគួរចងចាំម្យ៉ាងទៀតនោះគឺ ទឹក និងប្រេង បើកាលណាច្របល់ចូលគ្នាហើយ គឺវាខូចគុណភាពទាំងស្រុងពោលគឺ ទឹកក៏មិនអាចយកទៅផឹកបាន រីឯប្រេងក៏មិនអាចយកទៅប្រើបានទៀតដែរ។ នេះជាកត្តាសត្យានុម័តដែលគេមិនអាចប្រកែកបានឡើយ។ យ៉ាងណាមិញ លោក សម រង្ស៊ី ដែលខំសម្លាប់ព្រលឹងខ្មោចបក្សសង្គ្រោះជាតិ ដើម្បីដណ្តើមអំណាចខ្យល់មកវិញនោះក៏មិនខុសពីប្រេងដែលហៀរចូលទឹកឡើយពោលគឺមិនត្រឹមតែមិនអាចប្រើប្រាស់បានប៉ុណ្ណោះទេ ប៉ុន្តែ បើគេយកវាទៅចាក់ចោលលើស្មៅនាំឲ្យងាប់ស្មៅថែមទៀត។ នេះហើយដែលហៅថា នយោបាយអត្តឃាត។ គតិបណ្ឌិតដែលគេអាចទាញចេញពីសាច់រឿងនេះគឺ មនុស្សដូច សម រង្ស៊ី កុំយកខ្លួនបៀត បើអ្នកណាហ៊ានបៀតនឹងនាំអន្តរាយដល់ខ្លួនជាមិនខាន ដូចសុភាសិតបូរាណខ្មែរយើងពោលថា«ឈើកោងវល្លិ៍ព័ទ្ធ មនុស្សខ្ចាត់ព្រាត់កុំយកខ្លួនបៀត»៕
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ