(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសស្វាគមន៍វិនិយោគិន ដែលមានបំណងធ្វើធុរកិច្ចនៅកម្ពុជា ដែលត្រូវបានចាត់ទុកជាបេះដូងនៃអាស៊ាន និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបន្តពង្រឹងអភិបាលកិច្ចល្អ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងកិច្ចសម្រួលពាណិជ្ជកម្ម ដែលគន្លឹះធានាដល់ការលូតលាស់នៃវិស័យឯកជន។
ការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកព្រឹត្តិការណ៍ «ពិព័រណ៍ផលិតផលខ្មែរ និងផលិតផលនាំចេញ-នាំចូលកម្ពុជា» លើកទី១៣ ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ ក្រោមការចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល អង្គទូត តំណាងវិស័យឯកជន អង្គការអន្តរជាតិ និងមន្ទីរពាណិជ្ជកម្ម ២៥រាជធានី-ខេត្ត។
ក្នុងពិធីនោះលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការចងក្រង និងបន្តអនុវត្តយុទ្ធសាស្ត្រចតុកោណ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម និងកម្មវិធីកំណែទម្រង់ស៊ីជម្រៅ ដើម្បីរក្សានិងធ្វើពិពិធកម្មកំណើន ទាំងក្នុងរយៈពេលមធ្យម និងរយៈពេលវែង ដើម្បីប្រែក្លាយចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ឱ្យក្លាយទៅជាការពិត។
ឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមគាំទ្រពិព័រណ៍ឆ្នាំនេះ ឱ្យបានច្រើនកុះករ និងបានលើកទឹកចិត្តលើវិស័យឯកជនពិសេស ពាណិជ្ជករ, សហគ្រិន, វិនិយោគិន, ធុរជនទាំងក្នុង និងក្រៅប្រទេស ប្រើប្រាស់អស់ពីលទ្ធភាពនូវសិក្ខាសាលា និងវេទិកានានា ដើម្បីពង្រីកប្រតិបត្តិការធុរកិច្ច និងវិនិយោគរបស់ខ្លួន ឱ្យកាន់តែជោគជ័យថែមទៀត។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជម្រាបជូនពីការតាំងពិព័រណ៍ «ពិព័រណ៍ផលិតផលខ្មែរ និងផលិតផលនាំចេញ-នាំចូលកម្ពុជា» ដែលត្រូវបានរៀបចំឡើងនេះ ដើម្បីជំរុញសាកលភាវូបពាណិជ្ជកម្ម និងទាក់ទាញការចូលរួមពីប្រទេសក្នុងតំបន់ និងពិភពលោក ព្រមទាំងសមិទ្ធផលសំខាន់ៗរបស់ក្រសួង ក៏ដូចជាទិសដៅសកម្មភាពសម្រាប់ធ្វើពិពិធកម្ម ការនាំចេញផលិតផលខ្មែរ និងលើកស្ទួយកិត្តិនាមរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
សូមជម្រាបថា ព្រឹត្តិការណ៍ «ពិព័រណ៍ផលិតផលខ្មែរ និងផលិតផលនាំចេញ-នាំចូលកម្ពុជា» លើកទី១៣ នឹងត្រូវរៀបចំឡើងរយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃទី០៨-១១ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសរីករាយក្នុងការទស្សនាស្វែងយល់ និងទិញទំនិញផលិតនៅកម្ពុជា និងទំនិញនាំចូលពីប្រទេសនៅក្នុងតំបន់។
ក្នុងនោះមានអាជីវករជាច្រើន បានដាក់តាំងបង្ហាញផលិតផលជាច្រើនដូចជា៖ វត្ថុអនុស្សាវរីយ៍, សូត្រប្រណិត, ទំនិញវាយភណ្ឌ, សម្លៀកបំពាក់, សម្ភារៈការិយាល័យ, គ្រឿងតុបតែងគេហដ្ឋាន, គ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ គ្រឿងសម្អាង, គ្រឿងឧបភោគ-បរិភោគ, ម្ហូបអាហារកែច្នៃ, ភេសជ្ជៈ, ផ្លែឈើ, អង្ករ, ទំនិញកសិកម្ម, គ្រឿងអេឡិចត្រូនិក, ម៉ាស៊ីនកុំព្យូទ័រ, គ្រឿងសង្ហារឹម, សម្ភារសំណង់, សេវាទេសចរណ៍, សេវាអប់រំ និងសេវាធនាគារជាដើម៕