(កណ្តាល)៖ សាលាបុណ្យដ៏ប្រណិតមួយខ្នង និងស្រះទឹកមួយ តម្លៃ ២៣៩,០០០,០០០រៀល ស្មើនឹងជិត ៦ម៉ឺនដុល្លារអាមេរិក ដែលសាងសង់ដោយឧកញ៉ា ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈពង្រឹងការងារស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយនៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨នេះ។ សាលាបុណ្យ និងស្រះទឹកនេះ ស្ថិតនៅភូមិជ្រលង ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ឧកញ៉ា ទ្រី ភាព បានថ្លែងនៅក្នុងពិធីសម្ពោធសមិទ្ធផលលើដីកំណើតរបស់ខ្លួននោះថា សមិទ្ធផលថ្មីទាំងពីរនេះ គឺឆ្លើយតបតាមការសន្យារបស់លោកនៅមុនពេលបោះឆ្នោត ក៏ដូចជាការតបស្នងសងគុណចំពោះលោកយាយលោកតា និងប្រជាពលរដ្ឋនៅក្នុងឃុំត្បែង ស្រុកកណ្តាលស្ទឹង ដែលបានគាំទ្រ និងជឿជាក់លើគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន។
«សាលាសន្សំបុណ្យ និងស្រះទឹកនេះ ជាសម្មិទ្ធផលថ្មីមួយបន្ថែមទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅឃុំត្បែងទាំងមូល សម្រាប់ប្រើប្រាស់ធ្វើពិធីសាសនា និងគោរពបូជា ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។ សមិទ្ធផល ក៏ជាការតបស្នងសងគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានបង្ហាញការគាំទ្រ ជឿទុកចិត្តចំពោះគណបក្សប្រជាជនកម្ពុជា ក៏ដូចជាការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន»។ នេះជាការបញ្ជាក់របស់ឧកញ៉ាទ្រី ភាព នៅចំពោះមុខប្រជាពលរដ្ឋដែលចូលរួមក្នុងពិធី។
សាលាបុណ្យ និងស្រះទឹកដែលជាសមិទ្ធផលនៅក្នុងឃុំត្បែង ស្រុកកណ្តាលស្ទឹងសុទ្ធតែជាសមិទ្ធផលដ៏សំខាន់សម្រាប់បម្រើប្រយោជន៍ជូនប្រជាពលរដ្ឋនៅក្នុងឃុំត្បែង។ សាលាបុណ្យនឹងក្លាយទៅជាកន្លែងសម្រាប់គោរពប្រណិប័តន៍សាសនា ជួបជុំធ្វើបុណ្យទានរបស់ប្រជាពលរដ្ឋ ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ លោកយាយលោកតា។ រីឯស្រះទឹកវិញ គឺជាកន្លែងផ្តល់ប្រភពទឹកដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋទាញយកទឹកប្រើប្រាស់ប្រចាំថ្ងៃ។
លោក សយ ស៊ុម អាយុ ៦៥ឆ្នាំ រស់នៅក្នុងភូមិជ្រលង ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានលើកឡើងថា សមិទ្ធផលថ្មីដែលសាងសង់ឡើងដោយឧកញ៉ា ទ្រី ភាព គឺបានឆ្លើយតបចំពោះការចង់បានរបស់ប្រជាពលរដ្ឋ និងលោកយាយ លោកតានៅក្នុងភូមិ។
ក្នុងនាមជាអនុប្រធានគណៈពង្រឹងការងារស្រុកកណ្តាលស្ទឹងមកពីគណបក្សប្រជាជន ក៏ដូចជាជួយអភិវឌ្ឍន៍ដែនដីស្រុកកំណើតរបស់ខ្លួនឲ្យកាន់តែមានការរីកចម្រើននោះ ឧកញ៉ា ទ្រី ភាព បានជួយសាងសង់សមិទ្ធផលជាច្រើននៅក្នុងឃុំត្បែង មានដូចជាទីអារាម សាលារៀន អណ្តូងទឹក និងផ្លូវជាដើម។ សមិទ្ធផលទាំងអស់នោះ បានឆ្លើយតបយ៉ាងចាំបាច់ចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជារួមចំណែកជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋផងដែរ។
លោក សយ ស៊ុម បានថ្លែងកោតសរសើរចំពោះសណ្តានចិត្ត និងសទ្ធាជ្រះថ្លារបស់ឧកញ៉ា ទ្រី ភាព ដែលតែងតែបានយកចិត្តទុកដាក់ខ្ពស់សាងសង់នូវសមិទ្ធផលនានា ដើម្បីរួមចំណែកអភិវឌ្ឍន៍នៅតាមមូលដ្ឋានជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ជាមួយនឹងការសម្ពោធសមិទ្ធផលថ្មីនាព្រឹកមិញនេះ ឧកញ៉ា ទ្រី ភាព បានសន្យាខិតខំបន្តកសាងសម្មិទ្ធផលផ្សេងៗបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ។ លោកឧកញ៉ា បានស្នើប្រជាពលរដ្ឋក្នុងឃុំត្បែងដែលទទួលបានសមិទ្ធផលថ្មីឲ្យរួមគ្នាថែរក្សាឲ្យបានល្អ គង់វង្សយូរអង្វែង។
សូមបញ្ជាក់ថា ក្នុងកម្មវិធីនាព្រឹកមិញនេះ ឧកញ៉ា ទ្រី ភាព បានឧបត្ថម្ភថវិកាដល់ប្រជាពលរដ្ឋ លោកតា លោកយាយា យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម កងកម្លាំងសមត្ថកិច្ច និងសម្រាប់ការកសាងទីអារាមចំនួន៧ សរុបថវិកាប្រមាណ ១៦៥.០០០.០០០រៀល។
ដើម្បីអបអរសាទរចំពោះសមិទ្ធផលថ្មីលោកឧកញ៉ា បានរៀបចំការហូបនំបញ្ចុកសាមគ្គីជាមួយប្រជាពលរដ្ឋ និងបានជួលល្ខោនមកលេងជូនប្រជាពលរដ្ឋទស្សនាកម្សាន្តនាពេលរាត្រីផងដែរ៕