(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសថា នឹងធ្វើការសាងសង់ទីលានបាល់ទាត់ស្តង់ដា នៅតាមសាលារៀននានាតាមបណ្តាខេត្ត-រាជធានី ឲ្យរួចក្នុងឆ្នាំ២០១៩ ហើយពិសេសជាងនេះ គឺសហព័ន្ធកីឡាបាល់ទាត់នឹងឧបត្ថម្ភប្រាក់ប្រចាំខែ ដល់លោកគ្រូអ្នកគ្រូក្នុងម្នាក់ៗ ថវិកា២លានរៀលក្នុងមួយខែ។
ការប្រកាសបែបនេះរបស់ នាយឧត្តមសេនីយ៍ សៅ សុខា ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធទីលានបាល់ទាត់នៅក្នុងវិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ និងបើកការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកយុវជនក្រោមអាយុ១៥ឆ្នាំ យុវជនក្រោមអាយុ១៧ឆ្នាំ និងការប្រកួតបាលទាត់នារីឆ្នាំ២០១៨ នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨នេះ។
នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា ការប្រកួតជម្រើសជើងឯកយុវជន អាយុក្រោម១៥ឆ្នាំ ក្រោម១៧ឆ្នាំ និងប្រកួតជម្រើសជើងឯកបាល់ទាត់នារី ឆ្នាំ២០១៨នេះ គឺជាផ្នែកមួយយ៉ាងសំខាន់នៅ ក្នុងគំរោងការអភិវឌ្ឍបាល់ទាត់ថ្នាល បាល់ទាត់យុវជន ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានដាក់ចេញ នៅក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួនកាលពីឆ្នាំ២០១៧។
នាយឧត្តមសេនីយ៍ បានបន្តថា នោះគឺការពង្រីកហេដ្ឋរចនាសម្ព័ន្ធបាល់ទាត់ និងផែនការអភិវឌ្ឍន៍បាល់ទាត់ឆ្ពោះទៅកាន់ខេត្ត ទាំង២៥រាជធានី-ខេត្ត ហើយតាមរយៈការប្រកួតនេះ គឺយើងបានជ្រើសរើសនូវកីឡាករឆ្នើម សម្រាប់រៀបចំជាក្រុមជម្រើសជាតិចេញ ទៅប្រកួតក្នុងក្របខ័ណ្ឌបាល់ទាត់ ដែលរៀបចំដោយ សមាគមបាល់ទាត់អាស៊ីអាគ្នេយ៍ AFF ការប្រកួតបាល់ទាត់ទ្វីបអាស៊ី AFC ឬបាល់ទាត់អន្តរជាតិ ដែលរៀបចំដោយ FIFA។
នាយឧត្តមសេនីយ៍ សៅ សុខា បានគូសបញ្ជាក់ថា ការប្រកួតនៅពេលនេះ គឺមានសារៈសំខាន់ក្នុងការដុសខាត់ជំនាញបច្ចេកទេសកីឡាករ កីឡាការិនី និងឱកាសសម្រាប់អភិវឌ្ឍន៍ធនធានមនុស្សផ្នែកបាល់ទាត់ ដូចជាគ្រូ អាជ្ញាកណ្តាល មន្ត្រីបច្ចេកទេសរដ្ឋបាល។ល។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មកទល់ពេលនេះ មានគ្រូ១០០នាក់ទូទាំងប្រទេស ដែលក្នុងមួយខេត្តមានគ្រូ៤នាក់ ទទួលបណ្តុះបណ្តាលកីឡាករចំនួន២ក្រុម ដែលក្នុងក្រុមនីមួយៗ មានកីឡាករ២៥រូប។
ជាមួយគ្នានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទទួលបន្ទុកឧបត្ថម្ភប្រាក់បៀវត្សន៍ សម្ភារហ្វឹកហាត់ ព្រមទាំងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់គ្រូទាំង១០០នាក់ជាប្រចាំ។ ដោយគោរពតាមគោលការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងការតាំងចិត្តបម្រើប្រជាជនរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការលើកកម្ពស់ជីវភាពរស់នៅមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ កម្មករនិយោជិកទាំងឯកជនទាំងរដ្ឋ។
លោកថានៅទីនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជាអង្កការក្រៅរដ្ឋាភិបាល ដែលបានប្តេជ្ញាចិត្តយ៉ាងខ្លាំងតាមគោលនយោបាយដឹកនាំប្រទេសរបស់ សម្តេចតេជោ ហ៊ុន សែន គឺរាជរដ្ឋាភិបាល ហើយក្នុងនាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចាប់ពីខែមករា ឆ្នាំ២០១៩ ទៅដោយផ្អែកលើតម្លៃគុណសម្បត្តិ ឬផ្នែកគុណភាពគ្រូ ត្រូវតែបានបណ្តុះបណ្តាលប្រឡងទទួលបានសញ្ញាបត្រ ហើយធ្វើការគ្រប់ពេលម៉ោងកំណត់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងពិនិត្យឧបត្ថម្ភប្រាក់ប្រចាំខែ ក្នុងម្នាក់២លានរៀលបន្ថែម លើប្រាក់ខែដែលរដ្ឋាភិបាលផ្តល់ឲ្យ។
សូមបញ្ជាក់ថា ការប្រកួតបាលទាត់ជ្រើសរើសជើងឯកយុវជនក្រោមអយុ១៥ឆ្នាំ ក្រោមអាយុ១៧ឆ្នាំ និងប្រកួតជ្រៀសរើសជើងឯកបាល់ទាត់នារីឆ្នាំ២០១៨នេះ គឺមានរយៈពេលរហូត៤ខែ ចាប់ផ្តើមពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨នៅខេត្តព្រះវិហារ ហើយបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ នៅខេត្តបន្ទាយមានជ័យ ហើយកីឡាករ កីឡាការនី ដែលត្រូវប្រកួតពេលនេះមាន៦៦ក្រុម មានកីឡាករ កីឡាការិនីសរុប១,៦៥០នាក់ផងដែរ៕