(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបដិសេធចោលទាំងស្រុង ចំពោះការផ្សាយលើបណ្តាញសង្គម Facebook នៃគណនីឈ្មោះ «ណាធីយ៉ា ឯកា (Natiya Aek Ka)» ដែលបានផ្សាយជុំវិញហេតុការណ៍ពាក់ព័ន្ធសិស្សសាលាវិទ្យាល័យថ្មគោល ខេត្តបាត់ដំបង ជិត ១០០នាក់បានដួលសន្លប់។
បណ្តាញសង្គមរបស់គណនីឈ្មោះណាធីយ៉ា ឯកា (Natiya Aek Ka) បានសរសេរថា មានជនជាតិចិន បានចុះសុំនាយកសាលាមកពិនិត្យសុខភាពសិស្សដោយសិស្សខ្លះត្រូវបានជួសឈាម រីឯសិស្សខ្លះត្រូវចាក់ថ្នាំ និងពិនិត្យចង្វាក់បេះដូង។
នាយកសាលាវិទ្យាល័យថ្មគោល លោក ហេង ស៊ុនផារិទ្ធ បានបំភ្លឺថា ហេតុការណ៍ដួលសន្លប់នេះ បានកើតឡើងចំពោះសិស្ស ៧១នាក់ ក្នុងនោះសិស្សស្រីមាន៧០នាក់កាលពីថ្ងៃទី៦ និង៧ធ្នូឆ្នាំ២០១៨។
លោក ហេង ស៊ុនផារិទ្ធ បានបន្តថា កាលពីថ្ងៃទី២ និង៣ធ្នូ មានក្រុមគ្រូពេទ្យខ្មែរសហការជាមួយក្រុមគ្រូពេទ្យចិន ដែលក្នុងនោះ មានគ្រូពេទ្យចិនប្រមាណពី១០ទៅ ២០នាក់ ជិះឡានទូរីសចំនួន២ បានធ្វើដំណើរទៅស្រាវជ្រាវនូវជំងឺបេះដូងដោយគ្រាន់តែប្រើប្រាស់ប្រដាប់ឧបករណ៍ស្ទង់បេះដូងតែប៉ុណ្ណោះ និងមិនបានជួសឈាមនោះទេ។
ការចុះស្រាវជ្រាវជំងឺបេះដូងនោះ គឺបានធ្វើតាមសាលាជាច្រើនមិនត្រឹមតែវិទ្យាល័យថ្មគោលប៉ុណ្ណោះទេ គឺមាននៅតាមសាលាមួយចំនួនក្នុងស្រុកសង្កែ និងក្រុងបាត់ដំបង។
សិស្ស ដែលក្រុមគ្រូពេទ្យបានចុះស្រាវជ្រាវពិនិត្យបេះដូងក្នុងវិទ្យាល័យថ្មគោលនោះ គឺជាសិស្សកម្រិតថ្នាក់ទី៧, ទី៨ និងទី៩។ ចំណែកការដួលសន្លប់របស់សិស្សនៅវិទ្យាល័យថ្មគោលចំនួន ៧១នាក់នោះ គឺជាសិស្សថ្នាក់ទី១១ និងទី១២ នោះទេ ដែលមិនពាក់ព័ន្ធនឹងសិស្សដែលក្រុមគ្រូពេទ្យខ្មែរ និងចិនបានសហការគ្នាស្រាវជ្រាវជំងឺបេះដូងនោះឡើយ។
ដូច្នេះការផ្សាយតាមបណ្តាញសង្គមរបស់គណនីឈ្មោះ ណាធីយ៉ា ឯកា (Natiya Aek Ka) បានខុសនឹងការពិតលើបញ្ហានេះ។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានបដិសេធថា ការផ្សាយរបស់បណ្តាញសង្គមនៃគណនីឈ្មោះ ណាធីយ៉ា ឯកា (Natiya Aek Ka) ដែលចោទប្រកាន់ថាហេតុការណ៍ដួលសន្លប់របស់សិស្សសាលាវិទ្យាល័យថ្មគោល ខេត្តបាត់ដំបង ដោយសារជនជាតិចិន បានជួសឈាមសិស្ស និងការចាក់ថ្នាំ។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានអះអាងថា ការផ្សាយនេះ មិនមែនជាការពិតឡើយ។ អគ្គស្នងការដ្ឋាន នគរបាលជាតិសូមអំពាវនាវអ្នកលេងបណ្តាញសង្គម សូមកុំ Share រឿងមិនពិត(Fake News) នេះឲ្យសោះ ពីព្រោះនឹងអាចប្រឈមចំពោះមុខច្បាប់នៃការផ្សាយព័ត៌មានមិនពិតក្នុងចេតនាបំពុលបរិយាកាសសង្គម៕