(សៀមរាប)៖ លោក ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា និងជាប្រធានអនុគណៈកម្មការសន្តិសុខនៃគណៈកម្មការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បានដឹកនាំសមាជិក សមាជីកា នៃអនុគណៈកម្មការទទួលបន្ទុកសន្តិសុខ APPF អញ្ជើញចុះជួបប្រជុំការងារជាមួយអាជ្ញាធរខេត្តសៀមរាប កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់ខេត្ត ព្រមទាំងជាមួយនាយកដ្ឋានអង្គរក្សនៃអគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងសាលប្រជុំយីហុប នៃសណ្ឋាគារសុខាសៀមរាប។
ជំនួបនេះធ្វើឡើង ដើម្បីពិភាក្សាលើរបៀបវារៈកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់របស់កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅលើទឹកដីអង្គរខេត្តសៀមរាប គឺចាប់ថ្ងៃទី១៤ ដល់ ១៧ ខែមករា ឆ្នាំ២០១៩ ក្រោមប្រធានបទការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព (Strengthening Parliamentary Partnership for Peace, Security and Sustainable Development) ។
លោក ហ៊ុន ណេង បានមានប្រសាសន៍ជម្រាបជូនអង្គប្រជុំថា ដើម្បីរៀបចំកិច្ចប្រចាំឆ្នាំលើកទី២៧ របស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក សភាកម្ពុជាបានបង្កើតគណៈកម្មការរៀបចំមួយឡើង ដោយមានអនុគណៈកម្មការទទួលបន្ទុកតាមវិស័យផ្សេងៗគ្នាមួយចំនួន ដូចជា អនុគណៈកម្មការទទួលបន្ទុកសន្តិសុខ អនុគណៈកម្មការទទួលបន្ទុកហិរញ្ញវត្ថុ និងផ្គត់ផ្គង់ អនុគណៈកម្មការទទួលបន្ទុកត្រួតពិនិត្យខ្លឹមសារនឹងប្រឹក្សាយោបល់គ្រប់វិស័យរបស់គណៈប្រតិភូសភាកម្ពុជា អនុគណៈកម្មការទទួលបន្ទុកពិធីការនិងដឹកជញ្ជូន និងអនុគណៈកម្មការទទួលបន្ទុកព័ត៌មាន និង ICT ជាដើម។
ជាមួយគ្នានេះ លោក ហ៊ុន ណេង បានស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ សូមធ្វើការយកចិត្តទុកដាក់ក្នុងការផ្តល់សុវត្ថិភាពជូនគណៈប្រតិភូទាំងអស់ដែលនឹងចូលរួមកិច្ចប្រជុំនេះ ព្រមទាំងក្តាប់សភាពការណ៍ឱ្យបានច្បាស់លាស់ដូចមានក្នុងផែនការការពារ។ សហការគ្នាឱ្យបានល្អរវាងអាជ្ញាធរខេត្ត និងកម្លាំងទាំងអស់ក្នុងការដោះស្រាយនូវបញ្ហាដែលកើតឡើង នឹងត្រូវទំនាក់ទំនងជាប្រចាំជាមួយអនុគណៈកម្មការសន្តិសុខពីសភាពការណ៍។
លោក ហ៊ុន ណេង បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះជាកិត្តិយស និងជាមុខមាត់របស់កម្ពុជាទាំងមូល ដូច្នេះអាជ្ញាធរកងកម្លំាងប្រដាប់អាវុធទាំងអស់ត្រូវខិតខំបំពេញតួនាទីរបស់ខ្លួន ដើម្បីឆ្លើយតបការទុកចិត្តរបស់ថ្នាក់ដឹកនាំ។ លោកបានបន្តថារដ្ឋសភា បានត្រៀមជាស្រេចក្នុងការផ្តល់កិច្ចសហការជាមួយថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីឲ្យដំណើរការកិច្ចប្រជុំនាពេលខាងមុខនោះ ប្រព្រឹត្តទៅដោយរលូននិងទទួលបានជោគជ័យប្រកបដោយសុវត្ថិភាពនិងសណ្តាប់ធ្នាប់ល្អ។
សូមជម្រាបថា APPF មានឈ្មោះជាភាសាអង់គ្លេស «The Asia Pacific Parliamentary Forum» បានបង្កើតឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៩៣ មានសភាប្រទេសចំនួន២៧ជាសមាជិក។ សភានៃព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិកពេញសិទ្ធិនៃវេទិកាសភានេះកាលពីឆ្នាំ១៩៩៥។
បន្ទាប់ពីបានជួបប្រជុំជាមួយអាជ្ញាធរខេត្តសៀមរាប និងកងកម្លំាងនានារួចហើយ លោក ហ៊ុន ណេង និងសហការី បានអញ្ជើញចុះត្រួតពិនិត្យទីតាំងរៀបចំកិច្ចប្រជុំ និងកន្លែងស្នាក់នៅរបស់គណៈប្រតិភូដោយផ្ទាល់ផងដែរ៕