Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តប៉ៃលិន ចុះរៀបចំតុបតែង និងដាំផ្កាបន្ថែមតាមសួនពុះចែកទ្រូងផ្លូវក្នុងទីរួមខេត្ត ដើម្បីបង្កើនសោភ័ណភាពសាធារណៈ

08-12-2018 15:45

(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គភាពជំនាញជុំវិញខេត្ត ចុះរៀបចំតុបតែងកែលម្អ ថែទាំ និងដាំផ្កាបន្ថែមនៅតាមសួនពុះចែកទ្រូងផ្លូវក្នុងទីរួមខេត្ត ចាប់ពីមុខវត្តកោងកាងរហូតដល់ភូមិអូរតាពុកក្រោម ដើម្បីបង្កើនសោភ័ណភាពសាធារណៈក្នុងទីក្រុង។

លោក ផាន់ ចាន់ធុល បានប្រាប់ថា​ បច្ចុប្បន្ន រដ្ឋបាលខេត្តប៉ៃលិនបានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលម្អបន្ថែម និងការថែទាំ ព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ក៏ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តក្នុងខេត្តប៉ៃលិនឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែក ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរឡើង។

ជាក់ស្តែងនៅថ្ងៃនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គភាពជំនាញជុំវិញខេត្ត បានចុះរៀបចំតុបតែងកែលម្អ ថែទាំនិងដាំផ្កាបន្ថែម នៅតាមសួនពុះចែកទ្រូងផ្លូវក្នុងទីរួមខេត្ត ក្នុងគោលបំណងចង់ឱ្យមន្ត្រីរាជការបង្ហាញពីចូលរួមចំណែកក្នុងការងារសង្គម និងការស្រលាញ់បរិស្ថាន ដែលជាគម្រូដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងទី២ គឺដើម្បីបង្កើនសាមគ្គីភាព ឯកភាព ប្រកបដោយភាពស្និទ្ធស្នាល និងការទទួលខុសត្រូវខ្ពស់។

នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំខេត្ត ក៏បានជំរុញដល់មន្ទីរអង្គភាពជំនាញជុំវិញខេត្តទាំងអស់ ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះការដាំផ្កា និងការថែទាំ ទៅតាមគោលដៅរបស់ខ្លួន ដែលរដ្ឋបាលខេត្តបានបែងចែក ដើម្បីរួមចំណែកលើកកំពស់សោភ័ណភាពសាធារណៈក្នុងខេត្ត ក្នុងជាមន្ត្រីរាជការបម្រើជាតិ និងប្រជាជន។

សូមបញ្ជាក់ថា ដើមផ្កាដាំតាមសួនពុះចែកទ្រូងផ្លូវ ក្នុងទីរួមខេត្ត ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការកំពុងធ្វើការតុបតែងកែលម្អ និងថែទាំនាពេលនេះ គឺជាប្រភេទរុក្ខជាតិ ដែលធនទៅនឹងអាកាសធាតុ ងាយស្រួលក្នុងការដាំ និងថែទាំ ដោយបានដាំដុះក្នុងអំឡុងខែមិថុនា ឆ្នាំ២០១៨ ដោយចំណាយថវិកាផ្ទាល់របស់លោក ផាន់ ចាន់ធុល៕