(បន្ទាយមានជ័យ​)៖​ ក្រុមចលនាយុវជនកម្ពុជា១៥៧ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៨​ ខែធ្នូ​ ឆ្នាំ២០១៨​នេះ ​បាននាំយកម៉ាស៊ីនភ្លើង១គ្រឿង​ សូឡាចំនួន៦ផ្ទាំង និងម៉ូទ័របូមទឹក១គ្រឿង ទៅប្រគល់ជូនកងអនុសេនាធំទី២ វរសេនាតូច​រថក្រោះលេខ៦៧​ ស្ថិតក្នុងភូមិកងវ៉ាសង្កាត់កំពង់ស្វា​យ​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ​ ដើម្បីប្រើប្រាស់ និងបំភ្លឺក្នុងអង្គភាព។

ពិធីប្រគល់បានធ្វើឡើង ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ​ ឈុន​ ម៉ៅ​ មេបញ្ជាការរងយោធភូមិភាគទី៥​ មេបញ្ជាការរងតំបន់ទី១ បន្ទាយមានជ័យ​ និងលោក​ ផូ​ ស៊ីតាល់​ នាយករដ្ឋបាលក្រុមចលនាយុវជនកម្ពុជា១៥៧ ខេត្តបន្ទាយមានជ័យ។

លោក ផូ​ ស៊ីតាល់ បានថ្លែងថា ដោយឃើញស្ថានភាពខ្វះខាតប្រព័ន្ធភ្លើងប្រើប្រាស់ សម្រាប់ធ្វើការងារ និងបំភ្លើងក្នុងអង្គភាព ក្រុមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ សហការជាមួយក្រុមកីឡាបាល់ទាត់មហាជន ខេត្តបន្ទាយមានជ័យ បានសន្យាជួយម៉ាស៊ីនភ្លើង និងសម្ភារប្រើប្រាស់បំភ្លឺ និងម៉ូទ័របូមទឹក។

ក្រោយពីបានប្រគល់សម្ភារ ដល់កងអនុសេនាធំទី២ វរៈសេនាតូច​រថក្រោះលេខ៦៧​ ក្រុមចលនាយុវជនកម្ពុជា១៥៧ ខេត្តបន្ទាយមានជ័យ ក៏បានបន្តទៅចែកសម្ភារៈសិក្សាដល់ក្មេងៗ សិស្សានុសិស្សចំនួន៦០០នាក់ ដែលកំពុងសិក្សារៀនសូត្រ ក្នុងសាលាបឋមសិក្សា ហ៊ុន សែន ទួលពង្រ ស្ថិតក្នុងភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ព្រមទាំងដាំកូនឈើ ប្រភេទដើមក្រដាសចំនួន៦០០ដើម ផងដែរ។

លោកបញ្ជាក់បន្តថា អំណោយជាសម្ភារសិក្សា ដែលត្រូវចែកជូនដល់សិស្ស៦០០នាក់ មានសៀវភៅ១០០ទំព័រ ចំនួន៦០០ក្បាល​ ប៊ិចពណ៌ខៀវចំនួន៦០០០ដើម និងដៃខ្មៅចំនួន៦០០ដើម។ ចំណែកលោកគ្រូ អ្នកគ្រូ និងមាតាបិតាសិស្សចំនួន៣០នាក់ ក្រុមការងារបានប្រគល់ជូន​ សារ៉ុងម្នាក់មួយ។ ជាមួយនោះដែរ ប្រតិភូថៃ ក៏បានជួយឧបត្ថម្ភបន្ថែមថ្នាំពេទ្យ ប្រភេទវីតាមីនចំនួន ១២ឈុត និងថវិការចំនួន ៨០០.០០០រៀល។

​សូមជំរាបថា សកម្មភាពក្រុមចលនាយុវជនកម្ពុជា(ក្រុម១៥៧) គឺធ្វើសកម្មភាពលើការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក មានអ្នកផ្ទុកមេរោគអេដស៍ និងចាស់ជរា​ពិការ​ ក្មេងកំព្រា​ ទុរគតជន៕