(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី០៨ ខែធ្ន ឆ្នាំ២០១៨នេះ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា គិតមកដល់ថ្ងៃទី៨ ខែធ្នូនេះ មិនមានការបាក់ស្រុតដី ក្នុងតំបន់ច្រាំងទន្លេ នៅក្រុងកំពង់ចាមបន្តទេនោះទេ។ លោកថា អាជ្ញាធរខេត្តកំពង់ចាម បាននិងកំពុងបន្តហាមឃាត់ការធ្វើដំណើរ ឆ្លងកាត់ជាបណ្ដោះអាសន្ន ក្នុងតំបន់ច្រាំងទន្លេ នៅក្នុងក្រុងកំពង់ចាម ដែលកំពុងរងការគំរាមកំហែង បាក់ច្រាំងធ្លាក់ចូលទៅក្នុងទន្លេ ខណៈអាជ្ញាធរ និងក្រសួងធនធានទឹក កំពុងសិក្សាលើបញ្ហាដែលកំពុងបាក់ស្រុតនោះ។
ជាមួយករណីនេះ កាលពីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ លោក គួច ចំរើន និងលោក ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ក៏បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យមើល និងសិក្សាបញ្ហាបាក់ស្រុតសួរច្បារ រូបសំណាក់ដំរី នៅតាមមាត់ទន្លេ ដែលកំពុងការខូចខាតនូវសំណង់សួរច្បារ និងរូបសំណាកដំរី ដើម្បីសំណើរទៅក្រសួង ធ្វើការកសាងជួសជុលឡើងវិញផងដែរ។
ច្រាំងទន្លេមេគង្គក្នុងខេត្តកំពង់ចាមប្រវែង ៧៩ម៉ែត្រ បានបាក់ស្រុតមុខកាត់៣ ទៅ៤ម៉ែត្រ នៅចំណុចខាងជើងស្ពានទន្លេបិទ នៅពីមុខសណ្ឋាគារចំនួន៣ គឺសណ្ឋាគារមនោរម្យ សណ្ឋាគារអិលស៊ីអិន និងសណ្ឋាគារមេគង្គ។ ប៉ុន្តែកន្លែងដែលបាក់ខ្លាំង នៅចន្លោះពីសណ្ឋាគារមនោរម្យទៅសណ្ឋាគារ អិលស៊ីអិន។
អាជ្ញាធរបានឃាំងហ៊ុព័ទ្ធកន្លែងនោះ កុំឲ្យពលរដ្ឋ និងទេសចរឆ្លងកាត់។ បន្ទាប់មកអ្នកជំនាញទៅសិក្សាកន្លែងនោះ ដើម្បីរកមូលហេតុជាក់ស្ដែងថា តើវាអាចនឹងបាក់បន្តទៀតទេ ក្នុងករណីវាមិនបាក់តទៅទៀតទេ អាជ្ញាធរខេត្តនឹងស្នើសុំទៅរាជរដ្ឋាភិបាលតាមរយៈក្រសួងធនធានទឹក និងខាងគ្រោះមហន្តរាយ ដើម្បីរកថវិកាមកជួសជុលនៅពេលទឹកស្រក។
មន្ត្រីជំនាញបានបញ្ជាក់ថា ការបាក់ច្រាំងនេះ មិនមែនកើតឡើងដោយករណីបូមខ្សាច់ទេ ព្រោះមិនមានការបូមខ្សាច់នៅក្នុងតំបន់ដែលបាក់នោះទេ។ ប៉ុន្តែលោកថា អ្នកជំនាញធ្លាប់រកឃើញមូលហេតុថា ការបាក់ច្រាំងនៅក្នុងក្រុងកំពង់ចាម គឺដោយសារតែចរន្តទឹកបុកទៅលើកោះឈ្មោះថា កោះដាច់។
លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម បានឲ្យដឹងថា ការបាក់ច្រាំងទន្លេជាថ្មីនេះ បានកើតមានឡើង បន្ទាប់ពីទឹកជំនន់ទន្លេមេគង្គ ចាប់ផ្ដើមស្រកផុតច្រាំង ដោយការបាក់ស្រុតច្រាំងទន្លេ ដែលបានកសាងឡើងក្នុងអំឡុង ឆ្នាំ២០១៣នេះ គឺស្ថិតនៅក្នុងភូមិទី១១ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលមានចំនួន២កន្លែង បណ្ដាលឲ្យខូចខាតខឿនច្រាំងទន្លេសម្រាប់ការពារទឹកជំនន់ និងសួនច្បារ ក្នុងនោះបានបាក់ស្រុតរហូតដល់រូបចម្លាក់សត្វដំរី និងសត្វតោសម្រាប់លម្អ។
បើយោងតាមការសិក្សាស្រាវជ្រាវជាបឋមរបស់មន្ត្រីជំនាញ នៃក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា ការបាក់ស្រុតច្រាំងទន្លេខាងលើជាថ្មីនេះ គឺបណ្ដាលមកពីការប្រែប្រួល នៃចរន្តទឹកទន្លេមេគង្គនារដូវវស្សាកន្លងមក។
បើយោងតាមការពិនិត្យជាក់ស្ដែង ស្ថានភាពនេះទំនងជាមិនអាចជួសជុល លើសំណង់លើកទី១បាននោះទេ លុះត្រាតែសាងសង់ថ្មីឡើងវិញ។ ហើយនេះក៏ជាគម្រោងធំរបស់ថ្នាក់ជាតិ ដែលត្រូវរកលទ្ធភាព សាងសង់ឡើងវិញនារដូវទឹកស្រក ខាងមុខនេះផងដែរ៕