(ភ្នំពេញ)៖ លោក ឯក សំអុល ប្រធានសមាគមមិត្តភាព កម្ពុជា-ចិន នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨នេះ បានលើកឡើងថា វិស័យអចលនទ្រព្យ និងវិស័យសំណង់ គឺជាវិស័យចម្បង ដែលជួយទ្រទ្រង់ ដល់កំណើនសេដ្ឋកិច្ច និងបានរួមចំណែកយ៉ាងធំធេង ក្នុងការជំរុញការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា។
ការលើកឡើងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល ប្រធានសមាគមមិត្តភាព កម្ពុជា-ចិន អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបើកសម្ពោធលក់ គម្រោងខុនដូរ BOYI-NEW WORLD ដែលមានទីតាំង នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨នេះ។
លោក ឯក សំអុល បានថ្លែងថា គម្រោងខុនដូរ BOYI-NEW WORLD ស្ថិតនៅតំបន់ដែលសម្បូរ ទៅដោយអភិជនរស់នៅ ហើយក៏ជាជឿជាក់ថា នៅពេលបញ្ចប់គម្រោង វានឹងក្លាយទៅជាទីតាំងថ្មីមួយ ដែលអាចចូលរួម យ៉ាងសកម្ម ក្នុងការលើកកម្ពស់រូបរាងថ្មី និងការរស់នៅថ្មី នៅក្នុងរាជធានីភ្នំពេញ ហើយស្តារឡើងវិញនូវកិត្តិនាម របស់ទីក្រុងភ្នំពេញ ដែលធ្លាប់មានឈ្មោះល្បីល្បាញថាជា «គុជនៃតំបន់អាស៊ីអាគ្នេយ៍»។
ប្រធានសមាគមមិត្តភាព កម្ពុជា-ចិន បានបញ្ជាក់ទៀតថា គម្រោងនេះ វានៅជិតនឹងអង់តែនទួលគោក ដែលអាចធ្វើចរាចរងាយស្រួល ព្រមទាំងជាភូមិសាស្រ្តវប្បធម៌ និងសេដ្ឋកិច្ចការរីកចម្រើនខ្លាំង។ លោកបន្ដថា BOYI-NEW WORLD បានចាក់គ្រឹះ នៅរាជធានីភ្នំពេញ វាឆ្លុះបញ្ចាំងឲ្យឃើញអំពីទំនុកចិត្ត របស់ក្រុមហ៊ុនបរទេស ជាពិសេសក្រុមហ៊ុនចិន ដែលកំពុងវិនិយោគ នៅក្នុងប្រទេសកម្ពុជា។
លោក ឯក សំអុល បានលើកឡើងផងដែរថា បច្ចុប្បន្នប្រទេសកម្ពុជា បានទទួលនូវសន្តិភាព និងស្ថិរភាពពេញលេញ ហើយមានការរីកចម្រើន គួរឲ្យកត់សម្គាល់លើគ្រប់វិស័យ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជា បានរក្សាអត្រាកំណើនយ៉ាងខ្លាំងក្លាប្រចាំឆ្នាំ៧% ហើយប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ បានបន្តកើនឡើង កម្រិតជីវភាព ក៏មានការកើនឡើងជាលំដាប់។
លោកថា «នៅក្នុងនោះ វិស័យអចលនទ្រព្យ និងវិស័យសំណង់ គឺជាវិស័យចម្បង ដែលជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច និងបានរួមចំណែកយ៉ាងធំធេង ក្នុងការជំរុញការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា»។
ជាមួយគ្នានោះ លោក ឯក សំអុល បានបន្ថែមថា មិត្តភាពរវាងកម្ពុជា និងចិន មានប្រវត្តិយូរអង្វែង ហើយការផ្លាស់ប្តូររវាងប្រជាជនទាំងពីរ ក៏មានប្រវត្តិយូរលង់មកហើយ។ ប្រទេសទាំងពីរ បានឆ្លងកាត់ព្យុះភ្លៀង និងការសាកល្បងជាច្រើន ប៉ុន្តែពុំមានការរង្គោះរង្គើអ្វីឡើយ ព្រមទាំងទទួលបានតម្លៃល្អៗ បន្ថែមទៀត។
លោកបន្ដថា «មិនថាស្ថានភាពអន្ដរជាតិផ្លាស់ប្តូរយ៉ាងណាទេ ប្រទេសយើងទាំងពីរ នៅតែខិតខំពុះពារជំរុញការអភិវឌ្ឍភាព ទំនាក់ទំនងជាដៃគូកិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ឆ្នាំនេះ គឺជាខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតជាផ្លូវការ រវាងកម្ពុជា-ចិន»។
លោក ឯក សំអុល បានបន្ថែមទៀតថា កន្លងមក ប្រទេសយើងទាំងពីរ បានសម្រេចនូវសមិទ្ធផលដ៏ធំធេងជាច្រើន នៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ សុខាភិបាល និងទេសចរណ៍ជាដើម។ ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងកម្ពុជា និងចិន មិនត្រឹមតែស្ថិតនៅកម្រិតរដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងមានសហប្រតិបត្តិការ មិត្តភាពរវាងប្រជាជន និងប្រជាជន។
ជាមួយនឹងការបន្តវិនិយោគ របស់សហគ្រាសចិន លោកជឿជាក់ថា នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិមិត្តភាព ព្រមទាំងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់នូវកម្រិត នៃកិច្ចសហប្រតិបត្តិសេដ្ឋកិច្ច នៃប្រទេសទាំងពីរ។
ទន្ទឹមគ្នានេះ លោកក៏ជឿជាក់ផងដែរថា គម្រោងខុនដូរ BOYI- NEW WORLD មិនត្រឹមតែជាការលក់ខុនដូរ ឬលំនៅឋានប៉ុណ្ណោះទេ តែក្រុមហ៊ុន ក៏ចង់ផ្តល់ជូនវិធីរស់នៅថ្មី ដែលមានលក្ខណៈសម័យទំនើប សម្រាប់អតិថិជនគ្រប់គ្នាៗ ដែលវានឹងអាចជួយបំពេញតម្រូវការ សម្រាប់ប្រជាជនទីក្រុងភ្នំពេញ នៅក្នុងការរស់នៅ និងការកម្សាន្តបែបលក្ខណៈទំនើប៕