(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកប្រទេសកម្ពុជាវិញប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃនៅក្នុងប្រទេសឡាវ និងវៀតណាម។
សម្តេចតេជោ ហ៊ុន សែន បានផ្តើមដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសឡាវកាលពីថ្ងៃទី០៥ ខែធ្នូ កន្លងទៅនេះ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីសូលីត ក្នុងបំណងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសមានភូមិផងរបងជាប់គ្នានេះទាំងផ្នែកនយោបាយ សង្គមកិច្ច សេដ្ឋកិច្ច និងពាណិជ្ជកម្ម ឲ្យកាន់តែស៊ីជម្រៅ និងល្អប្រសើរថែមទៀត។
ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ ទទួលបានការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងក្លៀវក្លាបំផុតពីនាយករដ្ឋមន្ត្រីឡាវ និងថ្នាក់ដឹកនាំរបស់ប្រទេសឡាវដទៃទៀត។ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសឡាវនេះ ក្រៅពីការជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវហើយនោះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ ក៏បានចូលជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋឡាវ និងប្រធានរដ្ឋសភាឡាវផងដែរ។
ក្នុងដំណើរទស្សនកិច្ចនេះក្រៅតែពីការជជែកពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បញ្ហាព្រំដែន ទប់ស្កាត់បទល្មើសតាមព្រំដែន រួមមានការជួញដូរគ្រឿងញៀនជាដើមនោះ ក៏ត្រូវបានលើកមកពិភាក្សា និងរកដំណោះស្រាយផងដែរ។ បញ្ហាព្រំដែនកម្ពុជា-ឡាវ ព្រមព្រៀងកសាងស្ពានឆ្លងកាត់ទន្លេល្បៅ។ ដោយឡែកបញ្ហាព្រំដែននៅចំណុចអូរតាង៉ាវភាគីទាំងពីរ បានព្រមព្រៀងឲ្យមន្ត្រីជំនាញពន្លឿនក្នុងការកសាងឯកសារនានាបញ្ជូនទៅរដ្ឋាភិបាលបារាំង ដើម្បីស្នើអ្នកជំនាញមកប្តូរផែនទីបោនខ្នាត ១លើ ១០០ពាន់ ទៅផែនទី UTM ១ លើ ៥០ពាន់ ដែលអាចឲ្យភាគីទាំងពីរកំណត់ឲ្យបានច្បាស់ពីបន្ទាត់ព្រំដែននៅប្រទេសទាំងពីរ ដែលបន្សល់ពីអាណានិគមបារាំង។
ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសឡាវនាពេលនេះ ក៏បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៤ផងដែរ រួមមាន៖ ទី១. កិច្ចព្រមព្រៀងស្តីពីវិស័យអប់រំ សម្រាប់រយៈពេល ៥ឆ្នាំ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០១៩, ទី២. អនុស្សារណ:នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្ប: សម្រាប់ឆ្នាំ២០១៩-២០២១, ទី៣. អនុស្សារណ:នៃការយោគយល់គ្នា ស្តីពីការខ្ចីសត្វដំរីសម្រាប់ការបង្ហាញសិល្ប: និងការផ្លាស់ប្តូរវប្បធម៌ នៅសួនសត្វសាហ្វារី រាជធានីភ្នំពេញ និងទី៤. អនុស្សារណ:នៃការយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងទិញ-លក់ថាមពលអគ្គិសនីតាមតង់ស្យុងខ្ពស់ ២៣០ និង ៥០០គីឡូវ៉ុល ពីស្ថានីយ៍បានហាត ប្រទេសឡាវ មកស្ថានីយ៍ស្ទឹងត្រែងរបស់ប្រទេសកម្ពុជា។
ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសឡាវ ប្រកបដោយផ្លែផ្កាខ្ពស់នៅល្ងាចថ្ងៃទី០៦ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូបន្តដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមតែម្តង។ ដំណើរបំពេញទស្សនកិច្ចនៅទីក្រុងហាណូយ ប្រទេសវៀតណាម សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូទទួលបានការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងក្លៀវក្លា ពីនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ៊្វុក និងថ្នាក់ដឹកនាំវៀតណាមដទៃទៀត។
ក្នុងដំណើរទស្សនកិច្ចនេះ ក៏មិនខុសពីដំណើរទស្សនកិច្ចនៅក្នុងប្រទេសឡាវផងដែរ នៅក្នុងជូបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀណាម ក៏ដូចជាប្រធានរដ្ឋវៀណាម ង្វៀន ហ៊្វូជុង សុទ្ធតែផ្តោតជាសំខាន់ទៅលើការពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើផ្នែកនយោបាយ បញ្ហាសង្គម សេដ្ឋកិច្ច និងពាណិជ្ជកម្មឲ្យកាន់តែល្អប្រសើរ។
ប្រមុខដឹកនាំប្រទេសទាំងពីរសន្យាជំរុញទំហំពាណិជ្ជកម្មសម្រេចឲ្យបាន ៥០០លានដុល្លារអាមេរិកនៅឆ្នាំ២០២០ ហើយក៏បានសន្យាពន្លឿនការបោះបង្គោលព្រំដែនប្រទេសទាំងពីរដែលនៅសេសសល់ប្រមាណ ១៦ភាគរយទៀត ឲ្យចប់សព្វគ្រប់នៅឆ្នាំ២០១៩ខាងមុខនេះ។
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមនេះ សម្តេចតេជោ ក៏បានឆ្លៀតបញ្ជាក់ទៅកាន់សមភាគីវៀតណាមផងដែរ ជុំវិញការផ្សព្វផ្សាយថា កម្ពុជាកំពុងផ្តល់មូលដ្ឋានកងទ័ព ឲ្យប្រទេសដទៃ។ សម្តេចតេជោ បានគូសបញ្ជាក់ថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាតឲ្យមានទ័ពបរទេសនៅលើទឹកដីខ្លួន ហើយក៏មិនឲ្យកងទ័ពខ្លួននៅលើទឹកដីបរទេសក្រៅពីក្របខណ្ឌអង្គការសហប្រជាជាតិនោះឡើយ។
សម្តេចតេជោ បានលើកឡើងថា ការផ្សព្វផ្សាយនោះជាព័ត៌មានមិនពិត ជាព័ត៌មានញុះញង់ក្នុតចេតនាបំផ្លេចបំផ្លាញ។ សម្តេចសង្ឃឹមថា ព័ត៌មានចចាមអារ៉ាមដែលធ្វើឲ្យមានការរស៊ើបខ្លាំងនេះ នឹងមិនត្រូវបានសាយសុះទៀតនោះឡើយ។
ឯកសារសំខាន់ៗចំនួន៦ ត្រូវបានចុះហត្ថលេខាបន្តក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន សួនហ៊្វុក។ ឯកសារដែលបានចុះហត្ថលេខានោះរួមមាន៖ ទី១. អនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីយុទ្ធសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន សម្រាប់រយៈ ពេល ៧ឆ្នាំ ពីឆ្នាំ២០១៨-២០២៥, ទី២. វិសោធនកម្មពិធីសារ (ឆ្នាំ២០០៥) សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងនៃការដឹកជញ្ជូនតាមផ្លូវគោក (ឆ្នាំ១៩៩៨) ទី៣វិសោធនកម្មកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនផ្លូវទឹក (ឆ្នាំ២០០៩), ទី៤. កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម, ទី៥. កិច្ចសម្របសម្រួលជំរុញពាណិជកម្មទ្វេភាគីកម្ពុជា-វៀតណាម សម្រាប់ឆ្នាំ២០១៨-២០១៩ ស្តីពីការអនុគ្រោះលើពន្ធបន្ទាត់ពន្ធគយឲ្យគ្នាទៅវិញទៅមក និងទី៦. កិច្ចព្រមព្រៀងស្តីពីការទប់ស្កាត់ការជួញដូរ ការជីកកកាយដោយខុសច្បាប់ និងការនាំត្រឡប់មកវិញ នូវសម្បត្តិបេតិកភណ្ឌ នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចវៀតណាម-កម្ពុជាផងដែរ។ ក្នុងវេទិកានោះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យធុរកិច្ចជនវៀតណាម មកវិនិយោ គនៅកម្ពុជា ខណៈដែលកម្ពុជាមានសក្តានុពល និងឧត្តមភាពជាច្រើនសម្រាប់ការវិនិយោគ ជាមួយការយកចិត្តទុកដាក់ និងលើកទឹកចិត្តខ្ពស់សម្រាប់អ្នកវិនិយោគបរទេសពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។

ខាងក្រោមជាអត្ថបទទាក់ទងនឹងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងប្រទេសឡាវ និងប្រទេសវៀតណាម៖
- សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម:
- កម្ពុជា-វៀតណាម ប្តេជ្ញាប្រឹងប្រែងបោះបង្គោលព្រំដែន ឲ្យបានចប់សព្វគ្រប់នៅឆ្នាំ២០១៩ (Video inside):
- សម្តេចតេជោ ហ៊ុន សែន ជំរុញអ្នកវិនិយោគវៀតណាមមកវិនិយោគនៅកម្ពុជា (Video inside):
- សម្ដេចតេជោ ហ៊ុន សែន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ប្រធានរដ្ឋឡាវ:
- ពិធីសារសំខាន់ៗចំនួន៤ ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ដ្រីឡាវ: