(កោះកុង)៖ លោក លឹម សុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចប្រកាសតែងតាំងជានាយករដ្ឋបាលសាលាខេត្តកោះកុង ហើយនៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ការប្រកាសឲ្យចូលកាន់ តំណែងបានធ្វើឡើងក្រោមអធិបតីភាពលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងមានការចូលរួមពីសំណាក់មន្ត្រីរាជការគ្រប់ស្ថាប័ន។
លោក លឹម សុវណ្ណ នាយករដ្ឋបាលថ្មី បានប្តេជ្ញាចិត្តថា ដើម្បីឆ្លើយតបដឹងគុណដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំខេត្ត ដែលបានសម្រេចផ្តល់ភារកិច្ចជូន លោកបាននឹងខិតខំ អនុវត្តការងារជូនប្រទេសជាតិ ឲ្យស្របទៅតាមច្បាប់ថ្នាក់លើ ថ្នាក់ខេត្តដាក់ជូន ស្របទៅតាមច្បាប់ ព្រះរាជក្រឹត្យ ព្រះរាជក្រម អនុក្រឹត្យ សេចក្តីណែនាំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តិនានា ដែលកំពុងមានជាធរមានបានល្អប្រសើរ ជាពិសេស ខិតខំអនុវត្តន៍យកចិត្តទុកដាក់ទៅតាមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំខេត្ត ហើយប្តេជ្ញារក្សានូវភាពសាមគ្គី សហការជាមួយមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋដោយមិនរើស។
លោកស្រី មិថុនា ភូថង អភិបាលខេត្ត បានផ្តាំផ្ញើថា មន្ត្រីថ្មី ឬមន្ត្រីចាស់ធ្វើយ៉ាងណាត្រូវអនុវត្ត ទៅតាមតួនាទីជាមន្ត្រីរាជការ ដែលថ្នាក់លើបានប្រគល់ជូន ដើម្បីបម្រើប្រទេសជាតិ បម្រើប្រជាជន មិនមែនគិតតែផលប្រយោជន៍ខ្លួនឯងនោះទេ ត្រូវគិតពីប្រទេស និងប្រជាពលរដ្ឋជាចម្បង។
លោកស្រីថា បានណែនាំឲ្យក្រុមមន្រ្តីនៅឲ្យកៀសជាមួយប្រជាជន ត្រូវចេះជួយប្រជាជន ក្នុងគ្រាមានបញ្ហាអ្វីមួយដែលកើតឡើងលើពួកគាត់ ហើយត្រូវមានក្រមសិលធម៌ល្អ ជាមន្ត្រីរាជការល្អ ចេះសហការគ្នា សាមគ្គីគ្នា ស្រលាញ់គ្នា ដូចបងប្អូនដូចគ្រួសារតែមួយ ដើម្បីចូលរួមអភិវឌ្ឍន៍ខេត្តឲ្យមានភាពរីកចំរើនគ្រប់វិស័យ៕