(ភ្នំពេញ)៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ជ.គ) នឹងរៀបចំសន្និសីទប្រចាំឆ្នាំ ស្ដីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា ក្រោមប្រធានបទ «ធ្វើការរួមគ្នាដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដែលរៀបចំធ្វើឡើងនាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅសាលសហសិក្សា សម្ដេចតេជោ ហ៊ុន សែន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។
ជាក់ស្ដែង នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានរៀបចំសន្និសីទព័ត៌មានមួយ ស្ដីពី ការប្រារព្ធសន្និសីទប្រចាំឆ្នាំ ស្ដីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា «ធ្វើការរួមគ្នាដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដើម្បីឲ្យកាន់តែយល់ច្បាស់អំពីកម្មវិធី ដែលរៀបចំធ្វើឡើងនៅសាលប្រជុំ សណ្ឋាគារ សាន់វេ រាជធានីភ្នំពេញ។
សន្និសីទព័ត៌មាននេះ មានការអញ្ជើញចូលរួមពី លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ គ.ស.ជ.គ, លោក គឹម បញ្ញា នាយកប្រចាំប្រទេសកម្ពុជា អង្គការមូលនិធិ បង្ការរបួសអាស៊ី, លោក Florent DE WARREN តំណាងជាន់ខ្ពស់ ក្រុមហ៊ុន Cambodia Airports, លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងជានាយកចាត់ការទូទៅ ក្រុមហ៊ុន Manulife Cambodia។
សន្និសីទព័ត៌មាន ស្ដីពី ការប្រារព្ធសន្និសីទប្រចាំឆ្នាំ ខាងលើនេះ រៀបចំធ្វើឡើងក្នុងគោលបំណងធំៗ ចំនួន២រួមមាន៖
* ធ្វើការប្រកាសជាផ្លូវការអំពីសន្និសីទប្រចាំឆ្នាំ និងអញ្ជើញវាគ្មិនសំខាន់ៗ អ្នកឧបត្ថម្ភ និងអ្នកចូលរួម
* បង្ហាញ និងអរគុណជាផ្លូវការ ដល់អ្នកឧបត្ថម្ភសម្រាប់ការគាំទ្រដល់សន្និសីទប្រចាំឆ្នាំ។
ថ្លែងក្នុងពិធីនោះ លោកស្រី មឹន មាណវី បានបញ្ជាក់ថា សន្និសីទប្រចាំឆ្នាំ ដែលរៀបចំនាថ្ងៃទី១៣ ខែធ្នូ ខាងមុខនេះ គឺបង្កើតឡើងដើម្បីផ្ដល់ឱកាស សម្រាប់ការជួបជុំគ្នា នៃអ្នកកសាង និងអនុវត្ដគោលនយោបាយ ស្ថាប័នរាជរដ្ឋាភិបាលនានា ដៃគូពាក់ព័ន្ធ លើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
អគ្គលេខាធិការ គ.ស.ជ.គ រូបនេះ បានបន្ដទៀតថា ដោយក្នុងនោះរួមមាន អ្នកតស៊ូមតិ វិស័យឯកជន ប្រព័ន្ធផ្សព្វផ្សាយ សិល្បៈករ អង្គការសង្គមស៊ីវិល បណ្ដាញអង្គការ-វិស័យឯកជនផ្សេងៗ និងយុវជន-និស្សិត ដើម្បីផ្លាស់ប្ដូរចំណេះដឹង-ព័ត៌មាន និងបទពិសោធន៍នានា។
លោកស្រី មឹន មាណវី បានបន្ថែមថា ជាមួយគ្នានោះផងដែរ ក៏មានការពិភាក្សាគ្នា អំពីយុទ្ធសាស្ដ្រ និងសកម្មភាព ដែលអាចអនុវត្ដជាក់ស្ដែង ក្នុងការរួមចំណែកពន្លឿនវឌ្ឍនភាព ឆ្ពោះទៅសម្រេចបាននូវគោលដៅសង្គ្រោះជីវិត ដែលប្រទេសកម្ពុជា បានប្ដេជ្ញាចិត្ដក្នុងការគាំទ្រ ដល់ទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក របស់អង្គការសហប្រជាជាតិឆ្នាំ២០១១-២០២០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕