(ភ្នំពេញ)៖ លោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌឫស្សីកែវ បានជំរុញមន្ត្រីក្រោមឱវាទ រដ្ឋបាលខណ្ឌទាំងអស់ឲ្យយកចិត្តទុកដាក់ផ្ដោតសំខាន់លើរបៀបវារៈ ទាក់ទងទៅនឹងបញ្ហាការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ចរាចរណ៍ ក្នុងទិសដៅត្រៀមលក្ខណៈឲ្យរួចរាល់ ដើម្បីការពារនៅក្នុងកម្មវិធីបុណ្យជាតិសំខាន់ៗ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។
ការជំរុញយ៉ាងដូច្នេះ របស់លោកអភិបាលខណ្ឌឬស្សីកែវ បានធ្វើឡើងនៅសាលប្រជុំ គណៈបញ្ជាការឯកភាពសាលាខណ្ឌ នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាអភិបាលរងខណ្ឌ លោកអធិការខណ្ឌ នាយប៉ុស្ដិ៍ ប្រធាន អនុប្រធានតាមបណ្ដាការិយាល័យ ជំនាញចំណុះខណ្ឌ ចៅសង្កាត់ ចៅសង្កាត់រង មេភូមិ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
លោក ជា ពិសី បានសង្កត់ធ្ងន់ថា សូមឲ្យមន្ត្រីមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាព លើការពង្រឹងកិច្ចការងារគ្រប់វិធានការជំនាញ ដើម្បីការពាររក្សាសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍ សាធារណៈឲ្យបានល្អប្រសើរ ដោយផ្ដោតសំខាន់ នោះគឺដើម្បីត្រៀមលក្ខណៈ ឲ្យរួចរាល់ជាមុន ដើម្បីការពារនៅក្នុងកម្មវិធីបុណ្យជាតិសំខាន់ៗ ដែលនិងឈានមកដល់នាពេលខាងមុខ ក៏ដូចជាដើម្បីឆ្លើយតបទៅនិងគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន៕