(កោះស៊ូម៉ាត្រា-ឥណ្ឌូនេស៊ី)៖ ថ្លែងក្នុងកិច្ចប្រជុំ នៃការបង្កើតសមាគមសម្ព័ន្ធបញ្ញវន្តមុស្លិមអាស៊ីអាគ្នេយ៍ ដែលធ្វើឡើងនៅក្រុង Lampung កោះស៊ូម៉ាត្រា សាធារណរដ្ឋឥណ្ឌូនេស៊ី ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ប្រធានសហភាពបញ្ញវន្តមុស្លីមកម្ពុជា បានលើកឡើងថា សមាគមបញ្ញវន្តមុស្លិមអាស៊ីអាគ្នេយ៍ ICMA ជាឃ្លាំងធនធានមនុស្សដ៏ចាំបាច់បំផុត ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសសមាជិកប្រកបដោយចីរភាព។
លោកបន្តថា តាមរយៈសមាជិកប្រទេស ICMA យើងនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរទៀត ស្តីពីបម្លាស់ប្តូរបទពិសោធន៍ ជំរុញការវិនិយោគគ្រប់ទម្រង់ ក្នុងប្រទេសសមាជិក និងការចូលរួមលើកស្ទួយគ្រប់វិស័យនានា ក៏ដូចជាការអភិវឌ្ឍន៍ធនធានមនុស្ស ទាំងចំណេះដឹង និងការច្នៃប្រឌិតផងដែរ។
ថ្លែងទៅកាន់សមាជិក ICMA ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ក៏បានជម្រាបអំពីសក្តានុពលវិនិយោគ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសកម្ពុជា មានធនធានគ្រប់គ្រាន់ទាំងវត្ថុធាតុដើម និងកម្លាំងពលកម្ម ហើយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បើកទ្វារស្វាគមន៍ជានិច្ច ដល់បណ្តាវិនិយោគិនក្នុង និងក្រៅតំបន់មកបណ្តាក់ទុននៅកម្ពុជា។
ការលើកឡើងនេះ គឺជាការប្តេជ្ញារួមគ្នាជាមួយតំណាងប្រទេសជា សមាជិក ICMA ចំនួន១១ប្រទេស នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ឆ្លើយតបនឹងការជំរុញ យ៉ាងយកចិត្តទុកដាក់ទៅកាន់អង្គប្រជុំ ដោយលោក YTH Bapak Ir. H. Joko Widodo ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅរាត្រីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ប្រកាសបើកកិច្ចប្រជុំ ការបង្កើតសមាគមសម្ព័ន្ធបញ្ញវន្តមុស្លិមអាស៊ីអាគ្នេយ៍៕