(ឥណ្ឌូនេស៊ី)៖ ដោយមើលឃើញពីគោលនយោបាយដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាពិសេសការធ្វើឲ្យមានសុខដុមបនីយកម្ម ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ធ្វើឲ្យអង្គប្រជុំតំណាងប្រទេសសមាជិក សមាគមបញ្ញវ័ន្តមុស្លិមអាស៊ាន (ICMA) បានកោតសរសើរ ព្រមទាំងលើកសំណើរព្រមៗគ្នា ឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ ICMA លើកទី២ ដើម្បីរៀបចំលក្ខន្ដិកៈផ្សេងៗ ដែលគ្រោងនឹងរៀបចំឡើងនៅខែកុម្ភៈ ឆ្នាំ២០១៩នេះ។
នេះបើយោងតាមការបញ្ជាក់របស់ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ដែលជាប្រធានសហភាពបញ្ញវ័ន្តមុស្លិមកម្ពុជា និងជាសមាជិក ICMA ក្នុងឱកាសកិច្ចប្រជុំចង្អៀត នៃពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ រវាងសមាជិក ICMA ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ នៅសាកលវិទកយាល័យ Bandar Lampung កោះស៊ូម៉ាត្រា សាធារណរដ្ឋឥណ្ឌូនេស៊ី។
ទោះបីយ៉ាងណា អង្គភាពព័ត៌មាន Fresh News នៅមិនទាន់ទទួលព័ត៌មាន អំពីការឯកភាព និងសម្រេចជាផ្លូវការតបតាមសំណើរ ឬយ៉ាងណានោះទេ ប៉ុន្ដែករណីនេះលោក កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការព័ត៌មាន និងឃោសនាអប់រំ របស់សហភាពបញ្ញវ័ន្តមុស្លិមកម្ពុជា នឹងធ្វើសេចក្តីរាយការណ៍ជាបន្តបន្ទាប់៕