(ភ្នំពេញ)៖ សាលារៀន NEW GATEWAY INTERNATIONAL SCHOOL បានបន្ដរៀបចំកម្មវិធីជំនួបរវាងមាតាបិតាសិស្ស និងលោកគ្រូអ្នកគ្រូ ដើម្បី​ព្យាយាមធ្វើយ៉ាងណាឲ្យការសិក្សារបស់សិស្សានុសិស្សទាំងអស់មានភាពល្អប្រសើរ ព្រោះមានការចូលរួមពីមាតាបិតាសិស្ស។

អ្នកឧកញ៉ា ប៊ុន ណារី អគ្គនាយកាសាលា NEW GATEWAY បានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ថា សាលា NEW GATEWAY ពិតជាមានក្ដីរំភើបរីករាយឥតឧបមា ដែលមាតាបិតាសិស្សទាំងអស់ ផ្ដល់ទំនុកចិត្តដល់សាលារៀននេះ។

អ្នកឧកញ៉ា បន្ដទៀតថា សាលារៀន NEW GATEWAY ជាសាលារៀនចំណេះទូទៅមួយ ដែលត្រូវបានទទួលស្គាល់ពី ក្រសួងអប់រំ​ យុវជន និងកីឡា ដែលមានកម្មវិធីសិក្សាចាប់ពីថ្នាក់មតេយ្យ រហូតដល់ថ្នាក់ទី១២ សម្រាប់ចំណេះដឹងទូទៅខ្មែរ និងស្ថាប័នខែមប្រិជ របស់ចក្រភពអគ្លេស សម្រាប់ថ្នាក់ចំណេះដឹងភាសាអគ្លេស។

អ្នកឧកញ៉ាបន្ដថា បច្ចុប្បន្ននេះសាលារៀនបានកំពុងចូលរួមចំណែក យ៉ាងសកម្មក្នុងការផ្ដល់ចំណេះដឹង ដល់សិស្សានុសិស្ស ជាមួយលោកគ្រូអ្នកគ្រូ ដែលមានគរុកោសល្យ និងបទពិសោធខ្ពស់ ចំណែកឯបន្ទុកសិក្សាវិញបានបំពាក់នូវគ្រឿងបរិក្ខាទំនើបៗ ងាយស្រួលក្នុងការ​សិក្សាប្រកបដោយផាសុខភាព។

សូមបញ្ជាក់ថា សាលារៀន NEW GATEWAY តែងតែបង្កើតឲ្យមានកម្មវិធីជំនួបខាងលើនេះ ដើម្បីជាជំនួយ ក្នុងការស្វែងយល់ពីការវិវឌ្ឍន៍ស្មារតី ចំណេះដឹង អត្តចរិក ការចូលរួមក្នុងកិច្ចការសាលា ផ្ទះ និងសហគមន៍ ដើម្បីផ្ដល់ឱកាស ឲ្យមាតាបិតាអាណាព្យាបាល និងគ្រូបង្រៀនបានយល់ដឹង​កាន់តែច្បាស់ និងចាត់វិធានការដោយះស្រាយ ក៏ដូចជាផែនការផ្សេងៗ ក្នុងការជួយកុមារ សិស្សានុសិស្ស ទទួលបានការអប់រំ ដែលសមស្រប់ តាមទេពកោសល្យ និងសមត្ថភាពជាក់ស្ដែង៕