(ភ្នំពេញ)៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្កើតព្រឹត្តិការណ៍ថ្មីមួយដែលធ្វើឱ្យពលរដ្ឋខ្មែរជាពិសេសស្រទាប់យុវវ័យបែរមករកការអានសៀវភៅភ្លាមៗស្ទើរតែមិនគួរឱ្យជឿ។

ការតាំងពិព័ណ៌សៀវភៅឆ្នាំនេះត្រូវបានគេពណ៌នាថា "ផ្ទុះ ឬកក្រើក" ដល់សិស្ស និស្សិត និងអ្នកនិយមអាន ព្រោះសម្តេចហ៊ុន សែន បានរៀបចំឱ្យមានព្រឹត្តិការណ៍ចែកជូនសៀវភៅដោយឥតគិតថ្លៃ នូវស្នាដៃដ៏ល្អឯករបស់អ្នកប្រាជ្ញវោហាសាស្រ្តខ្មែរ និងទស្សនៈល្អៗជួយអប់រំទាំងផ្លូវកាយនិងផ្លូវចិត្តនិងសេចក្តីពន្យល់នានាដែលនាំទៅរកសេចក្តីសុខ។

សិស្ស និស្សិត ព្រះសង្ឃ និងមហាជនរាប់មុឺននាក់បានសម្រុកចូលទៅបណ្ណាល័យជាតិក្បែរវត្តភ្នំ ធ្វើឱ្យអ្នកនិពន្ធនិងអ្នកលក់សៀវភៅទាំងអស់មានក្តីសង្ឃឹមឡើងវិញ ព្រោះឃើញចរន្តអ្នកអានកើនឡើងយ៉ាងគំហុកមិននឹកស្មានដល់។

លោកស្រី ខ្លូត វិបុលឡា ប្រធានបណ្ណាល័យជាតិកម្ពុជាបានមានប្រសាសន៍ថា លោកស្រីសប្បាយចិត្តណាស់ឆ្នាំនេះ ព្រោះ "អំណោយសៀវភៅរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យកក្រើកដល់អ្នកសិក្សាស្ទើពេញមួយនគរ"។

លោកស្រី បានបន្តថា គ្រាន់តែនៅថ្ងៃទីមួយ អ្នកដែលចូលរួមពិព័ណ៌សៀវភៅមានដល់ទៅជាង៣មុឺននាក់ មិនធ្លាប់មានទេក្នុងប្រវត្តិតាំងពិព័ណ៌សៀវភៅក្នុងរយៈពេល៧ឆ្នាំកន្លងមកនេះ។

ជាច្រើនឆ្នាំមកហើយដែលឳពុកម្តាយ អាណាព្យាបាលនិងគ្រូបង្រៀនតែងសម្តែងក្តីបារម្មណ៍អំពីនិន្នាការរបស់កូនៗ ក្មួយៗ និងយុវជនដែលមិនសូវព្យាយាមក្នុងការសិក្សាជាពិសេសគឺការអាន ប៉ុន្តែយុទ្ធនាការឬជាយុទ្ធសាស្រ្តថ្មីមួយដែលគេពុំបានគិតដល់ ឬពុំធ្លាប់បានធ្វើដោយមេដឹកនាំរូបណាមួយក្នុងប្រវត្តិសិក្សាអប់រំរបស់ខ្មែរ នោះគឺការចែកសៀវភៅទ្រង់ទ្រាយធំដោយឥតគិតថ្លៃពីថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា សម្តេច ហ៊ុន សែន ។

សូមឱ្យអំណោយមនុស្សធម៌និងទឹកចិត្តដ៏ថ្លៃថ្លានេះ នាំទៅដល់ការពញ្ញាក់ស្មារតីឱ្យកាន់តែផុសផុលដល់យុវជនខ្មែរគ្រប់រូបឱ្យនាំគ្នា "បែរមករកសៀវភៅ អានសៀវភៅ" ដើម្បីយកចំណេះវិជ្ជាពិតប្រាកដ "ទុកសម្រាប់ជួយខ្លួនឯង ជួយគ្រួសារ និងសង្គមជាតិ" ៕