(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ១៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា (ហៅកាត់ថា កក្រក) ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជាលើកទី ៣ ជូនបុគ្គលិកអប់រំ គរុសិស្ស និងគរុនិស្សិត នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សរុបចំនួន ៤៩០នាក់ ដែលភាគច្រើនមកពីខេត្តឆ្ងាយៗកំពុងរស់នៅក្នុងអន្តេវាសិកដ្ឋាន បាននិងកំពុងរួមចំណែកអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអប់រំនៅកម្ពុជា។
ពិធីសំណេះសំណាលនេះ បានបើកឱកាសឱ្យមន្រ្តីកាកបាទក្រហមកម្ពុជា បានស្គាល់ និងយល់ដឹង ពីវឌ្ឍនភាពរបស់វិទ្យាស្ថាន ដែលមានឈ្មោះដើមថា «មជ្ឈមណ្ឌលគរុកោសល្យភូមិភាគរាជធានីភ្នំពេញ និងសាលាគរុកោសល្យ និងវិក្រិតការ» ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៨៤ រហូតដល់បច្ចុប្បន្ន។
ចំណែកឯ បុគ្គលិកអប់រំ គរុសិស្ស និងគរុនិស្សិតទាំងអស់ ក៏បានយល់ដឹងថែមទៀតពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដែរ។
ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កក្រក បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្ដីនឹករលឹក និងកោតសរសើរដល់បុគ្គលិកអប់រំទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ចំណេះដឹង ដើម្បីបង្ហាត់បង្រៀនដល់កូនសិស្ស ដែលជាធនធានមនុស្សវ័យក្មេងឱ្យក្លាយជាទំពាំងស្នងឫស្សី លើកកម្ពស់វិស័យអប់រំស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ នៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី ៦។
ជាមួយគ្នានេះ លោកស្រី បានអំពាវនាវដល់លោកគ្រូ-អ្នកគ្រូ គរុសិស្សទាំងអស់ សូមចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ក្នុងការផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋ ពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ គ្រឿងញៀន អំពើហិង្សា គ្រឿងស្រវឹង ការសម្អាតបរិស្ថាន និងការថែទាំសុខភាព អនាម័យ។ល។
ជាចំណងដៃ និងក្នុងឱកាសចូលឆ្នាំសកល ២០១៩ ដែលនឹងមកដល់ឆាប់ៗនេះ គណៈប្រតិភូកាកបាទក្រហមកម្ពុជា បានប្រគល់ជូន បុគ្គលិកអប់រំ ចំនួន ១៤៩នាក់ ក្នុងម្នាក់ៗនូវ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១ និងថវិកា ១០០ដុល្លារអាមេរិក។ ដោយឡែក គរុសិស្ស គរុនិស្សិត ចំនួន ៣៤១នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១ និងថវិកា ២០០,០០០រៀល។
សូមបញ្ជាក់ជូនថា កាកបាទក្រហមកម្ពុជា ក៏បានរំលែកទុក្ខដ៏ក្រៀមក្រំ និងចូលបុណ្យសពនូវ គ្រឿងឧបភោគ-បរិភោគមួយចំនួន និងបច្ច័យ ២លានរៀល ដល់បុគ្គលិកអប់រំ ១រូប ដែលទើបទទួលមរណភាពដោយសារជំងឺផងដែរ៕