(សៀមរាប)៖ លោក Eric Delobe នាយកប្រតិបត្តិក្រុមហ៊ុនព្រលានយន្តហោះ Cambodia Airport ដែលគ្រប់គ្រង និងប្រតិបត្តិការព្រលានយន្តហោះទាំង៣នៅកម្ពុជា រួមមានភ្នំពេញ សៀមរាប និងព្រលានយន្តហោះ កងកេង ក្នុងខេត្តព្រះសីហនុ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ព្រលានយន្តហោះនៅប្រទេសកម្ពុជា នឹងមានជើងហោះហើរត្រង់ពីភ្នំពេញទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដែលជាជើងយន្តហោះផ្ទាល់តែម្តង។
លោក Eric Delobe បានថ្លែងយ៉ាងដូចនេះ ក្នុងឱកាសដែលលោកបានធ្វើការបង្ហាញផ្ទាល់ ពីព្រលានយន្តហោះនៅក្នុងប្រទេសកម្ពុជា ទៅកាន់លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ដែលបានដឹកនាំក្រុមអ្នកសារព័ត៌មានជាច្រើនស្ថាប័ន ចុះធ្វើទស្សនកិច្ច នៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប នៅក្នុងទឹកដីខេត្តសៀមរាប កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨។
លោក Eric Delobe បានថ្លែងយ៉ាងដូចនេះថា នៅពេលដែលនិយាយពីការបង្កើនចំនួនទេសចររណ៍ ឬអ្នកឆ្លងកាត់អាកាសយានដ្ឋាននោះ គឺយើងមានយុទ្ធសាស្ត្រសំខាន់ៗដូចជា ធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជា មានដំណរភ្ជាប់ជាមួយប្រទេសទាំងអស់នៅអាស៊ាន ត្រូវធ្វើដំណរភ្ជាប់ជាមួយនឹងអាកាសយានដ្ឋានធំៗ ដែលជាមជ្ឍមណ្ឌលឆ្លងកាត់របស់ភ្ញៀវ ដើម្បីឱ្យអតិថិជន អាចធ្វើដំណើរទៅទូទាំងសលកលោក តាមរយៈអាកាសយានដ្ឋានធំៗ ទាំងអស់នោះ ដោយមានភាពងាយស្រួល។
លោកបានឱ្យដឹងទៀតថា បច្ចុប្បន្ននេះប្រទេស កម្ពុជាអាចតភ្ជាប់គោលដៅបានប្រមាណ ៦០ប្រទេសផងដែរនៅទូទាំងសលកលោក ហើយជាក់ស្តែងនៅដើមឆ្នាំក្រោយនេះ ប្រទេសកម្ពុជា និងមានការហោះហើរត្រង់ពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិនផងដែរ ដែលនេះគឺជាការខ្វះចន្លោះកន្លងមក ហើយយើងនឹងព្យាយាមស្តារឡើងវិញ តាមរយៈការហោះហើរត្រង់នេះ លើសពីនោះទៀតក្រុមហ៊ុនអាកាសចររណ៍ មិនត្រឹមតែបានផ្តោតទៅលើសេវាហោះហើរនោះទេ ក្រុមហ៊ុនក៏ផ្តោតទៅលើការធ្វើយ៉ាងណា ដើម្បីឱ្យអ្នកធ្វើដំណើរទទួលបានបទពិសោធន៍ល្អ ទាក់ទងនឹងសេវាហោះហើរនេះ។
លោកបានបន្តថា ព្រលានយន្តហោះនៅកម្ពុជា គឺមានចំនួន៣ ដែលមានបុគ្គលិកចំនួន ២,០០០នាក់ ហើយកាលពីឆ្នាំមុននេះអាកាសយានដ្ឋានទាំង៣នេះ អាចទទួលបានចំនួនភ្ញៀវទេសចរណ៍ធ្វើដំណើរបាន ៨.៨លាននាក់ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិនេះ ដែលតួលេខនេះ គឺមានការកើនឡើងចំនួន២៥% ហើយកាលពីឆ្នាំមុននេះ គឺជាឆ្នាំដែលទទួលបានភ្ញៀវទេសចរណ៍ ច្រើនជាងគេ ដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា។
លោកបានបន្ថែមថា ចាប់តាំងពីឆ្នាំ២០១៥មក បន្ទាប់ពីមានចាប់ផ្តើមជើងហោះហើរជាអន្តរជាតិ កំណើននៃភ្ញៀវអន្តរជាតិក្នុងព្រលានយន្តហោះទាំង៣ ភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាប គឺមានការកើនឡើងយ៉ាងច្រើន ជាក់ស្តែងគឺព្រលានយន្តហោះនៅខេត្តព្រះសីហនុ ដែលពីមុនមិនសូវមានភ្ញៀវទេសចរហោះទៅកាន់ទីនោះ គឺមានការកើនឡើងយ៉ាងច្រើនផងដែរ។
កាលពីឆ្នាំមុនព្រលានយន្តហោះទាំង៣ គឺបានទទួលអ្នកដំណើរជាង ៨លាននាក់ ហើយឆ្នាំនេះក្រុមហ៊ុនគ្រោងនឹងទទួលភ្ញៀវទេសចរណ៍ ឱ្យបាន១០លាននាក់ ដែលសម្រាប់ប្រទេសកម្ពុជា នេះគឺជាសមិទ្ធផលដ៏ធំមួយ ដែលអាចឈានទៅដល់កាសម្រេចសមិទ្ធផលថ្មីៗ គឺអាចទទួលអ្នកធ្វើដំណើររហូតដល់១០លាននាក់។
លោកបញ្ជាក់ទៀតថា ក្រៅពីការទទួលភ្ញៀវទេសចរដ៏ច្រើននេះ ក្រុមហ៊ុនក៏បានទទួលចរាចរទំនិញដ៏ច្រើនផងដែរ ដែលចរាចទំនិញនេះគឺជាកត្តាដ៏សំខាន់ សម្រាប់ជួយដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ ជាក់ស្តែងកាលពីឆ្នាំមុននេះ មានដល់៦០ពាន់តោន ដែលមានកំណើនកើនឡើងរហូតដល់៤០% ដូចនេះកំណើនដែលដឹកតាមអាកាសយានដ្ឋាន ក៏មានការកើនឡើងខ្លាំងផងដែរ ដែលនេះបានបញ្ជាក់ឱ្យឃើញថា នៅក្នុងប្រទេសកម្ពុជា គឺនៅមានឱកាសជាច្រើន សម្រាប់បន្តការអភិវឌ្ឍសេដ្ឋកិច្ចបន្តទៀតផងដែរ៕