(ហាណូយ, វៀតណាម)៖ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន សំដៅជំរុញទំហំពាណិជ្ជកម្មទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កម្ពុជា និងវៀតណាម នៅព្រឹកថ្ងៃសុក្រ ទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ បានចុះអនុស្សរណៈយោគយល់គ្នា លើការចរចាបញ្ចប់កិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មតាមព្រំដែននៃប្រទេសទាំងពីរ។
អនុស្សរណៈដ៏សំខាន់នេះ ត្រូវបានចុះហត្ថលេខាដោយលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក ត្រាន់ ទួនអាញ (Tran Tuan Anh) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក្រោមវត្តមានអញ្ជើញជាសាក្សីដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ង្វៀង សួនហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្ដ្រីវៀតណាម។
យោងតាមអនុស្សរណៈយោគយល់ មានចំណុចសំខាន់ៗចំនួន០២ ដែលប្រទេសហត្ថលេខីទាំងពីរ មានកាត្វកិច្ចចូលរួមអនុវត្តន៍គឺ៖ ចំណុចទី១ ភាគីទាំងពីរនឹងគោរពតាមច្បាប់ និងបទបញ្ញតិ្តនៃប្រទេសរៀងៗខ្លួន ទាក់ទងបញ្ហាកាន់សាច់ប្រាក់ឆ្លងកាត់ព្រំដែន ហើយចំណុចទី២ ភាគីទាំងពីរត្រូវបន្តពិភាក្សា និងដោះស្រាយបញ្ហាសេសសល់ ដែលមិនទាន់បានឯកភាពគ្នា ទាក់ទងកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែន ឱ្យបានឆាប់បំផុត។
សូមជម្រាបថា កន្លងមកប្រទេសកម្ពុជា និងវៀតណាម ធ្លាប់បានកំណត់គោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យបានដល់ ៥ប៊ីលានដុល្លារ នៅត្រឹមឆ្នាំ២០១៥ ប៉ុន្តែរហូតមកដល់ឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបានត្រឹមតែ ៣,៨ប៊ីលានដុល្លារប៉ុណ្ណោះ។ លើសពីនេះសម្រាប់រយៈពេល ៧ខែ ឆ្នាំ២០១៨នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម សម្រេចបានទឹកប្រាក់ ២,៧ប៊ីលានដុល្លារ កើនឡើង១៨,៧% ប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៧។
មុខទំនិញសំខាន់ៗរបស់វៀតណាម នាំចូលមកកម្ពុជា កាលពីឆ្នាំ២០១៧ មានដូចជា ដែកថែប និងដែកដែលមានតម្លៃ ៥២១លានដុល្លារ ប្រេងឥន្ធនៈតម្លៃ ៣៧៥លានដុល្លារ ជីកសិកម្ម សម្លៀកបំពាក់ គ្រឿងម៉ាស៊ីន និងផលិតផលប្លាស្ទិក រីឯមុខទំនិញសំខាន់ៗរបស់កម្ពុជា ដែលនាំចេញទៅវៀតណាម ភាគច្រើន ជាឈើហុប និងផលិតផលធ្វើពីឈើ ដែលមានតម្លៃ ២១៤លានដុល្លារ ស្វាយចន្ទី តម្លៃ ១៦៨លានដុល្លារ និងកៅស៊ូតម្លៃ ១៣៨លានដុល្លារ។
តាមរយៈការអនុវត្តអនុស្សរណៈយោគយល់ថ្មីនេះ គេរំពឹងថាប្រទេសទាំងពីរ នឹងអាចពន្លឿនកិច្ចចរចា ដើម្បីឈានទៅដករបាំងបច្ចេកទេស និងបញ្ចប់រាលបញ្ហាពាក់ព័ន្ធទាំងឡាយ ស្តីពីការធ្វើពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម សំដៅសម្រេចឱ្យបាននូវទំហំពាណិជ្ជកម្ម ដែលមេដឹកនាំប្រទេសទាំងពីរ បានកំណត់កាលពីឆ្នាំ២០១៥៕