(ហាណូយ, វៀតណាម)៖ ក្នុងជំនួបសវនាការជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨នេះ ប្រធានរដ្ឋវៀតណាម លោក ង្វៀន ភូត្រុង បានរំលឹកពីប្រវត្តិនៃការតស៊ូរវាងកម្ពុជា និងវៀតណាម ដើម្បីរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ តាមរយៈប្រវត្តិប្រកៀកស្មាគ្នាពីអតីតកាលប្រធានរដ្ឋវៀតណាម រំពឹងថា ទំនាក់ទំនងកម្ពុជា និងវៀតណាម នឹងត្រូវបានយកចិត្តទុកដាក់ពូនជ្រំឲ្យកាន់តែប្រសើរឡើង។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានដកស្រង់សម្តីប្រធានរដ្ឋវៀតណាមបានគូសបញ្ជាក់យ៉ាងដូច្នេះ «ឯកឧត្តមប្រធានរដ្ឋវៀតណាម បានលើកឡើងថា ប្រទេសយើងទាំងពីរវៀតណាម-កម្ពុជា ធ្លាប់មានប្រពៃណីរួមរស់ជាប្រទេសជិតខាង ធ្លាប់ប្រកៀកស្មាគ្នាតស៊ូ ប្រយុទ្ធជាមួយគ្នា ដូច្នេះយើងត្រូវតែខិតខំថែរក្សាពូនជ្រំនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាជាបន្តទៀត។ ជាពិសេសគឺធ្វើយ៉ាងណាឱ្យមានទំនុកចិត្តគ្នាទៅវិញទៅមក»។
ក្នុងជំនួបនោះ សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរាបលោក ង្វៀន ភូត្រុង អំពីលទ្ធផលនៃជំនួបរវាងសម្តេចជាមួយលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាម នៅព្រឹកមិញនេះ។
ក្នុងឱកាសនោះលោក ង្វៀន ភូត្រុង ក៏បានអបអរសាទរជាថ្មីម្តងទៀត ចំពោះជោគជ័យ ដែលគណបក្សប្រជាជនកម្ពុជា សម្រេចបានក្នុងការបោះឆ្នោត ដែលសម្តេចត្រូវបានជ្រើសតាំងសារជាថ្មី ជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៦។
សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរ ឯកឧត្តមប្រធានរដ្ឋវៀតណាម ដែលត្រូវបានជ្រើសរើសជាប្រធានរដ្ឋវៀតណាមកាលពីពេលថ្មីៗកន្លងទៅនេះ៕