(ហាណូយ, វៀតណាម)៖ នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរកម្ពុជា បានអញ្ជើ់ញជួបពិភាក្សាការងារជាមួយប្រធានសមាគមកម្ពុជា-វៀតណាម នៅសណ្ឋាគារមាលា ទីក្រុងហាណូយ។
សមាគមកម្ពុជា-វៀតណាម គឺមានសមាជិកភាគច្រើនដែលធ្លាប់ធ្វើការនៅកម្ពុជា ឬជាកូន ជាចៅ អតីតកម្មាភិបាលកងទ័ពវៀតណាម ដែលធ្លាប់បានចូលរួមចំណែកជួយរំដោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍ប៉ុលពត។ សមាគមនេះ ក៏មានសមាជិកធ្លាប់ជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាផងដែរ។
ជំនួបថ្ងៃនេះ គឺក្នុងគោលដៅបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ សមាគមក៏ធ្លាប់បានជួបជាមួយសម្តេចតេជោ កាលពីមុនរួចមកហើយ។ ក្នុងជំនួបនេះសម្តេចតេជោ បានបើកឱ្យសមាជិកនៃសមាគមអាចស្រាវជ្រាវអំពីព័ត៌មានកូនចៅ អតីតកម្មាភិបាល កងទ័ពវៀតណាម ដែលបានបាត់បង់គ្រួសារ សាច់ញាតិ ទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅវៀតណាមផងដែរ។
សមាគមកម្ពុជា-វៀតណាម បានដើរតួនាទីយ៉ាងច្រើន ទាំងនៅក្នុងប្រទេសវៀតណាម និងកម្ពុជា ជាពិសេសបានរួមចំណែកក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្របត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ។
សម្តេចតេជោ ក៏ជំរាបជូនប្រតិភូសមាគមកម្ពុជា-វៀតណាម ពីការរីកចម្រើន របស់សមាគម និងបានសុំឱ្យសមាគម បន្តខិតខំពង្រីកសកម្មភាពរបស់ខ្លួនក្នុងការបន្តគាំទ្រ ដល់កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ៕