(សៀមរាប)៖ គម្រោងវប្បធម៌សំខាន់មួយ «ផ្លូវមួយខ្សែក្រវ៉ាតមួយ» និងគម្រោងកិច្ចសហប្រតិបត្តិការ ទេសចរណ៍វប្បធម៌កម្ពុជា-ចិន បានដាក់សម្តែងជាផ្លូវការលើកដំបូង នៃមហាទស្សនីយភាព បែបកំណាព្យប្រវត្តិសាស្រ្តដ៏ធំមួយ «អាណាចក្រអង្គរ» នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨។
ពិធីនេះ មានការយាង និងអញ្ជើញចូលរួមពី សម្តេចរាជនីបុត្រីព្រះរាម នរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃកម្ពុជា, លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាម, លោកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនកាហេង, លោក Cao Yun De ប្រធានក្រុមហ៊ុន Khmer Resources Investment Holding Group Co,Ltd។
ក្នុងនោះផងដែរថា ក៏មានការចូលរួមពី លោក Liu Jie អនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភាប្រជាជនចិនស៊ីឈួន និងជាប្រធាននៃសមាគម លើកកម្ពស់ស៊ីឈួន, លោក Liu Zhi Jie នាយកស្ថានទូតចិនប្រចាំនៅខេត្តសៀមរាប ប្រទេសកម្ពុជា ព្រមទាំងប្រធានមន្ទីរវប្បធម៌ ប្រធានមន្ទីទេសចរណ៍ និងភ្ញៀវជាតិ និងអន្តរជាតិ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស។
លោក Liu Zhi Jie បានថ្លែងថា «អាណាចក្រអង្គរ» គឺជាគម្រោងវប្បធម៌សំខាន់មួយ នៃគម្រោង «ផ្លូវមួយខ្សែក្រវ៉ាតមួយ» ហើយក៏ជាបណ្តុំទេសចរណ៍វប្បធម៌ចំណាស់ រវាងប្រទេសទាំងពីរ គឺកម្ពុជា និងចិន ដែលមានទំហំធំធេងមួយ ដែលយើងបានសហការចាប់ដៃគ្នា។ កម្ពុជា និងចិន គឺជាប្រទេសជិតខាង ក្នុងតំបន់ដែលមានទំនាក់ទំនងល្អនឹងគ្នាជាប្រវត្តិសាស្រ្តមិនថា ទំនាក់ទំនងខាងការទូត វប្បធម៌ និងប្រពៃណី។
លោកថា ក្នុងរយៈពេលជាច្រើនឆ្នាំ កន្លងមកនេះទំនាក់ទំនងរវាងប្រទេសទាំងពីរ បានរីកចម្រើនយ៉ាងខ្លាំងក្លា គួរឲ្យកត់សំគាល់រវាងភាគី នៃប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច នយោបាយ វប្បធម៌ប្រពៃណី និងវិស័យផ្សេងៗទៀត»។
ក្រោយពី «អាណាចក្រអង្គរ» បានបន្តធ្វើការអនុវត្តន៍វប្បធម៌ដ៏ធំ និងកម្រមួយជាមួយ «ស្នាមញញឹមអង្គរ» រួចមកនេះ គឺជាវេទិកាដ៏សំខាន់មួយទៀត ដែលនាំមកនូវអារ្យធម៌អង្គរ និងវប្បធម៌ដ៏យូរអង្វែងមួយ ដែលមិនធ្លាប់មានពីមុនមក។ នេះជាការបញ្ជាក់បន្ថែមពី លោក Liu Zhi Jie។
លោកឧកញ៉ា ពុង ឃាវ សែ បានថ្លែងថា «សាលមហោស្រព គឺជាមជ្ឈមណ្ឌលវប្បធម៌ទេសចរណ៍ ដ៏សំខាន់មួយដែលផ្តោតលើការសម្តែង និងបានធ្វើឲ្យក្រុងសៀមរាប កាន់តែប្រសើរឡើង ហើយគឺជាគម្រោង ទេសចរណ៍ថ្មីមួយ នៅក្នុងកម្ពុជាយើងផងដែរ»។
លោកឧកញ៉ាបានបញ្ជាក់ថា ការវិនិយោគប្រកបដោយភាពជោគជ័យ នៃគម្រោង «អាណាចក្រអង្គរ» បានធ្វើឲ្យមានប្រសិទ្ធភាពការងារ ចេញជាលទ្ធផលបង្ហាញមកយ៉ាងល្អ ជាពិសេសនៅថ្ងៃអនាគត នឹងមានក្រុមហ៊ុនចិន កាន់តែច្រើនចូលរួម ក្នុងការវិនិយោគ និងសាងសង់សំណង់ នៅក្នុងប្រទេសកម្ពុជា។
គម្រោងនេះ មានទីតាំងស្ថិត នៅក្នុងទីក្រុងសៀមរាប នៃប្រទេសកម្ពុជា មានចម្ងាយត្រឹមតែ៥គីឡូម៉ែត្រ ពីប្រាសាទអង្គរវត្ត ដែលជាអច្ឆរិយមួយ ក្នុងចំណោមអច្ឆរិយទាំងប្រាំពីរដ៏ល្បី លើពិភពលោកវាជាកន្លែងតែមួយគត់ នៅក្នុងក្រុងសៀមរាប ដែលត្រូវឆ្លងកាត់ មុននឹងទៅដល់ប្រាសាទអង្គរវត្ត។
ក្នុងចំណោមឈុតឆាក នៃការសម្តែងរបស់ «អាណាចក្រអង្គរ» គឺជាផ្នែកមួយនៃសិល្បៈ ក្នុងការផ្លាស់ប្តូរវប្បធម៌ប្រពៃណី និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងចិន នេះគឺជាគម្រោងការអនុវត្តវប្បធម៌ «ផ្លូវមួយខ្សែក្រវ៉ាត់មួយ» ដំបូងបង្អស់របស់ប្រទេសចិន ដែលបានទៅដល់ដែនដីខាងក្រៅ។
ផ្ទាំងទស្សនីយភាពនេះ គឺបានប្រមូលផ្តុំអក្សរសិល្ប៍ សិល្បៈវប្បធម៌ និងប្រពៃណីរវាងប្រទេសកម្ពុជា និងចិន កាយសម្ព័ន្ធរបាំ តន្រ្តី ការតុបតែងឆាក សម្លៀកបំពាក់ គ្រឿងឧបករណ៍បំពាក់លើឆាកជាដើម រួមមានទាំងស្មារតីសម្តែងរបស់ក្រុមសិល្បៈ សម្តែងកាន់តែមានភាព ទាក់ទាញ និងប្រសើរឡើង។
រោងមហោស្រពអង្គរ មានទំហំផ្ទៃដី៦,០០០ម៉ែត្រការ៉េ អាចផ្ទុកទស្សនិកជនបានជាង១,៣០០នាក់ ក្នុងពេលតែមួយ ដែលបច្ចុប្បន្ននេះ គឺជាមហោស្រពសំដែងមានលក្ខណៈទូលំទូលាយបំផុត នៅក្នុងប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍ និងមានស្តង់ដារអន្តរជាតិ។
នៅជុំវិញមហោស្រពធំ គ្រោងនឹងមានគម្រោងបង្កើតមជ្ឈមណ្ឌលពិព័រណ៍ សិល្បៈ នៅលើដីទំហំ២,០០០ម៉ែត្រការ៉េ សម្រាប់ការបណ្តុះបណ្តាលសិល្បៈ និងមូលដ្ឋានអប់រំ១,៥០០ម៉ែត្រការ៉េ ដើម្បីបង្ហាញពីភាពទាក់ទាញវប្បធម៌ និងសិល្បៈរវាងប្រទេសកម្ពុជា និងចិន។
៤,០០០ម៉ែត្រការ៉េ គឺភោជនីយដ្ឋានអាចផ្ទុកមនុស្សរាប់ពាន់នាក់ ក្នុងពេលតែមួយសម្រាប់ភ្ញៀវ ដែលចូលរួមអាចពិសារអាហារ និងរីករាយជាមួយការ សម្តែងសិល្បៈ ដែលមានជំនាញវិជ្ជាជីវៈ និងជាកន្លែងកម្សាន្ត ដែលសម្បូរបែប និងមានការរចនាសម្ព័ន្ធដ៏ល្អឥតខ្ចោះ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកពីគ្រប់ទិស ទីទូទាំងពិភពលោកចូលរួមកំសាន្ត។
លោក zhou xiaoheng អ្នកចាត់ការទូទៅ នៃក្រុមហ៊ុនកាហេងអន្តរជាតិ បាននិយាយថា គម្រោងនេះ គឺជាគម្រោងអចិន្រ្តៃយ៍ដំបូងគេបង្អស់ នៃគម្រោងកិច្ចសហប្រតិបត្តិការអន្តរជាតិមួយ «ផ្លូវមួយខ្សែក្រវ៉ាត់មួយ»។ វាក៏ជាវេទិកាដ៏សំខាន់មួយ សម្រាប់ខេត្តស៊ីឈួន ដើម្បីលើកកម្ពស់ការអភិវឌ្ឍវប្បធម៌ នៅក្នុងប្រទេសកម្ពុជា និងអាស៊ីអាគេ្នយ៍បច្ចុប្បន្ននេះ ជាមហោស្រពសម្តែង ដែលទំនើបបំផុតនៅអាស៊ីអាគ្នេយ៍៕