(ភ្នំពេញ)៖ ឆ្លើយតបនឹងការចេញផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ពាក់ព័ន្ធកម្ពុជាស្ថានភាពនយោបាយនៅកម្ពុជា និស្សិតមួយរូបសិក្សានៅរាជធានីភ្នំពេញបានផ្ញើលិខិតមិត្តអ្នកអាន មួយច្បាប់មកកាន់ការិយាល័យព័ត៌មាន Fresh News ជាមួយខ្លឹមសារដូចខាងក្រោម៖
យោងតាមអត្ថបទ «ទណ្ឌកម្មពីសហភាពអឺរ៉ុប គឺជាការឆ្លើយតប ទៅនឹងការរំកិលប្រទេសកម្ពុជាទៅរកអំណាចផ្តាច់ការ។ តើវិធានការទាំងនោះ នឹងធ្វើឲ្យប្រទេសកម្ពុជាចំណេញអ្វីខ្លះ?» ផ្សាយជាភាសាអង់គ្លេស ចេញថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៨ ក្នុងសារព័ត៌មាន The Diplomat ។
ទី១៖ គេថានាយករដ្ឋមន្រ្តី ហ៊ុន សែន ជាសមាជិករបស់ខ្មែរក្រហមម្នាក់ដែលបានកាន់អំណាចតាំងពីឆ្នាំ១៩៨៥ រហូតមក។ តែគេមិនបានសរសេរអំពីនាយករដ្ឋមន្រ្តី ហ៊ុន សែន វាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត ទេ។
ទី២៖ គេថា រាជរដ្ឋាភិបាលរឹតត្បិតសេរីភាពនៃអង្គការសង្គមស៊ីវិល និង សារព័ត៌មាននៅកម្ពុជា (ជាពិសេសករណីរបស់ព្រឹត្តិប័ត្រព័ត៌មានឌឹខេមបូឌាដេលី)។ តែគេមិនបានសរសេរអំពីការណ៍ ដែលព្រឹត្តិប័ត្រព័ត៌មានឌឹខេមបូឌាដេលី សម្រេចបិទការបោះពុម្ពផ្សាយដោយខ្លួនឯង ព្រោះគេចវេសមិនបំពេញកាតព្វកិច្ចពន្ធដារ ស្របតាមច្បាប់ពន្ធដារកម្ពុជាទេ ។
ទី៣៖ គេថា ថាសព្វថ្ងៃនេះប្រទេសកម្ពុជាកំពុងរំកិលទៅរកអំណាចផ្តាច់ការ។ តែគេមិនបានសរសេរអំពីលិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលឆ្លុះបញ្ចាំងតាមរយៈគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមប្រកួតក្នុងការបោះឆ្នោតនៅអាណត្ដិទី៦នេះ ហើយមានអ្នកចេញទៅបោះឆ្នោតចំនួន៨៣,០២% ដែលជាចំនួនដ៏ច្រើនលើសលុប។
ទី៤៖ គេថា កម្ពុជាជាប្រទេសមួយដែលក្រជាងគេលើលោក។ តែគេមិនបានសរសេរអំពីការកាត់បន្ថយភាពក្រីក្ររបស់កម្ពុជាពីកម្រិតតោកយ៉ាកស្ទើរតែ១០០% ក្នុងឆ្នាំ១៩៧៩ ធ្លាក់មកត្រឹម៥០% នៅឆ្នាំ១៩៩២ និងក្បែរ ១០% នៅឆ្នាំ២០១៧។
ទី៥៖ គេថា ប្រាក់គោលរបស់កម្មការ កម្មការនីរោងចក្រទទួលបានតែ១៧០ដុល្លាអាមេរិកក្នុងមួយខែ។ តែគេមិនបានសរសេរអំពីការត្រៀមតំឡើងប្រាក់ឈ្នួលដល់១៨២ដុល្លាអាមេរិកក្នុងមួយខែ នាដើមឆ្នាំ២០១៩នោះទេ ហើយខណៈពេលដែលកម្ពុជាកំពុងអនុវត្តប្រាក់ឈ្នួល១៧០ដុល្លារនេះ ប្រទេសវៀតណាម ទើបតែអនុវត្តប្រាក់ឈ្នួលត្រឹម១២០ដុល្លារប៉ុណ្ណោះ ហើយតំបន់ខ្លះឡើងជាង ២០០ដុល្លារ ឥណ្ឌូនេស៊ី១១០ដុល្លារ និងប្រទេសឡាវ១១០ដុល្លារ ឬលើសនេះបន្ដិចបន្តួច។
ទី៦៖ គេថា ហ៊ុន សែន កំពុងចាប់ប្រជាជនកម្ពុជាជាចំណាប់ខ្មាំង។ តែគេមិនបានសរសេរអំពីការអនុវត្តនូវសិទ្ធិសេរីភាពស្របច្បាប់របស់ប្រជាពលរដ្ឋគ្រប់រូប និងការរីកចម្រើនឥតឈប់ឈរ នៃជីវភាពប្រជាជនកម្ពុជាដែលកំពុងរស់នៅក្រោមដំបូលសន្តិភាព និងស្ថេរភាព ទាំងនយោបាយ និងសេដ្ឋកិច្ចទេ។
កម្ពុជានៅខ្វះខាតច្រើនណាស់ តែកម្ពុជាត្រឹមរយៈពេល២០ឆ្នាំប៉ុណ្ណោះ (១៩៩៨-២០១៨) បានបោះជំហ៊ានចេញពីភ្នក់ភ្លើងសង្គ្រាមស៊ីវិលដែលបង្កឡើងដោយក្រុមអ្នកនយោបាយជំនាន់មុន ដែលចាញ់បោកមនោគមន៍វិជ្ជាបរទេស មកជាប្រទេសមានសន្តិភាព។
បោះជំហ៊ានចេញពីប្រទេសដែលទទួលកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ មកប្រទេសដែលបញ្ជូនកងថែរក្សាសន្តិភាពកម្ពុជា ទៅតាមបណ្តាប្រទេសមួយចំនួនដូចជា លីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និង អាហ្វ្រិកកណ្តាល។
បោះជំហ៊ានចេញពីប្រទេសដែលធ្លាប់តែប្រើកម្លាំងយោធាដើម្បីផ្តាស់ប្តូរអ្នកដឹកនាំ មកជាប្រទេសអនុវត្តនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស មានការបោះឆ្នោតទៀងទាត់រៀងរាល់៥ឆ្នាំម្តង ដោយឈរលើគោលការណ៍សេរី ត្រឹមត្រូវ និងយុត្តិធម៌។
បោះជំហ៊ានចេញពីប្រទេសដែលក្រីក្រតោកយ៉ាក មកជាប្រទេសដែលមានសេដ្ឋកិច្ចរីកលូតលាស់ល្អជាងគេមួយក្នុងតំបន់អាស៊ី ជាមួយកំណើនសេដ្ឋកិច្ចប្រមាណជាង៧% ក្នុងមួយឆ្នាំរយៈពេល២០ឆ្នាំ ជាប់គ្នា និងឈានទៅរកប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។
បោះជំហ៊ានចេញពីប្រទេសដែលគេស្គាល់តាមរយៈរឿងរ៉ាវនៃវាលពិឃាត និងចំការមីនដែលបរទេសខ្លាចរអា មកជាប្រទេសដែលបរទេសតម្រង់ជួរមកលេងត្រៀបត្រាចង់ស្គាល់តំបន់ទេសចរណ៍ វប្បធម៌ និង សម្បត្តិបេតិកភណ្ឌពិភពលោក។
បោះជំហ៊ានចេញពីប្រទេសដែលឯកោផ្នែកនយោបាយ និង សេដ្ឋកិច្ច មកជាប្រទេសដែលធ្វើសម្មាហរណកម្មជោគជ័យទៅក្នុងឆាកតំបន់ និង អន្តរជាតិ (ជាសមាជិកអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក អាស៊ាន និង ជាង ៣០ អង្គការអន្តរជាតិដ៏ទៃទៀត) ។
បោះជំហ៊ានចេញពីប្រទេសដែលអសន្តិសុខស្បៀង មកជាប្រទេសដែលនាំចេញអង្កររាប់ស៊ឺបម៉ឺនតោនទៅជាង៧០ប្រទេសជុំវិញពិភពលោក។
អ្វីដែលជាការលើករបស់ខ្ញុំនេះគ្រាន់តែជាមួយផ្នែកតូចតែប៉ុណ្ណោះ នៅមានចំណុចៗផ្សេងៗជាច្រើនទៀត។
រឿងរ៉ាវកើតឡើងក្នុងប្រទេសកម្ពុជាមិនមាននៅប្រទេសដ៏ទៃឡើយ។ ប្រទេសណាក៏មានសង្រ្គាមដែរ តែស្រុកគេ គេសម្លាប់មិនរើសមុខ ដោយឡែកកម្ពុជាសម្លាប់រកតែអ្នកចេះ។ ដូច្នេះហើយ ជោគជ័យទំាងនេះ យើងត្រូវចេះទទួលស្គាល់ ហើយមានភាពចាស់ទុំ និង អត់ធ្មត់ ដើម្បីភាពជោគជ័យនៅថ្ងៃមុខទៀត។ បើខ្ញុំខុស សូមបង្រៀនខ្ញុំ។ កុំមាក់ងាយខ្ញុំ។
ដោយ៖ វរ្ម័ន
រាជធានីភ្នំពេញ ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែ កត្តិក ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២