(កោះកុង)៖ មន្ទីរផែនការខេត្តកោះកុងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ បានរៀបចំពិធីប្រកាសគណៈកម្មាធិការជំរឿនទូទៅប្រជាជនខេត្តកោះកុងឆ្នាំ២០១៩ ដោយមានការចូលរួមពីលោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង, លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង, លោក ម៉េង គឹមហ៊ អគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ និងលោក អៀត វណ្ណា ប្រធាមនមន្ទីរផែនការខេត្ត រួមទាំងមន្ត្រីរាជការគ្រប់បណ្តាស្រុកផងដែរ។
លោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្តកោះកុង និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជំរឿនទូទៅប្រជាជនខេត្តកោះកុង បានឲ្យដឹងអំពីរបាយការណ៍ វឌ្ឍនៈភាពដំណើរការសកម្មភាព ការងារជំរឿនទូទៅប្រជាជនខេត្តកោះកុង២០១៩ថា មន្ទីរផែនការខេត្តកោះកុង បានអនុវត្តផែនការសកម្មភាពនានាជាច្រើន នៃដំណើរការជំរឿនទូទៅខេត្តកោះកុងឆ្នាំ២០១៩ គិតត្រឹមខែវិច្ឆិកានេះ ហើយបានជ្រើសរើសមន្រ្តីជំរឿនខេត្តកោះកុង សរុបចំនួន ៣៨៨នាក់រួមមាន៖ មន្ត្រីប្រចាំតំបន់ និងមន្រ្តីជំនួយការតំបន់ចំនួន០៣នាក់, មន្ត្រីក្រុមបច្ចេកទេសដឹកនាំថ្នាក់ខេត្តចំនួន៤នាក់, គ្រូបង្គោលថ្នាក់ខេត្តចំនួន៥នាក់, មន្ត្រីត្រួតពិនិត្យសរុប៧៤នាក់ ស្រី០៨នាក់, មន្ត្រីសម្ភាសន៍សរុប២៩៦នាក់ ស្រី៦៤នាក់ និងមន្ត្រីបំរុង០៦នាក់ ស្រី០៣នាក់។
លោក ម៉េង គឹមហ៊ បានបញ្ជាក់ថា ការរៀបត្រៀមជំរឿនឆ្នាំ២០១៩ បានដំណើរការទៅយ៉ាងរលូន តាមផែនការដែរបានគ្រោង និងអនុក្រឹត្យស្ដីពីការកំណត់កាលបរិច្ឆេទការរៀបចំ និងប្រព្រឹត្តទៅនៃជំរឿន។ ជាទូទៅមានតែជំរឿនប្រជាជនទេ ដែរអាចអោយយើងទទួលបានទិន្នន័យប្រជាសាស្រ្តពិតប្រាកដរបស់ប្រទេស និងជួយឲ្យរដ្ឋាភិបាលអាចរៀបចំ តាក់តែងគោលនយោបាយបានត្រឹមត្រូវ ព្រមអនុវត្តកម្មវិធីផ្សេងៗឲ្យទទួលបានតុល្យភាព នៃការអភិវឌ្ឍន៍សម្រាប់ប្រជាពលរដ្ឋ។ ជំរឿនប្រជាជនគឺជាប្រភពតែមួយគត់ ដែលអាចផ្ដល់ទិន្នន័យពេញលេញអំពីចំនួនប្រជាជន និងចរិកលក្ខណៈប្រជាជននៅក្នុងប្រទេស។ ជំរឿនប្រជាជន គឺអនុវត្តលើវិសាលភាពពេញផ្ទៃប្រទេសដែរ អាចផ្តល់ព័ត៌មានអំពីប្រជាជនក្នុងមូលដ្ឋាន រហូតដល់រដ្ឋបាលថ្នាក់ទាបបំផុតដែរ ជាតំរូវការមិនអាចមានប្រភពទិន្នន័យណាមកជំនួសបាន។
លោក ស្រេង ហុង បានឲ្យដឹងថា ជំរឿនប្រជាជនឆ្នាំ២០១៩នេះ គឺមានសារសំខាន់ណាស់ ហើយនេះជាលើកទីមួយ និងជាប្រវត្តិសាស្រ្ត ដែរប្រមុខរាជរដ្ឋាភិបាលបានសម្រេច ចំណាយថវិកាធ្វើដោយខ្លួនឯង ដោយមិនមានដៃគូរជួយ និងដោយសារជំរឿនត្រូវតែអនុវត្តរៀងរាល់១០ឆ្នាំម្តងដោយមិនអាចខ្វះបាន។
ក្នុងឱកាសនេះ លោក ស្រេង ហុង ក៏បានសំណូមពរ ដល់អភិបាលក្រុងស្រុក ប្រធាន អនុប្រធានមន្ទីរផែនការខេត្ត និងមន្ត្រីធ្វើការទាក់ទងនឹងការងារជំរឿនប្រជាជនឆ្នាំ២០១៩ សូមមេត្តាយកចិត្តទុកដាក់បំពេញការងារឱ្យបានទាន់ពេលវេលា តាមផែនការសកម្មភាពដែរបានគ្រោង ដើម្បីទទួលបានជោគជ័យប្រកបដោយគុណភាពឆ្លើយតបទៅនឹងការចំណាយថវិការរបស់ជាតិ៕