(ភ្នំពេញ)៖ សៀវភៅប្រមាណជិត២ម៉ឺនក្បាល ត្រូវបានចែកអស់តែក្នុងរយៈពេល៤ម៉ោង នៅឯពិធីតាំងពិព័ណ៍សៀវភៅនៅបណ្ណាល័យជាតិនាថ្ងៃសុក្រនេះ។
លោក សោម រតនា អ្នកចូលរួមចែកសៀវភៅម្នាក់មកពីសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ដែលជាស្ថាប័នរៀបចំចែកចាយសៀវភៅជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន បាននិយាយថា យុវជនស្ម័គ្រចិត្តរបស់ សសយក ចំនួនជិត២០នាក់បានខ្វែងដៃ ខ្វែងជើងចែកសៀវភៅស្រីហិតោបទេស សៀវភៅក្រមង៉ុយ និង សៀវភៅ អ៊ូ ចុង ស្ទើរតែរកពេលដកដង្ហើមមិនរួច ដោយសារតែមានអ្នកស្រលាញ់សៀវភៅច្រើនពេកស្ទើរមិនគួរឱ្យជឿ។
លោក សៅ សាមុទ្ទ ដែលមានវ័យចំណាស់មួយរូបបានតស៊ូមកជាមួយភរិយា សុខចិត្តចំណាយពេលជិត៤ម៉ោងដើម្បីរង់ចាំយកសៀវភៅទាំងបីចំណងជើង។
លោកបានថ្លែងថា សៀវភៅទាំងបីខាងលើពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នកអាននិងអ្នកសិក្សា ហើយសំខាន់បំផុតគឺទឹកចិត្តរបស់សម្តេចហ៊ុន សែន ដែលគិតគូរដល់អ្នកសិក្សានិងអ្នកនិយមអានសៀវភៅនៅកម្ពុជា ។
ការចែកជូនសៀវភៅដោយឥតគិតថ្លៃរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានមហាជនចាត់ទុកថាជា «កាយវិការមួយដ៏ប្រពៃដែលជួយកន្រ្ទាក់ និងអង្រួនអារម្មណ៍ពលរដ្ឋខ្មែរឱ្យងាកមករកការអាន ជាពិសេសក្នុងស្រទាប់យុវវ័យកម្ពុជា»។
ហ៊ីម ឌល់រ៉ហ្វួត និង ម៉ាត់ ឌល់រ៉ស់ម៉ាន ជាមន្ត្រីអង្គការសប្បុរសធម៌មួយនៅទីក្រុងភ្នំពេញ បាននិយាយថា ពួកគាត់រីករាយខ្លាំងណាស់នៅពេលឮថាមានការចែកសៀវភៅដោយឥតគិតថ្លៃ ព្រោះពួកលោកចូលចិត្តអានសៀវភៅខ្លាំងណាស់ហើយមិនធ្វើឱ្យម្ចាស់អំណោយ «ខកចិត្តឡើយ»។
សម្រាប់សិស្ស និស្សិត និងបងប្អូនទាំងអស់មកពីគ្រប់មជ្ឈដ្ឋាននិងគ្រប់ខេត្តក្រុង ដែលជាអ្នកនិយមអានសៀវភៅ អាចមកទទួលយកសៀវភៅទាំងបីចំណងជើងខាងលើ បានដោយមិនអស់កម្រៃអ្វីឡើយនៅឯបណ្ណាល័យជាតិក្បែរវត្តភ្នំរហូតដល់ថ្ងៃអាទិត្យវេលាម៉ោង៥ល្ងាច។ «សៀវភៅរស់ ចំណេះរីក»៕