(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានទទួលស្គាល់ថា ការប្រើប្រាស់សេវាកម្មសន្ដិសុខឯកជន គឺជារឿងចាំបាច់ដើម្បីចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សាធារណៈសង្គមដែលជាជំនួយដល់កម្លាំងសមត្ថកិច្ច។
ការលើកឡើងរបស់នាយឧត្ដមសេនីយ៍ ឆៃ ស៊ីណារិទ្ធ ធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងកិច្ចប្រជុំ ស្ដីពីការពង្រឹងការងារគ្រប់គ្រងសន្ដិសុខឯកជន របស់នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
នាយឧត្តមសេនីយ៍អគ្គស្នងការរងរូបនេះ បានថ្លៃយ៉ាងដូច្នេះថា «ខ្ញុំគិតថាការប្រើប្រាស់សេវាសន្ដិសុខឯកជន គឺជារឿងចាំបាច់ណាស់ […] ខ្ញុំគិតថាយើងជានគរបាលដែលមានភារកិច្ច លើកិច្ចការគ្រប់គ្រងសន្ដិសុខឯកជនជាសេនាធិការ ជូនអភិបាលខេត្តរាជធានី ក្នុងការគ្រប់គ្រង និងជាសេនាធិការឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការតាមដាននូវរាល់សកម្មភាពទាំងឡាយណា ដែលផ្ទុយនឹងគោលការណ៍ច្បាប់ ផ្ទុយនឹងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល របស់ក្រសួងមហាផ្ទៃ»។
នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ ក៏បានគូសបញ្ជាក់ថា ភ្នាក់ងារសន្ដិសុខឯកជន គឺជាកម្លាំងជំនួយដ៏សំខាន់ដែលកម្លាំងនគរបាលត្រូវតែឲ្យតម្លៃ ប៉ុន្ដែភ្នាក់ងារសន្ដិសុខឯកជន មិនជាកម្លាំងមានសមត្ថកិច្ចនោះទេ ហើយត្រូវរាយការណ៍រាល់បទល្មើសដែលកើតក្នុងមូលដ្ឋានជូនសមត្ថកិច្ច តែមិនអនុញ្ញាតឲ្យប្រើប្រាស់អាវុធដូចសមត្ថកិច្ចនោះឡើយ។
ដោយឡែកពាក់ព័ន្ធការគ្រប់គ្រងលើការងារនេះ នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ត្រូវគ្រប់គ្រងឲ្យបានច្បាស់លាស់ ពិសេសនៅតាមបណ្ដាខេត្ត ត្រូវបែងចែកឲ្យការងារគ្រប់គ្រងដល់ស្នងការដ្ឋាននគរបាលខេត្ត ពិសេសលើការសុំច្បាប់អនុញ្ញាតក្នុងការបើកអាជីវកម្ម ខណៈបច្ចុប្បន្ននៅតាមបណ្ដាខេត្ត មានក្រុមហ៊ុនសន្ដិសុខជាង១០០០ទីតាំង ដែលមិនទាន់មានច្បាប់អនុញ្ញាតនៅឡើយ។
នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ ក៏បានសង្កត់ធ្ងន់ដល់ភ្នាក់ងារសន្ដិសុខឯកជនមួយចំនួន ហាក់មិនបានសហការជាមួយកម្លាំងនគរបាលនោះឡើយ ដែលនេះជាទង្វើខុសច្បាប់ត្រូវតែកែប្រែជាបន្ទាន់ ដូច្នេះនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ត្រូវតែត្រួតពិនិត្យភ្លាមជៀសវាងបង្កបញ្ហានៅថ្ងៃខាងមុខ ព្រោះថាពេលខ្លះភ្នាក់ងារសន្ដិសុខមួយចំនួនតូចជាអ្នកឲ្យដៃដល់ក្រុមជនល្មើស។
យ៉ាងណាក៏ដោយ ដើម្បីពង្រឹងលើការគ្រប់គ្រងនេះឲ្យកាន់តែមានប្រសិទ្ធភាពបន្ដទៀតនោះ នាយឧត្តមសេនីយ៍ បានលើកឡើងថា អគ្គស្នងការនគរបាលជាតិ បានសម្រេចផ្អាកការចេញអាជ្ញាប័ណ្ណធ្វើអាជីវកម្មជាបណ្ណោះអាសន្នសិន ដើម្បីស្រាវជ្រាវរកក្រុមហ៊ុនណាដែលគ្មានច្បាប់អនុញ្ញាត។
ក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ក៏បានឲ្យដឹងថា បច្ចុប្បន្នភ្នាក់ងារសន្ដិសុខឯកជនទូទាំងប្រទេស មានចំនួន ២៦,៥៦៥នាក់ (ស្រី២,៣៨១នាក់) ក្នុងនោះ ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន សរុបចំនួន២៣៩ក្រុមហ៊ុន និងសហគ្រាស គ្រឹះស្ថានជ្រើសរើសភ្នាក់ងារសន្ដិសុខឯកជន (មិនធ្វើសេវាសន្ដិសុខឯកជន) មានចំនួន ១,៨៦៧គ្រឹះស្ថាន។
បើតាមលោកឧត្តមសេនីយ៍ លឹម សុខារស្មី ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន បានចុះកិច្ចសន្យាជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន១១១ក្រុមហ៊ុន បានប្រើប្រាស់កម្លាំងភ្នាក់ងារសន្ដិសុខឯកជន សរុប៧,៤៦៩នាក់ និងបានធ្វើសកម្មភាពសេវាកម្មលើ៣,១៩៤គោលដៅ៕