(កំពង់ស្ពឺ)៖ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តកំពង់ស្ពឺ សហការជាមួយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈគ្រប់គ្រងផ្សារ បានចុះទៅធ្វើការអង្កេតទីផ្សារ ដែលស្ថិតក្នុងស្រុកភ្នំស្រួច រួមមាន៖ ផ្សារត្រពាំងក្រឡឹង និងផ្សារតាឡាត់ ដោយពិនិត្យលើប្រក្រតីភាព និងអនុលោមភាព នៃទំនិញដែលបានដាក់តាំងលក់។
ជាលទ្ធផល យើងបានរកឃើញការដាក់តាំងលក់ នូវផលិតផលដែលមានសភាពខុសប្រក្រតី និងបានធ្វើការដកហូតទៅតាមនីតិវិធីទុកសម្រាប់ធ្វើការកម្ទេចចោលរួមមាន៖
*នំចម្រុះ ចំនួន១០.៦០ គីឡូក្រាម
*មៀន១កំប៉ុង ចំណុះ ០,៥០ គីឡូក្រាម
*ត្រីខ២កំប៉ុង ចំណុះសរុប ៦០០ ក្រាម
*បបរ១កំប៉ុង ចំណុះ ៥០០ មីលីលីត្រ
*ស្ពៃ១កំប៉ុង ចំណុះ ៤០០ ក្រាម
*ប័រ១៦កំប៉ុង ចំនួនសរុប ២.២ គីឡូក្រាម សរុបចំនួន១៤.៥០គីឡូក្រាម។
បន្ទាប់មក ពេលរសៀល ក្រុមការងារបានចុះអប់រំផ្សព្វផ្សាយ ស្តីពី សុវត្ថិភាពម្ហូបអាហារជូនសិស្សនៅវិទ្យាល័យ ហ៊ុន សែន ភ្នំស្រួច ស្រុកភ្នំស្រួច ដោយមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រមទាំងគណៈគ្រប់គ្រងសាលា សរុបជាង៣០០នាក់ រួមទាំងមានការចែកជូននូវផ្ទាំងរូបភាពអប់រំផ្សព្វផ្សាយ ចំនួន៣០០ផ្ទាំង។
ក្នុងនោះផងដែរ ក្រុមការងារ ក៏បានចុះតាមដានតម្លៃប្រេងឥន្ធនៈដែលបានដាក់លក់ នៅតាមបណ្តាស្ថានីយ៍មួយចំនួន ក្នុងខេត្តចំនួន១៤ស្ថានីយ៍។ ជាលទ្ធផលបង្ហាញថា ថ្លៃនៃការដាក់លក់រាយ ភាគច្រើនគឺត្រឹមត្រូវ ទៅតាមការកំណត់នៃប្រកាសរបស់ក្រសួងពាណិជ្ជកម្ម តាមសេចក្ដីជូនដំណឹង ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨។ ក្នុងនោះក៏មានស្ថានីយ៍មួយចំនួន ថ្លៃលក់រាយ នៃប្រេងសាំងធម្មតា លើសពីប្រកាសរបស់ក្រសួង ហើយក្រុមការងារ ក៏បានធ្វើការពន្យល់ណែនាំដល់ម្ចាស់ស្ថានីយ៍ឲ្យចូលរួមសហការអនុវត្តតាមគោលការណ៍នៃសេចក្ដីប្រកាស និងបានយល់ព្រមកែប្រែតម្លៃ តាមប្រកាសផងដែរ៕