(វៀងច័ន្ទ, ឡាវ)៖ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ ដោយយោងតាមស្មារតី នៃកិច្ចព្រមព្រៀងរវាង កម្ពុជា-វៀតណាម ស្ដីពី កិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន សារធាតុញៀនដែលមានឥទ្ធិពល លើប្រព័ន្ធសរសៃប្រសាទ និងសារធាតុគីមី ផ្សំគ្រឿងញៀន (ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៩៨ កម្ពុជា-វៀតណាម និងផែនការ រួមសហការរវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងគណៈកម្មាធិការជាតិត្រួតពិនិត្យគ្រឿងញៀន អេដស៍ និងពេស្យាចារវៀតណាមចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០០០) នឹងបន្តអនុវត្តរាល់កិច្ចព្រមព្រៀង ដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំទ្វេភាគីថ្នាក់ រដ្ឋមន្ត្រីលើកទី១៥ និងលើកទី១៦ ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន កម្ពុជា និងវៀតណាម។
គណៈប្រតិភូវៀតណាមដឹកនាំដោយឧត្តមសេនីយ៍ឯកឡេ គុយវឿង អនុរដ្ឋមន្រ្តីនៃក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រធានគណៈប្រតិភូ និងគណៈប្រតិភូកម្ពុជា ដឹកនាំដោយនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
កិច្ចប្រជុំបានប្រព្រឹត្តទៅប្រកបដោយស្មារតី សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការនិងការយោគយល់គ្នា ដែលឆ្លុះបញ្ជាំងឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ស្ថាប័ន ត្រួតពិនិត្យគ្រឿងញៀន នៃប្រទេសទាំងពីរជាមួយនឹងទស្សនៈ នៃការពង្រឹងសកម្មភាពសហប្រតិបត្តិការបន្ថែមទៀត ស្របទៅតាមខ្លឹមសារនៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅឆ្នាំ១៩៩៨ និងផែនការសកម្មភាព នៃកិច្ចសហប្រតិបត្តិការ ដែលបានចុះហត្ថលេខានៅ ឆ្នាំ២០០០។
គណៈប្រតិភូទាំងពីរបានពិភាក្សា និងត្រួតពិនិត្យឡើងវិញលើរាល់បញ្ហា ដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ ត្រួតពិនិត្យគ្រឿងញៀនរយៈពេលមួយឆ្នាំកន្លងមក ព្រមទាំងដាក់ចេញនូវផែនការ សកម្មភាពថ្មី ហើយបានឯកភាពគ្នា ប្រឈមមុខទៅនឹងសភាពការណ៍ថ្មីៗ និងភាពស្មុគស្មាញនៃគ្រឿងញៀន៖ ការផលិត ការដាំដុះ ការចរាចរ និងការប្រើបំពានគ្រឿងញៀន ទំាងនៅក្នុងតំបន់ និងក្នុងប្រទេសយើងទាំងពីរ ពិសេសដើម្បីចូលរួមជាមួយបណ្តាប្រទេសអាស៊ាន ក្នុងការកសាងបាននូវ «សន្តិសុខសហគមន៍ប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់» ពីឆ្នាំ២០១៦-២០២៥ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មាធិការជាតិត្រួតពិនិត្យគ្រឿងញៀន អេដស៍ និងពេស្យាចារ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបន្តដឹកនាំ និងសម្របសម្រួលជាមួយក្រសួង ស្ថាប័ន ជាសមាជិកដើម្បីពង្រឹងបន្ថែមទៀត លើកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន ភាគីទាំងពីរកម្ពុជាបានរួមមាន៖
*ក-វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងការសម្របសម្រួលដ៏មានប្រសិទ្ធភាពលើការងារត្រួតពិនិត្យគ្រឿងញៀន ជាមួយស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ មានជាអាទិ ការចែករំលែកព័ត៌មាន ការតាមដានការកំណត់អត្តសញ្ញាណ ការស្វែងរក និងការចាប់ខ្លួនជនល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន។
*ខ-ប្តេជ្ញាចិត្តជំរុញនិងលើកទឹកចិត្តដល់គ្រប់ស្ថាប័ន អង្គភាពពាក់ព័ន្ធ ឱ្យខិតខំរួមសហការគ្នាទាំងក្របខ័ណ្ឌជាតិ និងអន្តរជាតិក្នុងការទប់ស្កាត់ប្រឆាំង បទល្មើសគ្រឿងញៀនក៏ដូចជា៖ ការប្រជុំប្ដូរវេនឱ្យបានទៀងទាត់ ការផ្លាស់ប្តូរព័ត៌មានទាក់ទងមុខសញ្ញាល្មើស នឹងគ្រឿងញៀន ការឃោសនាអប់រំ ផ្សព្វ ផ្សាយប្រឆាំងបទល្មើសគ្រឿងញៀននៅតាមព្រំដែន និងកិច្ចប្រតិបត្តិការរបស់ការិយាល័យ BLO ។
*គ-បន្តទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៦-២០១៧៖ ដើម្បីបង្កើនប្រសិទ្ធិភាព ដល់កិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន រវាងប្រទេសទាំងពីរ ក៏ដូចជាការរួមសហការរវាងស្ថាប័នត្រួតពិនិត្យគ្រឿងញៀននៅតាមព្រំដែន ភាគីទាំងពីរបានឯកភាពគ្នាបន្តជំរុញក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គភាពអនុវត្តច្បាប់ ឱ្យអនុវត្តន៍ប្រកបដោយប្រសិទ្ធិភាព តាមខ្លឹមសារដូចខាងក្រោម៖
*ទី១៖ បន្តពង្រឹង និងជម្រុញកិច្ចសហប្រតិបត្តិការ ក្នុងការផ្លាស់ប្ដូរព័ត៌មានអំពីសភាពការណ៍គ្រឿងញៀន រវាងស្ថាប័នអនុវត្តច្បាប់នៅតាមបណ្តោយព្រំដែន (ប៉ុស្តិ៍ត្រួតពិនិត្យនៅព្រំដែន ខេត្ត ក្រុង ស្រុក ខ័ណ្ឌនៅតាមព្រំដែន)។ អាជ្ញាធរមានសមត្ថកិច្ច មន្រ្តីអនុវត្តច្បាប់ នៅតាមបណ្តោយព្រំដែននឹងបន្តដឹកនាំ សម្របសម្រួលដល់គ្រប់កងកម្លាំងប្រដាប់អាវុធដែលពាក់ព័ន្ធ ក្នុងគោលបំណងបង្កើនប្រសិទ្ធិភាព សហប្រតិបត្តិការ ការស៊ើបអងេ្កត ការចាប់ឃាត់ខ្លួនក្រុមជួញដូរគ្រឿងញៀនដែលមានជាប់ពាក់ព័ន្ធដល់ប្រទេសទាំងពីរ។
*ទី២៖ បន្តណែនាំដល់បណ្ដាខេត្តជាប់ព្រំដែនត្រូវរៀបចំប្រជុំប្តូរវេនឱ្យបានទៀងទាត់ ដោយមានការចូលរួមពីគ្រប់ស្ថាប័ន មានសមត្ថកិច្ចដែលពាក់ព័ន្ធ នៃប្រទេសទាំងពីរតាមការកំណត់ដែល បានឯកភាពគ្នា (៦ខែម្ដងសម្រាប់ថ្នាក់ស្រុក និងមួយឆ្នាំម្តងសម្រាប់ ថ្នាក់ខេត្ត) និងក្នុងករណីចាំបាច់ភាគីទាំងពីរអាចកោះប្រជុំវិសាមញ្ញបាន។
*ទី៣៖ បន្តខិតខំបង្កើនគុណភាព និងប្រសិទ្ធិភាពរបស់ការិយាល័យទំនាក់ទំនងព្រំដែន BLO ដើម្បីផ្លាស់ប្ដូរព័ត៌មាន និងកត់ត្រារាល់ព័ត៌មានថ្មីៗ ដើម្បីបង្កើនគុណភាព នៃកិច្ចសហប្រតិបត្តិការត្រួតពិនិត្យ គ្រឿងញៀន រួមទាំងការបង្កើតការិយាល័យ BLOថ្មី រវាងខេត្តរតនគីរី របស់កម្ពុជា និង ខេត្តយ៉ាឡៃ របស់វៀតណាម ខេត្តកំពតរបស់កម្ពុជា និងខេត្តហាទៀងរបស់វៀតណាម។
*ទី៤៖ បន្តធ្វើការណែនាំជម្រុញឲ្យបណ្ដាខេត្ត ស្រុកជាប់ព្រំដែនឃោសនាផ្សព្វផ្សាយច្បាប់ កម្មវិធីកសាងភូមិ សហគមន៍ និងសាលារៀនជាប់ព្រំដែនអោយក្លាយទៅជាភូមិសហគមន៍ និងសាលារៀនគ្មានគ្រឿងញៀន បង្កើនការផលិតឯកសារ ឃោសនាផ្សព្វផ្សាយចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋនៅជាប់ព្រំដែន និងកិច្ចសហប្រតិបត្តិការ បង្រ្កាបករណីគ្រឿងញៀននៅទីតាំងកាស៊ីណូ។
*ទី៥៖ បន្តពង្រឹងនូវទំនាក់ទំនងសហប្រតិបត្តិការ រវាងបណ្ដាខេត្តជាប់ព្រំដែនភាគីកម្ពុជា បណ្តុះបណ្តាល និងផ្តល់ជំនួយបច្ចេកទេសសម្រាប់អង្គភាពអនុវត្តច្បាប់កម្ពុជា នៅតាមព្រំដែននិងរៀបចំសិក្ខាសាលាពីបច្ចេកទេសជំនាញស៊ើបអង្កេតបទល្មើសគ្រឿងញៀន ការវិភាគគ្រឿងញៀនសម្រាប់មន្រ្តីអនុវត្តច្បាប់ និងការងារព្យាបាល និងស្ដារនីតិសម្បទា។
*ទី៦៖ បន្តលើកទឹកចិត្តឱ្យមានការផ្លាស់ប្ដូរ បណ្ដាគណៈប្រតិភូធ្វើទស្សនកិច្ចសិក្សា ដកស្រង់បទពិសោធន៍ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឆ្នាំ២០១៩៕