(ប៉េកាំង)៖ សហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយសហព័ន្ធយុវជនទូទាំងប្រទេសចិន បានរៀបចំពិធីជំនួបមិត្តភាពរវាងយុវជន ចិន-កម្ពុជា ដើម្បីអបអរសាទរខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូត ចិន-កម្ពុជា ដែលពិធីនេះរៀបចំធ្វើនៅរដ្ឋធានីប៉េកាំង នៃសាធារណៈរដ្ឋប្រជាមានិតចិន។
កម្មវិធីបានរៀបចំធ្វើនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ខែក កែម៉ាលីស៊ីសូដា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន យុវជនបន្តវេនកម្ពុជាពីស.ស.យ.ក និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសចិន និងយុវជនទូទាំងប្រទេសចិន សរុបជាង២០០នាក់។
ក្នុងឱកាសនេះលោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក បានរំលឹកដល់ការចាប់ផ្តើមផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងស្និទ្ធរវាងប្រទេសទាំងពីរកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ដោយរំលឹកដល់អតីតព្រះមហាវីរក្សត្រកម្ពុជា ព្រះបរមរតនកោដ្ឋ សម្តេព្រះបាទនរោត្តម សីហនុ ជាមួយអតីតថ្នាក់ដឹកនាំចិន លោកប្រធាន ម៉ៅ សេទុង និងលោកនាយក ជូ អេនឡាយ។ ទំនាក់ទំនងការទូតរវាង កម្ពុជា-ចិន ត្រូវបានពង្រឹងពង្រីកជាលំដាប់រហូតមកដល់សព្វថ្ងៃ ដោយសារមានការយកចិត្តខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជំនាន់។
នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាង កម្ពុជា-ចិន ត្រូវបានពង្រឹងនិងពង្រីកដែលមានលក្ខណៈយុទ្ធសាស្ត្រស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយ។ ប្រមុខដឹកនាំនៃប្រទេសទាំងពីរគឺ សម្តេចតេជោ ហ៊ុន សែន ជាមួយប្រធានាធិបតី ស៊ី ជិនពីង បានលើកកម្ពស់និងចាត់ទុកកម្រិតទំនាក់ទំនងនៃប្រទេសទាំងពីរជាលក្ខណៈ «មិត្តភាពដែកថែប» ឈរលើចក្ខុវិស័យអភិវឌ្ឍប្រទេសទាំងពីរ លើគ្រប់វិស័យ និងឈានទៅសម្រេចបាន «សហគមន៍រួម វាសនាតែមួយ ចិន-កម្ពុជា»។
លោក ហ៊ុន ម៉ានី ក៏បានថ្លែងផងដែរថា ក្នុងនាមយើងជាយុវជនជំនាន់ក្រោយត្រូវសិក្សាស្វែងយល់បន្ថែម និងបន្តការទំនាក់ទំនងគ្នាទៅវិញទៅមក ដោយឈរលើភាពស្មោះត្រង់ ឲ្យតម្លៃគ្នាដោយមិនប្រកាន់ថាជាប្រទេសតូចឬប្រទេសធំ និងការពារជួយគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ។
លោក ហ៊ុន ម៉ានី ក៏ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ដែលបានយកចិត្តទុកដាក់ចំពោះព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចមហាក្សត្រី មុនិនាថ សីហនុ ផងដែរ។
នៅក្នុងកិច្ចប្រជុំជំនួបមិត្តភាពរវាងយុវជនចិន-កម្ពុជា ដើម្បីអបអរសាទរខួបលើកទី៦០ឆ្នាំនៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ តំណាងយុវជនបន្តវេននៃកម្ពុជា និងយុវជនចិនក៏បានឡើងធ្វើបទបង្ហាញ ដើម្បីចែករំលែកបទពិសោធន៍ និងសមិទ្ធផលការងារជាក់ស្តែង ដើម្បីបញ្ជាក់ពីសារៈប្រយោជន៍នៃការត្រូវបន្តពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពី ដើម្បីពង្រីកប្រយោជន៍ខាងសេដ្ឋកិច្ច វប្បធម៌ និងការអភិវឌ្ឍន៍លើច្រើនវិស័យទៀត។
សូមជម្រាបថា ក្នុងរយៈពេល៥ឆ្នាំមកនេះ គណៈប្រតិភូ ស.ស.យ.ក. បានចូលរួមកម្មវិធីជាច្រើនក្នុងការផ្លាស់ប្តូរវប្បធម៌យុវជនអាស៊ាន វគ្គបណ្តុះបណ្តាល អ្នកដឹកនាំវ័យក្មេងអាស៊ាន និងវគ្គបណ្តុះបណ្តាលផ្សេងៗទៀតផងដែរ។ ដោយឡែកសហព័ន្ធយុវជនទូទាំងប្រទេសចិនក៏តែងតែឆ្លើយតបជាវិជ្ជមាន និងតែងតែយកចិត្តទុកដាក់ក្នុងការចូលរួមក្នុងកម្មវិធីផ្សេងៗដែលរៀបចំឡើងដោយ ស.ស.យ.ក. រួមមាន៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កិច្ចប្រជុំក្រុមប្រឹក្សាយុវជនអាស៊ី ក៏ដូចជាកម្មវិធី មហោស្រពអប់រំនិងវប្បធម៌អន្តរជាតិឆ្នាំ២០១៨ និងទស្សនកិច្ចផ្លូវការលើកទីមួយ របស់លោកប្រធានសហព័ន្ធយុវជន ទូទាំងប្រទេសចិនមកកាន់កម្ពុជាផងដែរ៕