(ភ្នំពេញ)៖ ក្រោយសវនការបានបញ្ចប់នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ លោក អ៉ឹម វណ្ណ: ចៅក្រមជំនុំជម្រះនៃសាលដំបូងរាជធានីភ្នំពេញ បានសម្រេចលើកយកសំណុំរឿងនេះ ទៅប្រកាសសាលក្រម នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។
ជនត្រូវចោទ៦នាក់ ដែលជាមេៗសហជីពរួមមាន លោក អាត់ ធន់, លោកស្រី ម៉ម ញឹម, លោក ប៉ាវ ស៊ីណា, លោក ជា មុនី, លោក រ៉ុង ឈុន និងលោកស្រី យ៉ាង សោភ័ណ្ឌ ត្រូវតុលាការកោះហៅឱ្យចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែធ្នូ ដើម្បីសវនការជំនុំជម្រុះលើសំណុំរឿង ពាក់ព័ន្ធនឹងការប្រព្រឹត្តហិង្សាដោយចេតនាមានសន្ថានទម្ងន់ទោស កាលពីឆ្នាំ២០១៣-២០១៤។ ប៉ុន្តែទោះជាយ៉ាងនេះក្តី សវនាវការនេះ មិនមានវត្តមានជនត្រូវចោទទាំង៦នាក់នោះទេ។
នៅក្នុងសាលសវនាការ គេសង្កេតឃើញវត្តមាន ក្រុមមេធាវីរបស់ជនត្រូវចោទចំនួន០៥នាក់ ហើយដើមបណ្តឹង និងជាជនរងគ្រោះមួយចំនួន។ ប៉ុន្តែអវត្តមានដើមបណ្តឹងភាគច្រើន និងក៏អវត្តមានមេធាវីរបស់ ដើមបណ្តឹងផងដែរ។ លោក ទឹម វុទ្ធី នាយរងប៉ុស្តិនគរបាលរដ្ឋបាលវាលវង់ ខណ្ឌ៧មករា ដែលជាជនរងគ្រោះ(ខូចភ្នែក) ក្នុងករណីហិង្សាខាងលើនេះ ក៏បានបង្ហាញវត្តមានក្នុងសវនាការនេះដែរ។ ជនរងគ្រោះរូបនេះ ទាមទារសំណងជំងឺចិត្ត៤០លានរសៀល។
ចៅក្រមជំនុំជម្រះ នៃអង្គសវនាការ លោក អ៉ឹម វណ្ណ: បានប្រកាសដំណើរការជំនុំជម្រះ ដោយសំអាងហេតុនិងយល់ស្របពីតណាងអយ្យការ លោក លី សុផាណា ព្រមទាំងក្រុមមេធាវីជនត្រូវចោទទាំង៦នាក់ ដោយមូលដូចគ្នាថា «ដីការកោះបានធ្វើឡើងត្រឹមត្រូវតាមកំណត់ច្បាប់ ហើយជនត្រូវចោទ ប្ញមេធាវីបានទទួលគ្រប់ៗគ្នា និងជនត្រូវចោទទាំងអស់នោះ ក៏ធ្កាប់មានកំណត់ហេតុ សួរយកចម្លើយគ្រប់គ្នា រួចរាល់ហើយដែរ នៅដំណាក់ចំណាត់ការនីតិវិធី កន្លងមក ដូចច្នេះ អង្គសវនាការ ប្រព្រិត្តទៅបាន»។
ប៉ុន្តែ លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា បានធ្លាប់បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ពេលនេះ សហជីពមួយចំនួននៅក្នុងចំណោមសហជីពទាំង០៦រូបខាងលើ មានវត្តមាននៅកម្ពុជានៅឡើយទេ។ ទោះជាយ៉ាងណា លោកបានអំពាវនាវឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ទៅលើសហជីពពួកលោក នឹងបើកឱ្យធ្វើសកម្មភាពស្របតាមច្បាប់ឡើងវិញ។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យក្រសួងពាក់ព័ន្ធ បញ្ចប់រឿងក្ដីក្ដាំជាមួយសហជីពទាំងអស់នៅតុលាការ ត្រឹមឆ្នាំ២០១៨ ក្នុងនោះសម្ដេចក៏បានជំរុញដល់មេសហជីពទាំងអស់ ដែលកំពុងមានក្តីក្តាំនៅតុលាការ ត្រូវបញ្ជូនសំណើដោះស្រាយបញ្ហាទៅកាន់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ៕