(ព្រះសីហនុ)៖ មន្ត្រីកាំកុងត្រូលសាខាខេត្ដព្រះសីហនុ នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ដែលដាក់ប្រចាំការនៅក្នុងផ្សារលើ ក្រុងព្រះសីហនុ បានធ្វើតេស្ដ៍រកឃើញសារធាតុគីមី (បូរ៉ាក់) ដែលគេដាក់នៅក្នុងត្រីបបែលងៀត ចំនួន ១៨,៥០គីឡូក្រាម។
លោក ជា ប៉ិច ប្រធានក្រុមការងារ នៃសាខាកាំកុងត្រូលខេត្ដព្រះសីហនុ បានឲ្យដឹងថា ជារៀងរាល់សប្តាហ៍ កាំកុងត្រូលសាខាខេត្តព្រះសីហនុ តែងតែបាននិងបន្ដសហការ ជាមួយស្ថាប័នពាក់ព័ន្ធ ធ្វើសកម្មភាពចុះផ្សព្វផ្សាយ ត្រួតពិនិត្យទំនិញ ធ្វើតេស្ដ៍បឋមរកសារធាតុគីមី ទៅលើទំនិញគ្រឿងហូបចុក ដូចភ្លៀងរលឹម ដើម្បីធានាសុវត្ថិភាពចំណីអាហារ ដើម្បីរក្សាសុខមាលភាព ជូនប្រជាពលរដ្ឋ ភ្ញៀវទេចរជាតិ-អន្ដរជាតិ។
នៅរសៀលថ្ងៃទី០៦ ខែធ្នូនេះ មន្ត្រីកាំកុងត្រូល ដែលដាក់ប្រចាំការនៅក្នុងផ្សារលើ បានធ្វើតេស្ដិ៍បឋម រកឃើញត្រីបបែលងៀត មានផ្ទុកសារធាតុគីមី ហើយបានធ្វើការដកហូត យកទៅទុកដុតកំទេចចោល នៅទីស្នាក់ការកាំកុងត្រូលសាខា ខេត្ដព្រះសីហនុ។
លោកបន្ដថា មន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តព្រះសីហនុ នៅតែបន្ដអំពាវនាវឲ្យមានការចូលរួម ពីក្រុមអាជីវករលក់ដូរ ប្រជាពលរដ្ឋអ្នកប្រើប្រាស់ និងសាធារៈណជនទាំងអស់ រួមគ្នាក្នុងការទប់ស្កាត់ និងបញ្ឈប់ការប្រើប្រាស់សារធាតុគីមី នៅក្នុងគ្រឿងហូបចុក លក់ដូរនូវទំនិញហួសអាយុកាលប្រើប្រាស់ ក្លែងបន្លំ ឬទំនិញខូចគុណភាព ដែលជាអំពើខុសច្បាប់ ប្រឈមនឹងអាចមានទោសទណ្ឌក្នុងករណីធ្ងន់ធ្ងរផងដែរ៕