(ពោធិ៍សាត់)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨នេះ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យទំនិញ ដែលដាក់តាំងលក់ នៅផ្សារបំណក់ ស្ថិតនៅភូមិកាប៉ាស់ ឃុំឈើតំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្នុងការត្រួតពិនិត្យ មន្រ្តីជំនាញបានធ្វើវិភាគបឋមរកសារធាតុគីមីហាមឃាត់ទៅលើមឹក, បង្គារ, ប្រហិតសាច់គោ, ប្រហិតត្រី, គល់ស្លឹកគ្រៃហាន់, ស្ពៃជ្រក់ ដែលលទ្ធផល មន្ត្រីជំនាញរកពុំឃើញវត្តមានសារធាតុគីមីហាមឃាត់ទេ។ ប៉ុន្តែក្រុមការងារបានរកឃើញ ទំនិញខូចគុណភាព ហួសថ្ងៃកំណត់ប្រើប្រាស់ដោយបានធ្វើ កំណត់ហេតុ ដកហូតទំនិញ ចំនួន៥មុខ សរុប១១៥គីឡូក្រាម ដុតកំទេចចោលភ្លាមៗ។
ក្នុងឱកាសនោះក្រុមការងារ ក៏បានផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករ ឲ្យដឹងអំពីសុវត្ថិភាពម្ហូបអាហារ ដោយបានចែក និងបិទផ្ទាំងរូបភាពផ្សព្វផ្សាយ «Poster» ផងដែរ។
លោក តូច ចៅកុយ ក៏បានណែនាំអាជីវករ ឲ្យយល់ដឹងពីអនាម័យ ការរៀបចំទំនិញលក់ដូរឲ្យមានសណ្តាប់ធ្នាប់ ទៅតាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា ចៀសវៀងការដាក់តាំងលក់ទំនិញ ហួសកាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រេះស៊ី និងទំនិញដែលមានសារធាតុគីមីហាមឃាត់៕