(ចិន)៖ ស្របពេលដែលវិស័យផលិតកម្មរបស់ប្រទេសចិន កំពុងស្វែងរកវិធីថ្មីៗ ដើម្បីបង្កើនប្រសិទ្ធភាព នៃការផលិត និងកាត់បន្ថយការបំពុលបរិស្ថាន បណ្ដុំរោងចក្រឧស្សាហកម្មចាស់ៗ ដែលធ្លាប់តែមានទីតាំងផ្សេងៗពីគ្នា ក៏កំពុងផ្លាស់មកបើកទីតាំងនៅកន្លែងតែមួយវិញ ដែលមានលក្ខណៈទំនើបជាងមុន។
ខ័ណ្ឌ ស៊ុនត័រ (Shunde) នៅក្រុង ហ្វ៉ូសាន (Foshan) ដែលគេនិយមហៅថា «ក្រុងផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះប្រចាំប្រទេសចិន» បានទទួលផលប្រយោជន៍ពីការធ្វើកំណែទម្រង់របស់ប្រទេសចិន ក្នុងរយៈពេល៤០ឆ្នាំកន្លងទៅនេះ។
តែបញ្ហាខ្វះការរៀបចំផែនការជារួម បានរារាំងក្រុមហ៊ុនមួយចំនួន មិនអោយរីកចម្រើនទៅមុខបាន។ នាឆ្នាំនេះ អាជ្ញាធរខ័ណ្ឌ ស៊ុនត័រ បានកំណត់ការងារមួយជាអាទិភាពដែលត្រូវធ្វើ។ នោះគឺ ការដាក់បញ្ចូលគ្នានូវតំបន់ឧស្សាហកម្មចំនួន៣២៤កន្លែង។
ក្រុមហ៊ុនដែលប្រើវិធីចាស់ៗ មិនអាចប្រកួតឈ្នះក្រុមហ៊ុនថ្មីៗនោះទេ។ ប៉ុន្តែការផ្លាស់ប្តូរនាពេលថ្មីៗនេះ បានផ្ដល់ជំនួយយ៉ាងច្រើនដល់ក្រុមហ៊ុនទាំងនេះ អោយបន្តដំណើរការទៅមុខបាន។
លោក វ៉ាង មីន អ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុន Foshan Shunde Xin Yong Electroplating Co., Ltd. «កាលពីមុន យើងត្រូវបញ្ជូនគ្រឿងបង្គុំនីមួយៗដោយដៃ ហើយយើងត្រូវការមនុស្សប្រហែល៨០នាក់សម្រាប់ធ្វើកិច្ចការនេះ។ តែឥឡូវ ក្រោយពីបានងាកមកប្រើម៉ាស៊ីនស្វ័យប្រវត្តិវិញទៅ ខ្សែចង្វាក់ផលិតទាំងមូល ត្រូវការបុគ្គលិកត្រឹមតែ៨នាក់ប៉ុណ្ណោះ»។
អាជ្ញាធរខ័ណ្ឌ ស៊ុនត័រ បានចរចារជាមួយម្ចាស់ដី និងអគាររបស់តំបន់ឧស្សាហកម្មចាស់ៗ ហើយក៏បានបង្កើតស្ដង់ដាររួមមួយ សម្រាប់ផ្ដល់សំណងលើកទឹកចិត្ត ព្រមទាំងបានរើកន្លែងផលិតទាំងឡាយដែលមានគុណភាពទាប ហើយក៏បានបង្កើតឧទ្យានឧស្សាហកម្មជាង៣០កន្លែងដែលទំនើបផងដែរ ដោយសាងសង់ឡើងដោយមានការរៀបចំផែនការបែបវិទ្យាសាស្ត្រតែម្ដង។
លោក វូ សៀនឈាំង នាយក ការិយាល័យផ្សព្វផ្សាយសេដ្ឋកិច្ច វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ខ័ណ្ឌស៊ុនត័រ និយាយថា «យើងបានរៀបចំផែនការបង្កើតឧទ្យានឧស្សាហកម្មទំនើបចំនួនជាង៣០កន្លែង ដើម្បីបំពេញអោយគ្រប់តាមតម្រូវការរបស់ក្រុមហ៊ុននានា ដែលត្រូវការទីធ្លាដើម្បីពង្រីកអគារនិងរោងចក្ររបស់ពួកគេ និងដើម្បីជួយកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុនទាំងនោះ ទៅលើការជួលដីផងដែរ»។
ក្រុមហ៊ុនស្រោបគ្រឿងដែករបស់លោក វ៉ាង ក៏បានផ្លាស់ទីតាំងចេញពីរោងចក្រ ដែលមានគុណភាពទាប មកនៅក្នុងអគារខ្ពស់ដូចសព្វថ្ងៃវិញ។
លោក វ៉ាង មីន អ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុន Foshan Shunde Xin Yong Electroplating Co., Ltd. និយាយថា «កាលពីជំនាន់ដែលក្រុមហ៊ុនទាំង២៦មានទីតាំងផ្សេងៗពីគ្នានៅឯឧទ្យានឧស្សាហកម្មចាស់ ក្រុមហ៊ុនរបស់ពួកយើង បានប្រើដីដល់ទៅប្រហែល៣សែនម៉ែតការ៉េឯណោះ។ តែក្រោយពីផ្លាស់ប្តូររួចមក ក្រុមហ៊ុនទាំងអស់នេះ ក៏បានប្តូរទីតាំងមកនៅឧទ្យានឧស្សាហកម្មថ្មីដែលមានបរិយាកាសល្អវិញ ហើយយើងប្រើដីត្រឹមតែ៤ម៉ឺន៤ពាន់ម៉ែតការ៉េប៉ុណ្ណោះ»៕ (សារព័ត៌មាន CCTV របស់ចិន)