(ចិន)៖ រហូតមកដល់បច្ចុប្បន្ន ប្រាក់វិនិយោគពីប្រទេសចិន ទៅក្នុងកំពង់ផែ ខូឡូន របស់ប្រទេសប៉ាណាម៉ា មានចំនួនដល់ទៅ១ពាន់លានដុល្លារអាមេរិកហើយ។
ប្រទេសប៉ាណាម៉ា មានឈ្មោះល្បីត្រង់ច្រកផ្លូវទឹកសម្រាប់កាប៉ាល់ និងតំបន់ពាណិជ្ជកម្មសេរី ខូឡូន ដែលមានទីតាំងស្ថិតនៅឯមាត់ទន្លេនៃច្រកផ្លូវទឹកនេះ។ ច្រកផ្លូវទឹកប៉ាណាម៉ា មានព្រំប្រទល់ជាប់នឹងមហាសមុទ្រអាត្លង់ទិក។ ហើយតំបន់ពាណិជ្ជកម្មសេរី ខូឡូន គឺជាតំបន់ពាណិជ្ជកម្មសេរីដ៏ធំបំផុតនៅលោកខាងលិច។
កំពង់ផែកុងធេន័រថ្មីនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាកំពង់ផែតែមួយគត់ ដែលមានសមត្ថភាពទទួលកាប៉ាល់ដឹកកុងធេន័រខ្នាតយក្ស។
លោក វ៉ាង សៀងហ្វឹង អ្នកដឹកនាំ គម្រោងកំពង់ផែកុងធេន័រ ប៉ាណាម៉ាខូឡូន និយាយថា ១នេះគឺជាគម្រោងមួយដែលមានការវិនិយោគធំគួរសមដែរនៅក្នុងប្រទេសប៉ាណាម៉ា។ ទាំងរដ្ឋាភិបាលប៉ាណាម៉ា និង ក្រុមហ៊ុនរបស់យើងនៅឯប្រទេសចិន ផ្ដល់តម្លៃខ្ពស់ណាស់ចំពោះគម្រោងនេះ ហើយយើងបានប្រើប្រាស់ថវិកានិងធនធានមនុស្សរបស់យើង អោយអស់ពីប្រសិទ្ធភាពរបស់វាតែម្ដង។ សព្វថ្ងៃ គ្រប់ផ្នែកទាំងអស់នៃគម្រោង កំពុងដំណើរការទៅមុខរលូនល្អណាស់»។
ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក បានបន្ថយល្បឿនកំណើនអាជីវកម្មរបស់តំបន់ពាណិជ្ជកម្មសេរីនេះ។ តែថ្នាក់ដឹកនាំតំបន់នេះ មានទំនុកចិត្តខ្ពស់ចំពោះតួនាទីរបស់ខ្លួន ក្នុងការធ្វើអោយប្រទេសប៉ាណាម៉ា ក្លាយជាអ្នកនាំមុខគេលើវិស័យនេះ នៅលើពិភពលោកទាំងមូលតែម្ដង។
លោក ចាង លាំង អ្នកគ្រប់គ្រងទូទៅ គម្រោងកំពង់ផែកុងធេន័រ ប៉ាណាម៉ា ខូឡូន និយាយថា «ការសាងសង់កំពង់ផែកុងធេន័រប៉ាណាម៉ា នឹងជួយគាំទ្រដល់ផែនការរយៈពេលវែងរបស់រដ្ឋាភិបាលប៉ាណាម៉ា ដែលចង់បង្កើតមជ្ឈមណ្ឌលដឹកជញ្ជូនសកលមួយ។ វាក៏នឹងលើកស្ទួយខ្លាំងណាស់ដែរ ដល់ការពង្រឹងចំណងទ្វេភាគីរវាងប្រទេសប៉ាណាម៉ានិងប្រទេសចិន លើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម»។
សព្វថ្ងៃ ប្រទេសចិន គឺជាអ្នកផ្គត់ផ្គង់ធំបំផុតរបស់តំបន់ពាណិជ្ជកម្មសេរីខូឡូន និងជាអតិថិជនធំបំផុតលំដាប់ទី២ របស់ច្រកផ្លូវកប៉ាល់ប៉ាណាម៉ា។ កត្តានេះ ផ្ដល់ប្រយោជន៍ដល់ប្រទេសប៉ាណាម៉ា ដោយសារប៉ាណាម៉ាសង្ឃឹមចង់ប្រើភូមិសាស្ត្រដ៏អំណោយផលរបស់ខ្លួន មកធ្វើជាមជ្ឈមណ្ឌលដឹកជញ្ជូនសម្រាប់តំបន់អាមេរិកឡាទីន ដើម្បីបង្កើនសហប្រតិបត្តិការជាមួយប្រទេសចិន និង ទ្វីបអាស៊ីទាំងមូលតែម្ដង ស្របពេលដែលគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ចិន កំពុងបន្ដស្វែងរកឱកាសថ្មីសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ និងបណ្ដាញពាណិជ្ជកម្មទូទាំងពិភពលោក៕ (សារព័ត៌មាន CCTV របស់ចិន)