(ភ្នំពេញ)៖ ក្រុមហ៊ុនរ៉េនទ្រី the Canopy and the Crown នឹងក្លាយជាទីតាំង សម្រាប់ដាក់តាំងផលិតផលសិប្បកម្ម និងសកម្មភាពផ្សេងៗ ព្រមទាំងជាកន្លែងដាក់លក់កាដូផងដែរ ដែលដំណើរការដោយក្រុមសហគ្រិន ដែលមានការច្នៃប្រឌិត នៅក្នុងតំបន់ជាច្រើនរូប រយៈពេល២ថ្ងៃ នាល្ងាចថ្ងៃសុក្រ ទី៧ ខែធ្នូ ឆ្នាំ២០១៨ និងពេញមួយថ្ងៃសៅរ៍ ទី៨ ខែធ្នូ ឆ្នាំ២០១៨។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងបង្ហាញអំពីផលិតផលសិប្បកម្មរបស់ខ្មែរ និងផលិតផលផ្សេងទៀតជាច្រើនមុខ មកពីប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងថៃ -ល-។ ព្រឹត្តិការណ៍នេះ នឹងត្រូវបានរៀបចំឡើងដោយមានការ សហការជាមួយក្រុមហ៊ុន Invade ដែលជាក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ល្បីមួយ របស់ប្រទេសសិង្ហបុរី និង CULT ដែលជាក្រុមហ៊ុនរៀបចំ ព្រឹត្តិការណ៍លេចធ្លោមួយទៀត ក្នុងប្រទេសកម្ពុជា។
លោក Haoming Lee ប្រធានផ្នែករៀបចំ យុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Invade បានថ្លែងថា «ការសហការជាមួយក្រុមហ៊ុនរ៉េនទ្រី ផ្តល់ឱកាសឲ្យយើង អាចបញ្ជ្រាបខ្លួនទៅក្នុងទីផ្សារថ្មីស្រឡាងមួយ និងផ្តល់ឱកាស ដល់សហគ្រិនក្នុងតំបន់ បានចែករំលែកនូវបទពិសោធន៍ល្អៗ និងរៀនពីគ្នាទៅវិញទៅមក»។
ស្ថាបនិកក្រុមហ៊ុន Katia Chantal បានថ្លែងអំពីបេសកកម្មនេះថា «តាមរយៈការដុះលូតលាស់ របស់សហគមន៍ CULT យើងចង់ឲ្យអតិថិជនរបស់យើង ប្រើប្រាស់សេវាកម្ម ឬផលិតផល ដែលជួយដល់បរិស្ថាន និងគាំទ្រដល់សហគ្រិនឆ្នើមថ្មីៗ ក្នុងប្រទេសកម្ពុជា និងតំបន់»។
លោកបន្ដថា «យើងមានសេចក្តីសោមនស្សរីករាយ ដែលផលិតផលដែលមានភាពច្នៃប្រឌិតថ្មីៗ របស់កម្ពុជា នឹងត្រូវដាក់តាំងបង្ហាញ ជាមួយផលិតផលម៉ាកល្បីៗ របស់ប្រទេសអាស៊ីអាគ្នេយ៍ នៅក្រុមហ៊ុនរ៉េនទ្រី។
នៅសប្តាហ៍នេះ នឹងមានការសម្តែងតន្រ្តី និងមាន DJ Optimus Funk មកពីទីក្រុងឡុងដ៍ ជម្រើសអាហារ និងភេសជ្ជៈ និងការតុបតែងភ្លើងពិសេសរបស់រ៉េនទ្រី»។
កញ្ញា Zoë Ng ដែលជាស្ថាបនិករ៉េនទ្រី បាននិយាយថាដើម្បីពង្រីកសហគមន៍ដ៏ធំមួយ អ្វីដែលសំខាន់គឺការងារ និងការកម្សាន្ត ត្រួវដើរជាមួយគ្នា។ ដូចនេះ ការប្រារព្ធបុណ្យណូអែលនេះឡើង ជាឱកាសដ៏ល្អសម្រាប់ ធ្វើឲ្យដៃគូរ មិត្តភក្ត័ និងគ្រួសាររបស់រ៉េនទ្រីទាំងអស់ មានទំនាក់ទំនងគ្នា កាន់តែខ្លាំងឡើងនឺងមានផលិតផលក្នុងស្រុក និងក្រៅស្រុកជាច្រើន ដូចជាសំលៀកបំពាក់ គ្រឿងលង្ការ និងសម្ភារប្រើប្រាស់ផ្សេងៗ។
ស្ថាបនិករ៉េនទ្រី Zoë Ng បន្តទៀតថា រ៉េនទ្រីជាកន្លែងដែលជួបជុំអ្នករាល់គ្នា ដោយមិនព្រាងទុក ហើយមិនត្រឹមតែជា កន្លែងធ្វើការតែប៉ុណ្ណោះទេ ថែមទាំងមានការបំផុសគំនិត ជាច្រើនទៀត៕