(ភ្នំពេញ)៖ លោកស្រី ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើឲ្យមាតាបិតា អាណាព្យាបាលសិស្ស ក៏ដូចជាលោកគ្រូ-អ្នកគ្រូតាមបណ្ដាសាលានានា នាំកូនសិស្សមកចូលរួមពិព័រណ៍សៀវភៅលើកទី៧ឆ្នាំ២០១៨នេះ កុំអាក់ខានឡើយ ព្រោះពិព័រណ៍នេះ មានរយៈពេលត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ និងផ្ដល់សារៈប្រយោជន៍ច្រើនដល់ពួកគេ។
ការលើកឡើងបែបនេះ របស់លោកស្រីរដ្ឋមន្រ្ដីក្រសួងវប្បធម៌នេះ ធ្វើឡើងនាឱកាសដែលលោកស្រីចូលរួមបើកសម្ពោធ ការតាំងពិព័រណ៍សៀវភៅលើកទី៧ ប្រចាំឆ្នាំ២០១៨ ដែលរៀបចំឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨។
លោកស្រី ភឿង សកុណា លើកឡើងថា សម្រាប់ថ្ងៃនេះឃើញថា មានការចូលរួមពីសិស្សជាច្រើនមិនថា សិស្សមកពីសាលាបឋមសិក្សា, អនុវិទ្យាល័យ, វិទ្យាល័យ និងសាកលវិទ្យាល័យ ហើយយើងមានការសប្បាយចិត្តជាខ្លាំង ដោយឃើញកុមារកម្ពុជាច្រើនចូលរួម នេះជាការសបញ្ជាក់ថា ពួកគេបានយកចិត្តទុកដាក់មកលើសៀវភៅ។
លោកស្រីបន្ដថា «ខ្ញុំសូមអំពាវនាវឲ្យឪពុកម្ដាយ និងសាលាបង្រៀនានានាំកូនចៅ នាំសិស្សមកអានសៀវភៅឲ្យបានគ្រប់គ្នា ការតាំងពិព័រណ៍នេះមានសៀវភៅក្មេងៗជាច្រើន ហើយលើសពីនេះបណ្ណាល័យជាតិ ក៏មានរៀបចំកន្លែងសម្រាប់ក្មេងៗ អាចអង្គុយលេង, មើលសៀវភៅ, គូររូប, ផាត់ពណ៌រូបភាពទាំងនេះ ជាការជួយដល់ខួរក្បាលរបស់ក្មេងៗ»។
លោកស្រីបន្ដថា ឆ្នាំនេះពិព័រណ៍សៀវភៅបានរៀបចំឡើងជាលើកទី៧ ហើយជារៀងរាល់ឆ្នាំមានអ្នកចូលរួមច្រើនឡើងៗ។ ជាក់ស្ដែងកាលពីឆ្នាំ២០១៧កន្លងទៅ មានអ្នកចូលរួមប្រមាណ៥ម៉ឺន ដោយឡែកសម្រាប់ឆ្នាំនេះ រំពឹងមានអ្នកចូលរួម៧ម៉ឺននាក់ និងអាចលើសពីនេះទៀត។
លោកស្រីបន្ថែមថា «គោលបំណងក្នុងការរៀបចំពិព័រណ៍នេះ ធ្វើយ៉ាងណា ដើម្បីឲ្យកា្លយជាប្រភពមួយនៃចំណេះដឹង របស់យុជនជនាន់ក្រោយដោយហេតុថា ការអានសៀវភៅមិនត្រឹមតែផ្ដល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្ដែជួយបន្ថយនៅភាពតានតឹង ហើយសៀវភៅខ្លះធ្វើឲ្យយើងសប្បាយចិត្តផងដែរ»។
កញ្ញា ណង វិច្ឆិកា មកពីសាកលវិទ្យាល័យជាតិគ្រប់គ្រងបានឲ្យដឹងថា «សម្រាប់ការតាំងពិព័រណ៍សៀវភៅឆ្នាំនេះ រឹតតែជួយបន្ថែមនូវការអានសៀវភៅបន្ថែមទៀត ដែលធ្វើឲ្យអត្រានៃអ្នកអានសៀវភៅកើនឡើង។ សម្រាប់ខ្ញុំមានអារម្មណ៍រំភើបក្រៃលែង ដែលបានឃើញសៀវភៅយ៉ាងច្រើនត្រូវបានដាក់តាំងបង្ហាញ»។
កញ្ញាបន្ដថា លើសពីនេះពិព័រណ៍សៀវភៅបានផ្ដល់ប្រយោជន៍ ដល់សិស្សានុសិស្សជាច្រើនមានន័យថា កាលណាពួកគាត់បានទិញ និងអានសៀវភៅ ទោះបីមិនបានអានដល់ចប់ក៏ដោយ ប៉ុន្ដែពួកគាត់នូវតែទទួលបានចំណេះដឹងដែរគ្រាន់តែថា បានតិច និងច្រើន៕